ភ្នំពេញៈ ភ្ញៀវទេសចរផ្ទៃក្នុង ដែលចេញដើរកម្សាន្តកាលពីចុងសប្តាហ៍ទី ១ ខែតុលា មានចំនួន ១១៦ ៨១៩ នាក់ក្នុងនោះភ្ញៀវជាតិ មានចំនួន ១១៣ ៨៥៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ ៩៦៣ នាក់។ នេះបើតាមទិន្នន័យពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ទិន្នន័យឱ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃចុងសប្តាហ៍ពីថ្ងៃទី ២-៣ ខែតុលា មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១១៦ ៨១៩ នាក់បានដើរកម្សាន្ត ក្នុងនោះរាជធានីភ្នំពេញមានចំនួន ២៥ ៩៣៤ នាក់, ខេត្តកំពត ២៤ ៧៣២ នាក់, ខេត្តព្រះសីហនុ ១៥ ១៧២ នាក់, ខេត្តកែប ៩ ២៦៦ នាក់, ខេត្តបាត់ដំបង ៦ ៧៥២ នាក់, ខេត្តកណ្តាល ៤ ៦១៦ នាក់, ខេត្តពោធិ៍សាត់ ៤ ៥៧៩ នាក់ និងខេត្តមណ្ឌលគិរី ៤,២៤៩ នាក់។

តួលេខនេះបន្តកើនឡើងប្រមាណ ១៤,៤៦ ភាគរយបើធៀបនឹងសប្តាហ៍កន្លងមក (សប្តាហ៍ចុងក្រោយខែកញ្ញា)។ គោលដៅទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត បានបើកទទួលភ្ញៀវទេសចរ លើកលែងតែខេត្តកំពង់ឆ្នាំងដែលនៅបន្តដាក់ចេញវិធានការរដ្ឋបាលហាមឃាត់សកម្មភាពមួយចំនួនរួមទាំងរមណីយដ្ឋាន។

តាមការព្យាករចំនួនភ្ញៀវទេសចរផ្ទៃក្នុងនឹងមានចំនួនច្រើនក្នុងសប្តាហ៍នេះ ដោយសារជាអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ។ កំណើនភ្ញៀវក្នុងសប្តាហ៍នេះក៏បង្កើតជាក្តីបារម្ភមួយសម្រាប់រដ្ឋាភិបាល និងវិស័យឯកជនពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ផងដែរ បើទោះបីយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឱ្យកុមារចាប់ពីអាយុ ៦ ឆ្នាំឡើងទៅ គិតត្រឹមរាត្រីថ្ងៃទី ៤ ខែតុលា មានចំនួនជាង ១៣,៤៤ លាននាក់ ឬស្មើនឹង ៨៤,១ ភាគរយធៀបនឹងចំនួនប្រជាជន ១៦ លាននាក់ក៏ដោយ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបាននិយាយថាជាការល្អដែលចំនួនភ្ញៀវទេសចរផ្ទៃក្នុងចាប់ផ្តើមកម្រើកឡើងវិញ ប៉ុន្តែទន្ទឹមកំណើនភ្ញៀវនៅពេលនេះ ក្តីបារម្ភពីការឆ្លងរាលជំងឺកូវីដ ១៩ ក៏បាននិងកំពុងកើនឡើងផងដែរនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។ លោកថ្លែងថា៖ ប្រសិនបើមានបញ្ហាអវិជ្ជមានណាមួយកើតឡើង ផែនការរបស់កម្ពុជាក្នុងការចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចរាល់ ក៏ជួបបញ្ហាដែរ»។

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងថា ប្រទេសកម្ពុជាមានផែនការនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចរាល់ ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ។

ដើម្បីលើកកម្ពស់សកម្មភាពនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ ខែតុលា នេះក៏បានចេញសារាចរមួយពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយបានតម្រូវឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩៕