ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​ធុរជន​ឱ្យ​ចូលរួម​ការ​តាំង​ពិព័រណ៍​ផ្នែក​សិប្បកម្ម និង​ឧស្សាហកម្ម ឆ្នាំ ២០២១ (Metal Cutting, Forming & Welding EXPO 2021) តាម​រយៈប្រព័ន្ធ​អនឡាញ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ពាក់​កណ្តាល​ខែ​តុលា​ត​ទៅ។ នេះបើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា ក្រុម​ប្រឹក្សា​ជំរុញ​ការ​នាំ​ចេញ​ផ្នែក​វិស្វកម្មឥណ្ឌា (EEPC) គាំទ្រ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ប្រទេសឥណ្ឌា នឹង​រៀបចំ​ពិធី​តាំង​ពិព័រណ៍​ផ្នែក​សិប្បកម្ម និង​ឧស្សាហកម្ម ឆ្នាំ ២០២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១៨ ដល់​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ២០២១។

ក្នុង​ឱកាស​តាំង​ពិព័រណ៍​នេះ ក្រុម​ប្រឹក្សា​ជំរុញ​ការ​នាំ​ចេញ​ផ្នែក​វិស្វកម្ម​ឥណ្ឌា (EEPC) សូម​អញ្ជើញ​ក្រុមហ៊ុន​កម្ពុជា ដែល​កំពុង​ធ្វើ​ធុរកិច្ច​លើផ្នែក​សិប្បកម្ម និង​ឧស្សាហកម្ម​ពាក់​ព័ន្ធ​នឹង​ការ​កាត់ ផ្សារ ដំឡើង​ដែក ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាងលើ និង​ចូលរួម​កម្មវិធី​ជំនួបពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ (Webinars – B2B) នៅ​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម ក្នុង​នាម​ជា​អ្នក​សម្រប​សម្រួល ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ សូម​អញ្ជើញ​លោក លោកស្រី​ដែល​ជាសិប្បករ ឧស្សាហករ និង​សាធារណជន​ទូទៅ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ខាង​លើ សូមចូល​ទៅ​គេហទំព័រ https://eepcvirtualexpo.com/metalcutting-2021 ឬ បំពេញ​បែប​បទ​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ https://eepcvirtualexpo.com/visitor/ovex visitor registration form/