ភ្នំពេញៈ កម្ពុជា និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ បាន​បញ្ចប់​កិច្ច​ប្រជុំ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង​ស្ដីពី​ការ​ចៀស​វាង​ការយក​ពន្ធ​ត្រួត​គ្នា (Double Taxation Agreement-DTA) ជុំទី១ ដោយ​ជោគ​ជ័យ ខណៈ​មាត្រា​ភាគ​ច្រើន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ទទួល​ការ​ឯកភាព​គ្នា​ទៅ​វិញ​ទៅ​មក​។

កិច្ច​ប្រជុំ​ដែល​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ ចាប់​ពី​ថ្ងៃទី​ ២៧​-​២៩ ខែ​ កញ្ញា ឆ្នាំ ​២០២១ នេះ​ ត្រូវ​បាន​ចូល​រួម​ពី​ភាគី​កម្ពុជា ដែល​ដឹកនាំ​ដោយ​ លោកស្រី ប៊ុន នារី និងលោក រ័ត្ន មុនី ជា​អគ្គ​នាយករង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ និង​ភាគី​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ដឹកនាំ​ដោយ​ លោក AbdallaAl Obaidli ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​អន្តរ​ជាតិ និង​អង្គការ​នៃ​ក្រសួង​សេដ្ឋកិច្ច។

ក្នុង​កិច្ច​ប្រជុំ​នេះ​ភាគី​ទាំង ២ បាន​លើក​យក​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​វិស័យ​ពន្ធដារ​មក​ពិភាក្សា​គ្នា​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​បង្កើត​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជា​មួយ​គ្នា​ស្តីពី​ការ​ចៀស​វាង​ការ​យក​ពន្ធ​ត្រួត​គ្នា។​

បន្ទាប់​ពី​ការ​ពិភាក្សា​លម្អិត និង​ស៊ីជម្រៅ​លើ​គ្រប់​មាត្រា​ទាំង​អស់​នៃ​សេចក្តី​ព្រាង​កិច្ច​ព្រម​ព្រៀង ​DTA ជា​លទ្ធផល​មាត្រា​ភាគ​ច្រើន​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ ត្រូវ​បាន​ភាគី​ទាំង ២ ទទួល​ឯកភាព​រៀងៗ​ខ្លួន។ ចំណែក​ចំណុច​នៅ​សេសសល់​ ភាគី​ទាំង ២ បាន​សន្យា​នឹង​បន្ត​ជួប​ចរចា​ជា​មួយ​គ្នា​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​កិច្ច​ព្រម​ព្រៀង​នេះ​ឆាប់​ចេញ​ជា​រូប​រាង​។​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជាលោក ប៉ាន សូរស័ក្តិ នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោកស្រី REEM Al Hashimy រដ្ឋ​មន្ត្រី​ក្រសួង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ កាល​ពី​ពេល​កន្លង​មក ធ្លាប់​បាន​លើក​ឡើង​ថា កម្ពុជា​ចង់​ឱ្យ​វិនិយោគិន​អេមីរ៉ាត​អារ៉ាប់រួម​ ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជា​ដើម៕​