ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ម្ចាស់​អាជីវកម្ម​វារីវប្បកម្ម និង​ការកែច្នៃ​ត្រី ធឿន ស្រីនី ដែល​ទទួលបាន​ជោគជ័យ​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា (CAST-Cambodia)។

CAST-Cambodia គឺជា​គម្រោង​ដែល​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ក្រសួងកសិកម្ម សហរដ្ឋអាមេរិក ដោយ​មាន​ទឹកប្រាក់​សរុប ១៧,១ លាន​ដុល្លារ សម្រាប់​រយៈពេល ៥ ឆ្នាំ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៣។

នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់លោក​នា​ថ្ងៃទី ០៣ ខែតុលា​នេះ លោក វេង សាខុន បាន​លើកឡើងថា ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម លោក​សូម​ចូលរួម​អបអរសាទរ​ជាមួយ​លោកស្រី ប៉ុន្នី ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកប​មុខរបរ​ធ្វើ​វារីវប្បកម្ម និង​ការកែច្នៃ​ត្រី ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តរភាព​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា (CAST-Cambodia)។

លោក​អះអាងថា៖ «សមិទ្ធផល​ថ្មី​នេះ គឺ​បាន​ផ្តើមចេញពី​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​​រវាង​ក្រសួងកសិកម្ម​នៃ​សហរដ្ឋអាមេរិក និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​រដ្ឋបាល​ជលផល ជា​អ្នកសម្របសម្រួល​នៃ​ការអនុវត្ត​គម្រោង»។

ម្ចាស់​សិប្បកម្ម​ត្រី ធឿន ស្រីនី លោកស្រី លីម ប៉ុន្នី (Lim Ponny) ដែលមាន​ទីតាំង​ក្នុង​ឃុំ​សូទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១ ថា លោកស្រី​បានចាប់ផ្តើម​ប្រកបមុខរបរ​នេះ​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ដោយ​ចាប់​ផ្តើមដំបូង​ជាមួយនឹង​ស្រះ​ចិញ្ចឹម​ត្រី ១ កន្លែង ខណៈ​បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន ៤ និង​មាន​សិប្បកម្ម​កែច្នៃ​ត្រី ១ កន្លែង។ លោកស្រី​បន្តថា នៅពេល​ដំបូង គឺ​ធ្វើជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​នា​រយៈពេល ២-៣ ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​បន្ទាប់ពី​ទទួល​បាន​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ថវិកា​មួយចំនួន​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួងកសិកម្ម និង​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​វារីវប្បកម្ម CAST សិប្បកម្ម​របស់លោក​ស្រី​បាន​រីកចម្រើន​ជា​លំដាប់។

លោកស្រី​អះអាងថា៖ «បន្ទាប់ពី​ទទួល​ការគាំទ្រ​របស់​ក្រសួង និង​កម្មវិធី CAST សិប្បកម្ម​របស់ខ្ញុំ​បាន​ពង្រីក​សកម្មភាព​ជា​បន្តបន្ទាប់ ដោយ​នៅពេលនេះ​យើង​មាន​កម្មករ​បម្រើការ​ប្រចាំ​ប្រមាណ ១៥ នាក់»។

លោកស្រី​ប្រាប់ទៀតថា ដោយមាន​ការគាំទ្រ​កាន់តែច្រើន បច្ចុប្បន្ន​លោកស្រី​កំពុង​រៀបចំ​ឯកសារ​មួយចំនួន​ ដើម្បី​នាំចេញ​ផលិតផល​របស់​សិប្បកម្ម ធឿន ស្រីនី ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស​ផងដែរ៕