ភ្នំពេញៈ គម្រោង​វិនិយោគ​ចំនួន ២ ដែល​មាន​ទុន​វិនិយោគ​សរុប ៣៣,១លានដុល្លារ​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត ដោយ​គម្រោង​ទាំងនេះ​អាច​បង្កើត​ការងារ​បាន​សរុប ១ ១១៨ កន្លែង។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC កាលពី​ថ្ងៃទី ៣០ ខែកញ្ញា។

CDC ឱ្យដឹង​ថា យោងតាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ​របស់​ក្រុមហ៊ុន Xin Xingle Leather Products Co., Ltd គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ជូនដល់​ក្រុមហ៊ុន​ខាងលើ ដែល​មាន​ទីតាំង​វិនិយោគ​នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,១ លានដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៦១៨ កន្លែង។

ដោយ​ឡែក គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូនដល់​ក្រុមហ៊ុន Solar Long Pv-Tech (Cambodia) Co., Ltd. ដែលបាន​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូឡា និង​គ្រឿង​បង្គុំ មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ, មាន​ទុន​វិនិយោគ ៣០លានដុល្លារ និង​បង្កើត​ការងារ​បាន​ចំនួន ៥០០ កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​ចំនួន ៧០ ក្រោម​ទុន​វិនិយោគ​សរុប ២ ៤២៨ លានដុល្លារ ក្នុង​ឆមាសទី១ ឆ្នាំ ២០២១។ នេះ​បើយោង​តាម​ការ​គណនា​ដោយ​កាសែត ភ្នំពេញប៉ុស្តិ៍ ចំពោះ​គម្រោង​ត្រូវ​បាន CDC បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ចាប់ពី​ខែមករា ដល់​ដំណាច់​ខែមិថុនា ឆ្នាំ ២០២១៕