
ផែទេសចរណ៍អន្តរជាតិ នឹងបង្កើនសក្តានុពលទាក់ទាញភ្ញៀវកាន់តែច្រើនទៅកម្សាន្តនៅខេត្តកំពត។ រូបថត ក្រសួងទេសចរណ៍
ភ្នំពេញៈ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារផ្លូវសមុទ្រដ៏សំខាន់ក្នុងការសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលមកកម្សាន្តនៅខេត្តកំពត ខណៈការសាងសង់កំពង់ផែនេះនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។ នេះបើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងឱកាសចុះទៅពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ជាមួយ លោក ជាវ តាយ អភិបាលខេត្តកំពតកាលពីថ្ងៃទី ២៩ ខែកញ្ញា លោក ថោង ខុន បានលើកឡើងថា កំពង់ផែទេសចរណ៍នេះនឹងក្លាយជាមេដែកដ៏ខ្លាំងមួយទៀតរបស់កម្ពុជាក្នុងការស្រូបទាញភ្ញៀវទេសចរឱ្យចូលមកកម្សាន្តក្នុងខេត្តកំពត ក៏ដូចជាដឹកភ្ញៀវទេសចរក្នុងស្រុក និងបរទេសទៅកម្សាន្តនៅប្រទេសជិតខាង។
លោកថ្លែងថា៖ «កំពង់ផែនេះនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅបណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត ទៅកាន់ពិភពលោក។ កំពង់ផែនេះក៏នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា»។
កំពង់ផែនេះ បានចាប់ផ្តើមសាងសង់កាលពីខែសីហា ឆ្នាំ ២០១៨ ដោយមកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានជាង ៨៤ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ ២០២១។ កំពង់ផែនេះសាងសង់លើផ្ទៃដីទំហំ ៤ ហិកតា ក្នុងស្រុកទឹកឈូ មានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីក្រុងកំពត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៣០ ខែកញ្ញាថា កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាកម្លាំងថាមពលថ្មីបន្ថែមទៀតសម្រាប់ខេត្តកំពតក្នុងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរពីប្រទេសជិតខាងឱ្យចូលមកកម្សាន្តនៅកម្ពុជា។
លោកបន្តទៀតថា កំពង់ផែទេសចរណ៍អន្តរជាតិនេះក៏នឹងធ្វើឱ្យមានជម្រើសកាន់តែច្រើនសម្រាប់ភ្ញៀវពិសេស បន្ទាប់ពីពិភពលោកអាចគ្រប់គ្រងជំងឺកូវីដ ១៩ បានដោយជោគជ័យ។ លោកប្រាប់ថា៖ «យើងកំពុងរង់ចាំទទួលភ្ញៀវទេសចរតាមកំពង់ផែទេសចរណ៍នេះ ខណៈខេត្តកំពតមិនទាន់មានកំពង់ផែបែបនេះទេ»។
លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍ វើលដ៍អិចប្រេស បានលើកឡើងថា កំពង់ផែទេសចរណ៍ខេត្តកំពតត្រូវបានគេមើលឃើញថា នឹងជួយធ្វើឱ្យភ្ញៀវអន្តរជាតិកាន់តែច្រើនចូលមកកម្ពុជា។ ការបង្កើតទីតាំងចូលចត និងកន្លែងកម្សាន្តថ្មីៗ នឹងធ្វើឱ្យខេត្តកំពតទទួលការចាប់អារម្មណ៍កាន់តែច្រើនទាំងវិស័យទេសចរណ៍ និងការបណ្តាក់ទុនលើគ្រប់វិស័យ។
លោកអះអាងថា៖ «នេះជាការធ្វើពិពិធកម្មមួយក្នុងវិស័យទេសចរណ៍តាមរយៈការបង្កើតផ្លូវដឹកជញ្ជូនតាមទឹក ដែលអាចឱ្យភ្ញៀវទទួលនូវអារម្មណ៍ថ្មីខុសប្លែកពីការធ្វើដំណើរតាមផ្លូវអាកាស និងផ្លូវគោក»៕ LA