ខណៈ​ដែល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទំនៀមទម្លាប់​ខ្មែរ​ខិតជិត​ចូលមក​ដល់​ឆាប់ៗ​នេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជា​អ្នកផ្ដល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា បានរៀបចំ​កម្មវិធី​ពិសេស​មួយ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ដ៏សំខាន់​មួយ​នេះ គឺ​កម្មវិធី​ «​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​គ្រប់គ្នា​» នៅ​រាល់ពេល​ដែល​អតិថិជន​មិត្តហ្វូន​ធ្វើការ​ស្គេន QR Code ព្រមទាំង​ការបរិច្ចាគ​មូលនិធិ​ទៅឱ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

យោងតាម​ក្រុមហ៊ុន មិត្តហ្វូន ក្នុងអំឡុងពេល​កម្មវិធី​នេះ​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ៣០ ខែកញ្ញា ដល់​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២១ អតិថិជន​របស់​មិត្តហ្វូន និង​អ៊ី-ម៉ាន់នី​ទាំងអស់​នឹងត្រូវ​បាន​ផ្ដល់ជូន​នូវ​ការស្គេន QR Code មួយដង ដោយ​ឥតគិតថ្លៃ នៅក្នុង​កម្មវិធី CamID/eMoney (​ចំពោះ​អតិថិជន​របស់ អ៊ី-ម៉ាន់នី នឹង​ទទួល​បានការ​ស្គេន​ដោយ​ឥតគិតថ្លៃ​ចំនួន ១ ​ដង នៅក្នុង​កម្មវិធី eMoney និង ១ ​ដង នៅក្នុង CamID)​។

ចំពោះ​រាល់​ការបញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ​ចាប់ពី ៥ ០០០ ​រៀល (​ឬ ១,២៥ ​ដុល្លារ​) ឡើងទៅ​តាមរយៈ​កាតកោស​ ឬ​ជាការ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទដៃ​តាម​សេវា​ឌីជីថល ដូចជា e-Money, e-Wallet ឬ​គណនី​ធនាគារ អតិថិជន​នឹង​ទទួល​បាន​ការស្គេន QR Code ១ ​ដង​។ ហើយ​អតិថិជន​ថ្មី​ដែល​ទើបតែ​ចុះឈ្មោះ​ប្រើ​គណនី e-Money និង​បានធ្វើ​ប្រតិបត្តិការ​លើកដំបូង​ដោយមាន​ការគិតថ្លៃ​សេវា ក៏​ទទួល​បាន​ការស្គេន QR Code ១ ​ដង​ដោយ​ឥតគិតថ្លៃ​ផងដែរ​។

រង្វាន់​ពិសេស​រួមមាន ខ្សែក​មាស​ទម្ងន់​ ១ ​តម្លឹង​, ទូរស័ព្ទ iPhone 12 Pro, កុំព្យូទ័រ​យួរដៃ​, iPad និង​នាឡិកាដៃ Apple Watch​។ បន្ថែម​លើ​នេះ អតិថិជន​មិត្តហ្វូន​ក៏​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ផ្សេងៗ​ទៀតផង​ដែរ ដូចជា​លេខកូដ​កាត​សម្រាប់​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទដៃ និង​ទិន្នន័យ​សម្រាប់​ការប្រើប្រាស់​អ៊ីនធឺណិត​ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​រាប់ម៉ឺន​ដុល្លារ​។

អ្វីដែល​សំខាន់បំផុត​នោះ បើតាម​ក្រុមហ៊ុន​មិត្តហ្វូន​ឱ្យដឹងថា អតិថិជន​មិត្តហ្វូន​នឹង​អាច​ឈ្នះ​រង្វាន់​ទាំងនេះ ១០០% នៅ​រាល់​ពេលដែល​ធ្វើការ​ស្គេន QR Code​។

ទន្ទឹមនឹង​នេះដែរ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ពី​ការស្គេន QR Code ក៏​អាច​ចែករំលែក​រង្វាន់​ទាំងនោះ​នៅក្នុង​កម្មវិធី CamID/eMoney ទៅឱ្យ​មិត្តភក្ដិ ឬ​សមាជិកគ្រួសារ ដើម្បី​ជា​ការផ្ដល់​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ផងដែរ​។ ហើយ​លក្ខខណ្ឌ​ផ្សេងៗ​សម្រាប់​កម្មវិធី​ «​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​គ្រប់គ្នា​» នេះ​ត្រូវបាន​អនុវត្ត​។

អាជីវកម្ម​ផ្សារភ្ជាប់​ជាមួយ​ការទទួល​ខុសត្រូវ​សង្គម ក្រៅពី​កម្មវិធី​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​គ្រប់គ្នា ក្រុមហ៊ុន​មិត្តហ្វូន ក៏​នឹង​បរិច្ចាគ​មូលនិធិ​ដែល​ខ្លួន​ប្រមូលបាន​ពី​ប្រតិបត្តិការ​ស្គេន QR Code ក្នុងអំឡុងពេល​នៃ​កម្មវិធី​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​ក្នុង​ប្រតិបត្តិការ​ស្គេន QR Code ១ ​លើកៗ មិត្តហ្វូន​នឹង​បែងចែក​ទុក ៥ ​សេន សម្រាប់​ផ្ដល់ទៅឱ្យ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។

ក្រុមហ៊ុន មិត្តហ្វូន បាន​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​មកហើយ និង​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍ និង ICT ឈានមុខ​គេ​នៅ​កម្ពុជា ដែលមាន​សេវា​គ្របដណ្ដប់​នៅ​ទូទាំងប្រទេស​។

មិត្តហ្វូន ក៏បាន​ទទួល​ការកោតសរសើរ​ផងដែរ​ថា ជា​ក្រុមហ៊ុន​ដែលមាន​ការទទួល​ខុសត្រូវ​ផ្នែក​សង្គម​ខ្ពស់​។ ទន្ទឹមនឹង​ការប្រកប​អាជីវកម្ម​នៅទីនេះ ក្រុមហ៊ុន​ក៏​តែងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្ដល់​វិភាគទាន​ត្រឡប់​ទៅឱ្យ​សង្គម​វិញ​ផងដែរ​។ កន្លងមក មិត្តហ្វូន បាន​អនុវត្ត​សកម្មភាព​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​ជាច្រើន រួមមាន​ដូចជា កម្មវិធី​មនុស្សធម៌​ «​នេះ​មិនមែន​ជា​សុបិន​» កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តហ្វូន​ខាំបូឌានលីគ កម្មវិធី​អ៊ីនធឺណិត​សម្រាប់​សាលារៀន ការបរិច្ចាគ​មូលនិធិ​កាកបាទក្រហមកម្ពុជា និង​ការចូលរួម​មូលនិធិ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​ ១៩​។

ចំណែក​នៅពេលនេះ រួម​ជាមួយ​នឹង​កម្មវិធី​កាដូ​បុណ្យ​ភ្ជុំបិណ្ឌ​សម្រាប់​គ្រប់គ្នា ក្រុមហ៊ុន​មិត្តហ្វូន​ក៏​នឹងមាន​បរិច្ចាគ​ថវិកា​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ផងដែរ​៕