ភ្នំពេញៈ ក្រុមហ៊ុន Angkor Resources Corp បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៣០ ខែកញ្ញា នូវ​ការ​ផ្ទៀងផ្ទាត់​ស្ថានភាព​អាជ្ញាបណ្ណ​រ៉ែ​ថ្មី លើអាជ្ញាបណ្ណ​រ៉ែ​នៅ​ស្រុក​អណ្តូងមាស និង​ស្រុក​អូយ៉ាដាវ ភាគ​ខាង​ជើង ដើម្បី​ស្នើសុំ​អាជ្ញា​បណ្ណស្ពាន់/មាសថ្មី ទំហំ ២០០ គីឡូម៉ែត្រ​ការ៉េ ហើយ​ក៏​លុបចោល​អាជ្ញាប័ណ្ណ​ចំនួន​ពីរ​ដែល​ទទួល​បាន​កាល​ពី​លើក​មុន។

នាយកប្រតិបត្តិ Delayne Weeks ពិពណ៌នា​អំពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នៅ​កម្ពុជា​ថា៖ «ការ​អនុញ្ញាត​ទាំងអស់ ត្រូវ​បាន​ពន្យារពេល ដោយសារ​ការ​រឹតត្បិត​នៃ​កូវីដ១៩ ក្នុង​រយៈ ១​ឆ្នាំ​កន្លង​ទៅ។ យើង​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ដើម្បី​បញ្ចប់ការ​ពិនិត្យ និង​វាយ​តម្លៃ លើ​អាជ្ញាបណ្ណ​ដែល​មាន​ស្រាប់​របស់​យើង និង​អាជ្ញាបណ្ណ​ថ្មី​ផ្សេង​ទៀត​សម្រាប់​សក្តានុពល​របស់​ពួកគេ​សម្រាប់​តម្លៃ​ភាគហ៊ុន​ក្នុង​រយៈពេល ដ៏​ខ្លី​ខាង​មុខនេះ»។

បន្ទាប់​ពី​ការ​សិក្សា​អស់​ជាច្រើនខែ ក្រុមហ៊ុន​ក៏​បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​ ស្ពាន់/មាស ទំហំ ២០០ គីឡូម៉ែត្រការ៉េ សម្រាប់​ពេល​ខាង​មុខ។

ក្រុមហ៊ុនបានដាក់​ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​ថ្មី​លើ​លក្ខណ​សម្បត្តិ​របស់​ខ្លួន​ចំនួន​ពីរ ដើម្បី​ផ្តល់​ជូន​រយៈពេល ៣ ឆ្នាំ​ដំបូង និង​លក្ខខណ្ឌ​បន្ត​ថ្មី​ពីរឆ្នាំ​ទៀត។ ជាមួយគ្នា​នេះ ក្រុមហ៊ុន​បាន​លុប​ចោល​ការ​បន្ត​អាជ្ញាបណ្ណ​ជា​ថ្មី​នៅ​អូយ៉ាដាវ​ខាងត្បូង និង​ក្រុង​បាន​លុង​ខាងត្បូង។

លោក​បាន​បន្ថែម​ថា៖ «យើង​មាន​អារម្មណ៍​ថា អាជ្ញាបណ្ណ​ផ្សេង​ទៀត​របស់​យើង​មាន​សក្តានុពល​ជាង​មុន ចំពោះ​រ៉ែដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ប្រើប្រាស់​ធនធាន​របស់​យើង​បាន​ប្រសើរ​ជាង​មុន​ដែល​នេះ​ស្រប​ជាមួយ​នឹង​ការ​ពិនិត្យ​យុទ្ធសាស្ត្រ​របស់​យើង»៕