ភ្នំពេញ÷ Dufry ដែលជាក្រុមហ៊ុនលក់រាយធ្វើដំណើរពិភពលោក បានបន្តប្រកបដោយជោគជ័យសម្រាប់សម្បទានរួចពន្ធរបស់ខ្លួនរយៈពេល ៥ ឆ្នាំកន្លះ នៅក្នុងព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជា នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ដែលកាលពីឆ្នាំ ២០១៩ បានស្វាគមន៍អ្នកដំណើរអន្តរជាតិ ១១,៦ លាននាក់។
យោងតាមការចេញផ្សាយរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៣០ ខែកញ្ញា កិច្ចព្រមព្រៀងសម្បទានដែលបន្តនេះ ចាប់ផ្ដើមនៅខែតុលាឆ្នាំ ២០២១ និងគ្របដណ្ដប់លើការចេញដំណើរ និងការមកដល់ហាងលក់រួចពន្ធនៅព្រលានយន្តហោះភ្នំពេញ និងសៀមរាប ព្រមទាំងហាងលក់ពេលចេញដំណើរ នៅព្រលានយន្តហោះក្រុងព្រះសីហនុ ជាមួយ នឹងផ្ទៃក្រឡាលក់សរុបចំនួន ២ ៦៨០ ម៉ែត្រការ៉េ ដែលក្រុមហ៊ុន Dufry បានប្រតិបត្តិការចាប់តាំងពីឆ្នាំ ២០០៣។
ជាផ្នែកមួយនៃការបន្តកិច្ចព្រមព្រៀង និងស្របតាមផែនការអភិវឌ្ឍន៍ការលក់រាយរបស់ក្រុមហ៊ុន Cambodia Airports ក្រុមហ៊ុន Dufry នឹងកែលម្អហាងលក់ទំនិញរួចពន្ធនៅព្រលានយន្តហោះភ្នំពេញ និងសៀមរាប ខណៈដែលហាងលក់ពេលចេញដំណើរនៅក្រុងព្រះសីហនុ ត្រូវបានរៀបចំឡើងវិញរួចហើយប្រកបដោយជោគជ័យកាលពីឆ្នាំ ២០១៩។
ហាងលក់ទាំងអស់របស់ព្រលានយន្តហោះទាំង ៣ នេះ ផ្ដល់ដល់អតិជិជននូវជម្រើសកាន់តែទូលំទូលាយនៃប្រភេទទំនិញរួចពន្ធ ដែលរួមមានទឹកអប់ គ្រឿងសម្អាង និងដំណាប់ផ្លែឈើ។
ការប្រកាសការបន្តកិច្ចព្រមព្រៀងនេះ លោក Pedro Castro ប្រធានផ្នែកប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ «យើងសូមថ្លែងអំណរគុណដល់ដៃគូជាច្រើនរបស់ក្រុមហ៊ុន Cambodia Airports ហើយមានកិត្តិយស ដែលត្រូវបានផ្តល់ឱកាស ដើម្បីបន្តកិច្ចសហការជិតស្និទ្ធរបស់យើងបន្ថែមទៀត និងដើម្បីពង្រឹងទំនាក់ទំនងដ៏យូរអង្វែងនេះ។ តាមរយៈការកែលម្អហាងធំៗរបស់យើង យើងនឹងផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ទិញទំនិញថ្មី និងទាក់ទាញ ដូច្នេះបង្កើនផលិតភាពបន្ថែមទៀត នៃព្រលានយន្តហោះកម្ពុជាដ៏សំខាន់ទាំងនេះ ដែលទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីអ្នកដំណើរអន្តរជាតិ» ។
លោក Alain Brun អគ្គនាយកក្រុមហ៊ុន Cambodia Airports (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports) រីករាយចំពោះការបន្តភាពជាដៃគូ៖ «វាគឺជាការបោះឆ្នោតដែលផ្តល់ទំនុកចិត្តមួយ។ ដៃគូនានា ចែករំលែកចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយម ចំពោះការធ្វើដំណើរតាមអាកាសលើពិភពលោក និងឱកាសជាច្រើន ដែលការត្រឡប់មកវិញរបស់អ្នកដំណើរ នឹងផ្តល់ដល់ព្រលានយន្តហោះ និងក្រុមហ៊ុនលក់រាយ ជាមួយនឹងគំនិតប្រកបដោយភាពច្នៃប្រឌិត» ។
Dufry AG គឺជាក្រុមហ៊ុនលក់រាយធ្វើដំណើរកម្សាន្តឈានមុខគេនៅលើពិភពលោក ដែលប្រតិបត្តិការហាងលក់ទំនិញរួចពន្ធ និងហាងបង់ពន្ធជាង ២៣០០ នៅព្រលានយន្តហោះ នាវាកម្សាន្ត កំពង់ផែសមុទ្រ ស្ថានីយរថភ្លើង និងតំបន់ទេសចរណ៍នៅទីប្រជុំជនជាង ៤៣០ ទីតាំងនៅក្នុង ៦៤ ប្រទេសនៅទូទាំងទ្វីបទាំង ៦។
ក្រុមហ៊ុនមួយនេះបានបង្កើតឡើងកាលពីឆ្នាំ ១៨៦៥ និងមានការិយាល័យកណ្តាលនៅទីក្រុង Basel ប្រទេសស្វ៊ីស៕LA