ភ្នំពេញៈ ក្រុមហ៊ុន​ធានារ៉ាប់រង​ FWD Group ដែលមាន​មូលដ្ឋាន​ស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហុងកុង​បាន​ប្រកាស​ពី​ការឈាន​ជើង​ចូល​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា ដែលជា​ទីផ្សារ​ទី​ ១០ របស់ខ្លួន​ក្នុង​ទ្វីបអាស៊ី ដោយ​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន គឺ​ «FWD Cambodia»​។

ក្រុមហ៊ុន​មួយ​នេះ​បានឱ្យដឹងថា ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នេះ​សបញ្ជាក់​ពី​ការរីកលូតលាស់​របស់​ក្រុមហ៊ុន FWD ​ទូទាំង​តំបន់ និង​បានបង្ហាញ​ពី​ការប្តេជ្ញា​ចិត្ត​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នាំមុខគេ​នៅ​អាស៊ី​តាមរយៈ​ការផ្ដល់ជូន​នូវ​បទពិសោធ​ថ្មី​លើ​សេវា​ធានារ៉ាប់រង ព្រមទាំង​គុណតម្លៃ​ជាច្រើន​បន្ថែមទៀត​ដល់​អតិថិជន​។

លោក Huynh ThanhPhong ​អគ្គនាយក​ក្រុមហ៊ុន FWD បានឱ្យដឹងថា កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត​ក្នុង​តំបន់​។

លោក​ Huynh ថ្លែងថា​៖ «​យើង​សម្លឹង​ឃើញ​ឱកាស​ជាច្រើន​ក្នុងការ​ការពារ និង​ការផ្តល់ជូន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​ទៅដល់​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ក្រុមការងារ​របស់​យើង​នៅទីនេះ​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​ការផ្ដល់នូវ​បទពិសោធ​ថ្មី​លើ​សេវា​ធានារ៉ាប់រង​ជូន​ប្រជាជន​កម្ពុជា​»​។

លោក ចាន់ រដ្ឋា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន FWD Cambodia បានឱ្យដឹងថា ក្រុមហ៊ុន​នឹង​នាំយក​បច្ចេកវិទ្យា និង​បទពិសោធ​ថ្មីៗ​កាន់តែ​ច្រើន​ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​ធានារ៉ាប់រង​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​និយតករ​ធានារ៉ាប់រង​កម្ពុជា សម្រាប់​ការស្វាគមន៍​ដ៏កក់ក្ដៅ និង​ការណែនាំ ក៏ដូចជា​ការផ្ដល់​នូវ​ទំនុកចិត្ត​ខ្ពស់​មកលើ​យើងខ្ញុំ​ជាពិសេស​សម្រាប់​ការបង្កើតឱ្យមាន​នូវ​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់​ដ៏ល្អ​ដែល​ខ្ញុំ​ជឿជាក់ថា​នឹង​អនុញ្ញាតឱ្យ FWD Cambodia ក៏ដូចជា​វិស័យ​ធានា​រ៉ាប់រង​ទាំងមូល​ទទួលបាន​ជោគជ័យ​»​។

លោក​បញ្ជាក់​៖ «​អនាគត​របស់​ FWD នៅក្នុង​ប្រទេស​កម្ពុជា​ នឹង​រឹតតែ​មាន​ភាពត្រចះត្រចង់ ហើយ​ខ្ញុំ​ជឿជាក់ថា​យើង​នឹង​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ជាមួយ​ក្រុមការងារ​របស់​យើង​។ យើង​នឹង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​បទពិសោធ​ថ្មី​មួយ​លើ​សេវា​ធានារ៉ាប់រង​ដែល​អាចជួយ​ឱ្យ​ពួកគាត់​រស់នៅ​ដោយ​ភាពរីករាយ​»​។

យោងតាម​សមាគម​ធានារ៉ាប់រង​កម្ពុជា​ (IAC) វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា​ទទួលបាន​ប្រាក់​បុព្វលាភ សរុប​ចំនួន​ ៨៥ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ១ ​ឆ្នាំនេះ​កើនឡើង​ ១៦,៣ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ក្នុងចំណោម​នោះ ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​ ៣៩,១ ​លាន​ដុល្លារ​កើនឡើង​ ១៩,៥ ​ភាគរយ និង ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន​ចំនួន​ ៤៤,៦ ​លាន​ដុល្លារ កើនឡើង​ ១៥,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន​ ៤៦ ​ភាគរយ​ និង​ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​អាយុជីវិត​មាន​ ៥៣ ​ភាគរយ​នៃ​ចំនួន​សរុប​។

ប្រាក់​បុព្វលាភ​ធានារ៉ាប់រង​ខ្នាតតូច​មាន​ ១,២ ​លាន​ដុល្លារ ធ្លាក់ចុះ​ ២៦,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន និង​មាន​ ១,៤ ​ភាគរយ​នៃ​ចំនួន​សរុប​។ នេះ​បើ​យោងតាម​ IAC​។

វិស័យ​ធានារ៉ាប់រង​បាន​ចំណាយ​លើ​ប្រាក់​សំណង​ប្រហែល​ ១១,៣ ​លាន​ដុល្លារ​ក្នុង​ខែមករា​ដល់​ខែមីនា ជាមួយ​នឹង​ការធានារ៉ាប់រង​ទូទៅ​មាន​ ៩,១ ​លាន​ដុល្លារ ការធានារ៉ាប់រង​អាយុជីវិត​មាន​ ២,១ ​លាន​ដុល្លារ​ និង​ការធានា​រ៉ាប់រង​ខ្នាតតូច​មាន ​០,២ ​លាន​ដុល្លារ​។

បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ ៣៣​ ក្នុង​នោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ ១៦ ធានារ៉ាប់រង​អាយុជីវិត​ ១១ និង​ធានារ៉ាប់រង​ខ្នាតតូច​ ៥ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន​ ១៕LA