
ប្រទេសកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ក្នុងវិស័យទេសចរណ៍ធំៗចំនួន ២ នៅក្នុងខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ខាងមុខ។
ភ្នំពេញៈ ប្រទេសកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ក្នុងវិស័យទេសចរណ៍ធំៗចំនួន ២ នៅក្នុងខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ខាងមុខ ខណៈអ្នកនៅក្នុងវិស័យទេសចរណ៍រំពឹងថា ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះនឹងរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជាវិញ បន្ទាប់ពីបានធ្លាក់ចុះស្ទើរដល់សូន្យនារយៈពេលជិត ២ ឆ្នាំមកនេះ ដោយសារវិបត្តិនៃជំងឺផ្តាសាយសកលកូវីដ ១៩។
តាមផែនការព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិនឹងត្រូវរៀបចំឡើងនៅខែធ្នូ ឆ្នាំ ២០២១ និងវេទិកាទេសចរណ៍អាស៊ាន នឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ ២០២២។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២ ខែតុលា ថា ព្រឹត្តិការណ៍លក្ខណៈអន្តរជាតិបែបនេះ អាចចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់វិស័យទេសចរណ៍នៅកម្ពុជា បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ។
លោកបន្តថា ព្រឹត្តិការណ៍ទាំង ២ ត្រូវរំពឹងថា នឹងអាចឆក់ទាញយកចំណាប់អារម្មណ៍ភ្ញៀវទេសចរអន្តរជាតិជាច្រើនឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាឡើងវិញ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា រដ្ឋាភិបាល និងវិស័យឯកជននឹងរួមសហការគ្នាឱ្យបានល្អក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំង ២ ឱ្យទទួលជោគជ័យ»។ លោកបន្ថែមថា៖ «ការចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិតាមរយៈព្រឹត្តិការណ៍ទាំង ២ នេះគឺមិនមែនជារឿងលឿនពេកនោះទេសម្រាប់កម្ពុជា»។
បើតាមលោក ស៊ីណាន កម្ពុជាគឺជាប្រទេសទី ១ ក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍លក្ខណៈអន្តរជាតិបែបនេះ។
បន្ថែមពីលើនេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា បើកម្ពុជាទទួលបានជោគជ័យលើព្រឹត្តិការណ៍អន្តរជាតិទាំង ២ វិស័យទេសចរណ៍នៅកម្ពុជានឹងចាប់ផ្តើមមានដង្ហើមឡើងវិញ។ លោកស្រីប្រាប់ទៀតថា ម្យ៉ាងទៀតនៅពេលនេះក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវគោលការណ៍ និងបទប្បញ្ញត្តិជាច្រើនរួចមកហើយ ទាំងសម្រាប់ប្រតិបត្តិករទេសចរ និងភ្ញៀវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
លោកស្រីបានអះអាងថា៖ «ព្រឹត្តិការណ៍ទាំង ២ នេះនឹងមានឥទ្ធិពលខ្លាំងក្នុងការបង្កើនភាពទាក់ទាញ ពង្រឹងទំនុកចិត្ត ក៏ដូចជាការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍»។
លោកស្រីលើកឡើងទៀតថា ជាការល្អណាស់ បើប្រទេសកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ប្រភេទនេះបានកាន់តែច្រើន។
ទោះយ៉ាងណា កម្ពុជាក៏ត្រូវការចូលរួមពីប្រជាជនទាំងអស់ក្នុងការចូលរួមទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតទៅលើកាត់បន្ថយអត្រាឆ្លង និងស្លាប់។ នេះបើតាម លោកស្រី ស៊ីវលីន។
នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងផ្នែកពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំង ២ កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាកំពុងត្រៀមខ្លួន ដើម្បីរៀបចំព្រឹត្តិការណ៍លក្ខណៈអន្តរជាតិទាំង ២។ ការទទួលជោគជ័យនៃព្រឹត្តិការណ៍នេះនឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ។ លោកអះអាងថា៖ «ប្រសិនបើធ្វើបានល្អ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន»។
លោកលើកឡើងទៀតថា មូលហេតុដែលរដ្ឋាភិបាលសម្រេចយកក្រុងព្រះសីហនុ ជាកន្លែងរៀបចំព្រឹត្តិការណ៍ធំៗទាំង ២ នេះ ដោយហេតុថា ខេត្តនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍ល្អ ព្រមទាំងមានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលដល់ការធ្វើដំណើរដល់គណៈប្រតិភូបានយ៉ាងល្អទៀតផង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរបរទេសផ្ទៃក្នុង ក៏បានប្រព្រឹត្តទៅលើសផែនការទៀតផង។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្ដេជ្ញាថានឹងខិតខំជំរុញការអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាដល់ការរៀបចំព្រឹត្តិការណ៍ទាំង ២ ក៏ដូចជាដល់ការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលខាងមុខ។
មកដល់ពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេសផ្ទៃក្នុងដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងលើសផែនការ គឺរហូតដល់ ១០០.៣០ ភាគយនៃប្រជាពលរដ្ឋសរុបក្នុងខេត្ត។ នេះបើតាមលោក គួច ចំរើន៕ LA
វីដេអូ៖