ភ្នំពេញៈ ការបន្តអូសបន្លាយពេលនៃវិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យប្រាក់ចំណូលរបស់គ្រឹះស្ថានអង្គរបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ធ្លាក់ចុះស្ទើ ១០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីគ្រឹះស្ថានអង្គរ។
សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ គ្រឹះស្ថាននេះលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាបានចំនួន ៦ ១៦៧ នាក់ ធ្លាក់ចុះ ៩៨,៤៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដោយឡែកប្រាក់ទទួលបានមានចំនួន ២៥៣ ៨០៩ ដុល្លារ ធ្លាក់ចុះ ៩៨,៦២ ភាគរយ។
ទិន្នន័យឱ្យដឹងទៀតថា សម្រាប់ខែកញ្ញា គ្រឹះស្ថានអង្គរ លក់ជូនភ្ញៀវទេសចរបរទេសបានចំនួន ២២៨ នាក់ ធ្លាក់ចុះ ៩២,២៧ ភាគរយ ដោយរកចំណូលបាន ៩ ២៨១ដុល្លារ ថយចុះ ៩២,៥៣ ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ ២០២០។
សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ ១ ថ្ងៃ មានតម្លៃ ៣៧ ដុល្លារ សំបុត្រ ៣ ថ្ងៃ មានតម្លៃ ៦២ ដុល្លារ និងរយៈពេល ៧ ថ្ងៃ តម្លៃ ៧២ ដុល្លារ។ នេះបើយោងតាមតារាងតម្លៃនៅគេហទំព័ររបស់គ្រឹះស្ថានអង្គរ។
ក្នុងឆ្នាំ ២០២០ ភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានសរុប ៤០០ ៨៨៩ នាក់ធ្លាក់ ៨១,៨២ ភាគរយ ធៀបឆ្នាំ ២០១៩។ ជាមួយនេះចំណូលបានពីការលក់សំបុត្រមានចំនួន ១៨ ៦៥៤ ៨២៨ ដុល្លារ ធ្លាក់ចុះ ៨១,១៧ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
ទិន្នន័យក្រសួងទេសចរណ៍ឱ្យដឹងថា នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ១១២ ៥៤៤ នាក់ ធ្លាក់ចុះ ៩០,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០៕