ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ផលិត​ផល​កសិផល​ប្រមាណ​ជិត ៦ លាន​តោន​នៅ​ក្នុង​រយៈ​ពេល ៩ ​ខែ​ដើម​ឆ្នាំ​ ២០២១ កើន​ឡើង​ជាង ៨៨​ ភាគ​រយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២០។ នេះ​បើ​យោង​តាម លោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

លោក វេង សាខុន បាន​ឱ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​នាំ​ចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​ដែលអគ្គ​នាយក​ដ្ឋាន​កសិកម្ម​ទទួល​បាន​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូត​គាម​អនាម័យ​ជាតិ (National Phytosanitary Database) ក្នុង​រយៈពេល ​៩​ ខែ ឆ្នាំ​ ២០២១​ នេះ គឺ​កម្ពុជាបាន​នាំ​ចេញ​កសិផល​សរុប​ ៥ ៩៣២ ៩២៣,៤៣​ តោន ទៅ​កាន់​ទិស​ដៅ ៦៨ ប្រទេស ដោយ​មាន​កំណើន​ ២ ៧៨៥ ២៣១,៥៧​ តោន ស្មើ​នឹង ៨៨,៤៨ ភាគ​រយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២០។

ទិន្នន័យ​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​ប៉ាន់​ស្មាន​តម្លៃ​ពី​ការ​នាំ​ចេញ​ក្នុង​រយៈ​ពេល ៩ ខែ នេះ​ (ឯកតា​តម្លៃផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំ​ចេញ) គឺ​មាន​ចំនួន​ជាង​ ៣ ៤៨៩,៧៧ លាន​ដុល្លារ​ក្នុង​នោះ ទឹក​ប្រាក់​បាន​ពី​ការ​នាំ​ចេញ​អង្ករ​ ៣៤៩,៩២ ​លាន​ដុល្លារ, ការ​នាំ​ចេញ​ស្រូវ ៤២៨,៩៥ ដុល្លារ និង​ការ​​នាំ​ចេញ​កសិផល​ក្រៅ​ពី​ស្រូវ-អង្ករ ២ ៧១០,៩០ លាន​ដុល្លារ។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​វិនិយោគ​លើការ​ដាំ​ចេក និង​ផលិត​ផល​ក្នុង​វិស័យ​កសិកម្ម​ជា​ច្រើន​ទៀត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការ​ទទួល​បាន​ទីផ្សារ​អន្តរ​ជាតិ​ថ្មីៗ ពិសេស​ទីផ្សារ​ប្រទេស​ចិន បាន​ធ្វើ​ឱ្យ​និន្នាការ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ពិសេស​ក្នុង​រយៈ​ពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បន្ត​ថា ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នឹង​មាន​កាន់​តែ​ច្រើន ប្រសិន​បើ​មាន​ទីផ្សារ​ធំ និង​មាន​តម្លៃ​សមរម្យ។

លោក​ថ្លែង​ថា៖ ​«​ភាព​ល្អប្រសើរ​នៃ​ទីផ្សារ និង​ច្បាប់​វិនិយោគ​មាន​លក្ខណៈ​អំណោយ​ផល នឹង​ជំរុញ​ឱ្យ​ការ​ដាំដុះ និង​នាំ​ចេញ​ផលិត​របស់​កម្ពុជា​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​»។

ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ធ្លាប់​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជំរុញ​ និង​លើក​កម្ពស់​សមត្ថភាព​ផលិត​កម្ម​ក្នុង​ស្រុក​របស់​​ក្រសួង​កសិកម្ម បាន​ធ្វើ​ឱ្យ​ការ​ដាំដុះ និង​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​កើន​ឡើង​ជា​លំដាប់។ ការ​លើក​កម្ពស់​សមត្ថភាព​ផលិត​ក្នុង​ស្រុក​ មិន​ត្រឹម​តែ​ផ្តល់​ចំណូល​ក្នុង​គ្រួសារបង្កើត​ការងារ​ថ្មីៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​កាត់​បន្ថយ​ការ​នាំ​ចូល និង​បង្កើន​សមត្ថភាព​នាំ​ចេញ​របស់​កម្ពុជា​ផង​ដែរ​​។

លោក​លើក​ឡើង​ថា៖ ​«នៅ​ពេល​ដែរ​មាន​ទីផ្សារ និង​មាន​ការ​ដាំ​ដុះ​ច្រើន ហើយ​ការ​នាំ​ចេញ​ក៏​នឹង​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​។ ផលិត​ផល​កសិផល​កម្ពុជា​មួយ​ចំនួន​កំពុង​មាន​តម្រូវ​ការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ»។

យោង​តាម​ក្រសួង​កសិកម្ម កសិផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ដូច​ជា ​ស្រូវ អង្ករ កៅស៊ូ គ្រាប់ស្វាយ​ចន្ទី ផ្លែ​ស្វាយ​ស្រស់ ដំណាប់ស្វាយ​ និង​ទឹក​សេរ៉ូ​ស្វាយ​ ចេក​អំបូង​លឿង ម្រេច​ ផលិតផលពី​ដំឡូងមី ពោត សណ្តែកសៀង និង​ក្រូច​ថ្លុង ជា​ដើម​។

សម្រាប់​បរិមាណ​នៃ​ការ​នាំ​ចេញ ក្នុង​រយៈ​ពេល​ខាង​លើ គឺ​កសិផល ក្រៅ​ពី​អង្ករកើន​ឡើង ១០៧,៦៩​ ភាគ​រយ ចំណែក​ការ​នាំ​ចេញ​អង្ករថយ​ចុះ ១៥,៩៧​ ភាគ​រយ​ ដោយ​សារកម្ពុជា​ជួបបញ្ហា​ប្រឈម​នឹង​កង្វះ​ប្រភេទ​ទូ​កុងតឺន័រទំហំ ២០ ​ហ្វិត​ សម្រាប់​ផ្ទុក​អង្ករ និង​តម្លៃ​ដឹក​ជញ្ជូនកើន​ឡើង ​(យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា)។

ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​ក្នុង​តម្លៃ​សរុប ៤,៣៧ ពាន់​លាន​ដុល្លារ​ កើន​លើស​ឆ្នាំមុន ៥០០ លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕