
ច្រកព្រំដែនស្ទឹងបត់-បាណងអៀន នឹងបើកជាបណ្តោះអាសន្នឆាប់ៗ។ រូបថត MPWT
ភ្នំពេញៈ កម្ពុជា-ថៃ បានឯកភាពគ្នានឹងបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (កម្ពុជា) និងបាណងអៀន (ថៃ) ជាបណ្តោះអាសន្ននាពេលឆាប់ៗនេះតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។
លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងកាលពីថ្ងៃពុធថា ប្រទេសថៃបានយល់ព្រមបើកច្រកឆ្លងកាត់ថ្មីនេះជាមួយនឹងប្រទេសកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម។ ច្រកឆ្លងកាត់គឺស្ថិតនៅត្រង់ស្ពានមិត្តភាព ស្ទឹងបត់-បាណងអៀននៅក្នុងខេត្តស្រះកែវនឹងបើកដំណើរការមុនពេលកំណត់ ខណៈប្រទេសមិនទាន់បានបញ្ចប់ការសាងសង់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្លួននៅឡើយ។ នេះបើតាមសារព័ត៌មាន The Nation Thailand ចេញផ្សាយកាលពីថ្ងៃទី ២៩ ខែកញ្ញា។
លោក Jurin ឱ្យដឹងថា៖ «ក្នុងអំឡុងពេលនេះ ការដឹកជញ្ជូនទំនិញតាមកុងតឺន័រនឹងអនុញ្ញាតឱ្យឆ្លងកាត់ច្រកត្រួតពិនិត្យ Ning Ian ប៉ុណ្ណោះ»។
លោក វ៉ា ស៊ឹមសុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣០ ខែកញ្ញាថា ការស្នើសុំភាគីថៃបើកច្រកព្រំដែនស្ទឹងបត់-បាណងអៀន គឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការសម្របសម្រួលពីអភិបាលខេត្តបន្ទាយមានជ័យ ជាមួយនឹងអភិបាលខេត្តស្រះកែវរបស់ថៃ។ ការយល់ព្រមបើកច្រកព្រំដែនជាបណ្តោះអាសន្នរបស់ភាគីថៃត្រូវបានធ្វើឡើងឆ្លើយនឹងសំណើរបស់កម្ពុជាដែលផ្ញើទៅភាគីថៃកាលពីអំឡុងខែមិថុនា កន្លងទៅ។
លោកប្រាប់ថា៖ «យើងបានបង្កើតការិយាល័យច្រកទ្វារអន្តោប្រវេសន៍ស្ទឹងបត់រួចហើយ។ ចំពោះផ្នែកគយយើងនឹងយកមន្ត្រីពីខាងព្រំដែនប៉ោយប៉ែតទៅ ព្រោះយើងមានម៉ាស៊ីនស្គេននៅទីលានស្ទឹងបត់ហើយ។ ខ្ញុំក៏មិនដឹងថាលទ្ធភាពបើកច្រកជាបណ្តោះអាសន្ននេះនៅពេលណាទេ ព្រោះក្នុងស្ថានភាពការរីករាលដាលកូវីដ ១៩ ហើយភាគីថៃកំពុងរៀបចំរដ្ឋបាលខេត្តស្រះកែវថ្មី ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់បើកបណ្តោះអាសន្ន»។
លោក ស៊ិន ចន្ទី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានស្វាគមន៍ចំពោះរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជាមានការឯកភាពគ្នាបើកច្រកព្រំដែននេះជាបណ្តោះអាសន្ននេះ។
លោកនិយាយថា៖ «ខ្ញុំគិតថាការបើ បើកច្រកត្រូវបានបើកនឹងសម្រួលដល់ការដឹកជញ្ជូនទំនិញនៅឯច្រកព្រំដែនប៉ោយប៉ែតដែលមានការកកស្ទះកន្លងមក។ យើងឃើញថា ច្រកប៉ោយប៉ែតទាំងអ្នកដំណើរ និងទំនិញឆ្លងកាត់តាមទៅផ្លូវតែមួយដែលនាំឱ្យកកស្ទះ។ ពេលច្រកស្ទឹងបត់ បាណងអៀនបើកជាបណ្តោះអាសន្ន យើងបង្កភាពប្រសើរឡើងនៃការដឹកជញ្ជូនទំនិញ ហើយសកម្មភាពដឹកជញ្ជូននឹងលឿនរហ័សជាងមុន»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ ២០២០ មានតម្លៃ ៧ ២៣៦ លានដុល្លារ ធ្លាក់ ២៣,១៧ ភាគរយធៀបឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះ គឺដោយសារផលរំខានពីកូវីដ ១៩។ នេះបើតាមក្រសួងពាណិជ្ជកម្មថៃ៕ LA