The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំចេញ​ស្វាយ​ស្រស់​ទៅ​ចិន រំពឹង​កើនឡើង​ទ្វេដង​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ




ការនាំចេញ​ស្វាយ​ស្រស់​ទៅ​ចិន រំពឹង​កើនឡើង​ទ្វេដង​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ

Content image - Phnom Penh Post
ផ្លែស្វាយ​ត្រូវគេ​ច្រក​ក្នុង​ស្បោង ក្នុង​ចម្ការ​នៅ​ខេត្តកណ្តាល​។ ហេង ជីវ័ន

ការនាំចេញ​ស្វាយ​ស្រស់​ទៅ​ចិន រំពឹង​កើនឡើង​ទ្វេដង​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ទីផ្សារ​ចិន​ក្នុង​បរិមាណ​ជាង ២០០ ​តោន គិត​ចាប់តាំងពី​ការនាំចេញ​ត្រង់​ទៅ​ចិន​ផ្លូវការ​កាលពី​ខែឧសភា កន្លងទៅ ហើយ​រំពឹងថា ការនាំចេញ​នេះ​នឹង​កើនឡើង​ទ្វេដង​នា​រដូវ​ប្រមូលផល​ឆ្នាំនេះ​ដែល​នឹង​មកដល់​នៅ​ខែក្រោយ​។

ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក កែ មុន្ធីវុធ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ត្រង់​ទៅ​ទីផ្សារ​ប្រទេស​ចិន ដែលជា​ផ្សារ​ធំ​នៅ​តំបន់​អាស៊ី ជា​លើកដំបូង​កាលពី​ថ្ងៃទី​ ៧ ខែ​ ឧសភា ឆ្នាំ​ ២០២១ ដែលជា​ចុងរដូវ​ប្រមូលផល​ទៅហើយ​។ ការនាំចេញ​នៅពេលនោះ​មាន ២១១,៧៩ ​តោន​។ លោក​បាន​បន្តថា រដូវ​ប្រមូលផល​ស្វាយ​កែវរមៀត​ខុសរដូវ​បាន​ចូល​មកដល់​ជា​បណ្តើរៗ​ហើយ ខណៈ​រដូវ​ប្រមូលផល​ពេញលេញ គឺ​នៅក្នុង​ខែតុលា និង​វិច្ឆិកា​។

លោក​និយាយថា​៖ «​នៅក្នុង​ខែ​តុលា និង​វិច្ឆិកា ខាងមុខ​នេះ ស្វាយកែវ​រមៀត​ខុសរដូវ​នឹងត្រូវ​ប្រមូលផល ហេតុនេះ​ខ្ញុំ​គិតថា យើង​នឹងមាន​កំណើន​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ត្រង់​ទៅ​ចិន ព្រោះ​យើង​បាន​ត្រៀមខ្លួន​រួចហើយ​។ ទោះយ៉ាងណា​យើង​មិនអាច​វាយតម្លៃថា​បាន​ចំនួន​ប៉ុន្មាន​តោន​នៅឡើយ​ទេ គឺ​រង់​ចាំមើល​ទាំងអស់​គ្នា​»​។

កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​ពេញលេញ​តាម​កិច្ចព្រមព្រៀង​នៃ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥០ ​ម៉ឺន​តោន​ក្នុង​​ ១ ​ឆ្នាំទៅ​ប្រទេស​ចិន ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​កាលពី ខែមិថុនា ឆ្នាំ​ ២០២០​។

លោក​ឱ្យដឹង​ទៀតថា​៖ «​យើង​នឹងធ្វើ​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ចិន​ពេញបន្ទុក​នា​រដូវ​ប្រមូលផល​ខាងមុខ​។ យើង​នឹង​ឃើញ​កំណើន​ខ្ពស់​នាពេលនោះ ព្រោះ​យើង​បាន​អនុវត្ត​ពិធីសារ​នៃ​ការនាំចេញ​ស្វាយ​ស្រស់​ពេញលេញ​ហើយ ស្របពេល​យើង​ក៏បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ភូតគាម​អនាម័យ និង​ការវេចខ្ចប់​បាន​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​របស់​ចិន​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែល​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​ផ្លែស្វាយ ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា កម្ពុជា​នឹង​នាំចេញ​ផ្លែស្វាយ​ស្រស់​ត្រង់​ទៅ​ចិន​កើនឡើង​យ៉ាងច្រើន​នា​រដូវ​ប្រមូលផល​ខាងមុខនេះ​។

លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ចាប់ពី​ឆ្នាំនេះ​ទៅ​ការនាំចេញ​ស្វាយ​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន​នឹងមាន​កំណើន​ទ្វេដង​។ ​ប៉ុន្តែ​អ្វីៗ​ក៏​អាស្រ័យ​ទៅលើ​ការចរចា​តម្លៃ​ដែរ​។ បើ​តម្លៃ​មាន​ការព្រមព្រៀង ខ្ញុំ​ជឿថា កម្ពុជា​នឹង​នាំចេញ​ស្វាយ​មាន​ការកើនឡើង​ខ្ពស់​នា​ឆ្នាំនេះ​»​។

គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២១ រដ្ឋបាល​គយ​ចិន បានអនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​ចម្ការ​ស្វាយ​ចំនួន ៣៧ និង​រោងចក្រ​វេចខ្ចប់​ចំនួន ៥ ដែល​អាច​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន​។

ទិន្នន័យ​ក្រសួង​កសិកម្ម​ឱ្យដឹងថា កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់ ១៦៣ ៨២៨,៥៥ ​តោន​ក្នុង​រយៈពេល​ ៨ ​ខែ ឆ្នាំ​ ២០២១ កើនឡើង ២៥១,០៣ ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០២០៕ LA

អត្ថបទគួរចាប់អារម្មណ៍