
ធនាគារជាតិនៃកម្ពុជា (NBC) ។
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី ១ តុលា បានប្រកាសថា ខ្លួននឹងដាក់ប្រាក់ចំនួន ៥០ លានដុល្លារសម្រាប់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលចាប់អារម្មណ៍ ដើម្បីចូលរួមដេញថ្លៃនៅថ្ងៃទី ៤ ខែតុលា ខាងមុខ។
សេចក្តីជូនដំណឹងសរសេរថា ធនាគារជាតិនៃកម្ពុជាមានកិត្តិយសសូមជម្រាបជូនដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ មេត្តាជ្រាបថា ធនាគារជាតិនៃកម្ពុជានឹងដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០ ០០០ ០០០ ដុល្លារអាមេរិកនៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១។
សេចក្ដីជូនដំណឹងបានឱ្យដឹងទៀតថា៖ «ចំពោះអត្រាដេញថ្លៃអប្បរមានឹងត្រូវប្រកាសនាព្រឹកនៃថ្ងៃដេញថ្លៃជាក់ស្ដែង"។
អគ្គនាយកធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីចុងខែកញ្ញា ថា ការសម្រេចចិត្តរបស់ធនាគារជាតិនៃកម្ពុជាក្នុងការដាក់ដេញថ្លៃប្រាក់ដុល្លារនៅក្នុងអំឡុងពេលនេះ (កូវីដ ១៩) គឺក្នុងគោលបំណង ដើម្បីស្រូបយកប្រាក់រៀល និងដើម្បីរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ។
កាលពីខែកញ្ញាកន្លងមក NBC បានបញ្ចេញប្រាក់ឱ្យដេញថ្លៃប្រមាណជិត ២០០ លានដុល្លារ៕