នា​ថ្ងៃ​ឈប់សម្រាក​ទី​១ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​នឹង​ថ្ងៃទី ​៥ ខែ តុលា ឆ្នាំ ​២០២១ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅ​ទូទាំងប្រទេស​ជិត ១៥ ម៉ឺន​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ​ចំនួន ១៤ ៧៥៤៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​សរុប​ចំនួន ១ ៤៦៩ នាក់​។ នេះ​បើតាម​ការ​បូកសរុប​របាយការណ៍​ដែល​ទទួលបាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ចេញផ្សាយ​នៅ​ថ្ងៃទី ៥ ខែតុលា​។​

​របាយការណ៍​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ភ្ញៀវ​ទៅ​ទស្សនា​រួមមាន ខេត្តកំពត ភ្ញៀវទេសចរ​ចំនួន ៣០ ៤៥៥ នាក់ ខេត្ត​កែប ២៦ ៨៩០ នាក់ ខេត្ត​ព្រះសីហនុ ១៨ ១៩៧ នាក់ ខេត្តពោធិ៍សាត់

៨ ៧០៥ នាក់ ​ខេត្តមណ្ឌលគិរី ៧ ២៣៣ នាក់ និងខេត្តសៀមរាប​មាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៦ ០៨៦ នាក់​។​

​ក្នុង​របាយកាណ៍​ដដែល បាន​កត់សម្គាល់ថា តួលេខ​នេះ មានការ​ថមថយ​ប្រមាណ ៤៤ ,៩១​ ភាគរយ ធៀប​នឹង​ថ្ងៃទី​១ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​ ២០២០ ប៉ុន្តែ​មានការ​កើនឡើង​ប្រមាណ ២៧,៥៥ ​ភាគរយ ធៀប​នឹង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍​កន្លងមក​។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍​សង្កេត​ឃើញថា ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​មានការ​ផុលផុស​ខ្លាំង​នៅតាម​បណ្តា​រាជធានី​ខេត្ត ខណៈដែល​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​បាន​បើក​ដំណើរការ​ទទួលភ្ញៀវ រួមទាំង​ខេត្តសៀមរាប​ផងដែរ​ដែល​បាន​បិទ​បញ្ចប់​ការបិទ​ខ្ទប់​នា​សប្តាហ៍​កន្លងមក លើកលែងតែ​ខេត្តកំពង់ឆ្នាំង​ដែល​នៅ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ហាមឃាត់​សកម្មភាព​មួយចំនួន​រួមទាំង​រមណីយដ្ឋាន​ផងដែរ​។​

​ក្នុង​របាយការណ៍​បន្ត​ថា សម្រាប់​ថ្ងៃ​សម្រាក​ទី​១​ នេះ បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បានធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត ​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ជួបជុំ​ក្រុមគ្រួសារ ហើយនឹង​បន្ត​ការដើរ​កម្សាន្ត​នៅ​គោលដៅ​ទេសចរណ៍​នានា​បន្ទាប់ពី​បញ្ចប់​ថ្ងៃ​ភ្ជុំ​ធំ​។ «​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បានជ្រើសរើស​ដើរ​កម្សាន្ត​ជា​រង្វង់​ខ្សែ​ទស្សនកិច្ច (​សៀគ្វី​) ឆ្លងកាត់​ខេត្ត​ច្រើន ដូចជា​នៅ​ភាគ​ភាគ​ឦសាន (​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ក្រចេះ ឬ​អាច​ភ្ជាប់​ទៅ​ព្រះវិហារ និង​សៀមរាប​ជាដើម​) ព្រមជាមួយ​គោលដៅ​ខេត្ត​តំបន់​ឆ្នេរសមុទ្រ​ទាំង​ ៤​។

​របាយការណ៍​បាន​គូសបញ្ជាក់ថា បន្ទប់​ស្នាក់​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដូចជា​មណ្ឌលគិរី កំពត និង​កែប​ជាដើម ត្រូវបាន​ភ្ញៀវ​កក់​ស្ទើរ​ពេញ​ទាំងស្រុង​រហូតដល់​ចុង​សប្តាហ៍​។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរ​មួយចំនួន​បាន​ងាក​មក​ជ្រើសរើស​កក់​កន្លែង​ស្នាក់នៅ​ដែលមាន​ផ្ទះបាយ ឬ​កន្លែង​ចម្អិន​អាហារ​ភ្ជាប់​ជាមួយ ដោយសារ​ពួកគាត់​ដើរ​កម្សាន្ត​ជា​ក្រុមគ្រួសារ និង​ចង់​កាត់បន្ថយ​ការជួបជុំ និង​ប៉ះពាល់​ជាមួយ​ភ្ញៀវ​ដទៃ​។​

​ទន្ទឹមនេះដែរ គ្រប់​គោលដៅ​ទេសចរណ៍ សុទ្ធតែ​បាន​ខិតខំ​អនុវត្តតាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP) ក្រោម​ការចុះពិនិត្យ​អប់រំ​ណែនាំ និង​សម្របសម្រួល​ពី​រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេសចរណ៍ និង​អង្គភាព​ពាក់ព័ន្ធ​។ ចំណែក​ភ្ញៀវទេសចរ​ក៏បាន​ចូលរួម​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​កូ​វីដ​១៩ ពិសេស​វិធានការ “៣ ​កុំ និង ៣​ ការពារ​” ខណៈដែល​គ្រប់​គោលដៅ​ទេសចរណ៍​តម្រូវឱ្យ​ភ្ញៀវ​ពាក់​ម៉ាស់ និង​រៀបចំ​រមណីយដ្ឋាន​មិនឱ្យ​មានការ​ជួបជុំ​ទ្រង់​ទាយ​ធំ​ជាដើម​។​

​បើតាម​របាយការណ៍​ដ​ដែល គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ បានរៀបចំ​ក្រុមការងារ​សម្រួល​ចរាចរណ៍ ធានា​សន្តិសុខ សុវត្ថិភាព និង​ចូលរួម​អប់រំ​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ចូលរួម​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជូ​ន​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ​១៩៕​

វីដេអូ៖