ភ្នំពេញៈ គម្រោងវិនិយោគចំនួន ២ ដែលមានតម្លៃសរុប ៨,៤ លានដុល្លារ និងបង្កើតការងារបាន ៣ ៦៧២ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាម CDC។

សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុន Kampkeeper (Cambodia) Co., Ltd លើគម្រោងបង្កើតរោងចក្រផលិតតង់ និងសម្ភារបោះជំរំគ្រប់ប្រភេទ (កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារផ្សេងទៀត) ដែលមានទីតាំងវិនិយោគក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ៣,១ លានដុល្លារ និងអាចបង្កើតការងារបាន ៧២៨ កន្លែង, និងក្រុមហ៊ុន Sunicon (Cambodia) Apparel Co., Ltd គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,៣ លានដុល្លារ និងបង្កើតការងារបាន ២ ៩៤៤ កន្លែង។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បាននិយាយថា បើទោះបីក្នុងអំឡុងពេលដែលវិបត្តិជំងឺផ្តាសាយសកលកូវីដ ១៩ នៅបន្តឆ្លងរាលដាលលើពិភពលោក ក៏ការដាក់ពាក្យស្នើសុំវិនិយោគនៅកម្ពុជានៅតែមានជាបន្តបន្ទាប់។ លោកបន្តថា ភាពវិជ្ជមានទាំងនេះ គឺដោយសារមានកត្តាធំៗចំនួន ២ គឺកត្តាខាងក្នុង និងកត្តាខាងក្រៅ។

លោកពន្យល់ថា កត្តាខាងក្នុងសំដៅដល់ភាពល្អប្រសើរនៃស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កម្លាំងពលកម្មមានតម្លៃសមរម្យ និងសម្បូរបែប និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ព្រមទាំងច្បាប់វិនិយោគមានលក្ខណៈអំណោយផលល្អ។ ចំណែកកត្តាខាងក្រៅ គឺកម្ពុជាមានទំនាក់ទំនងល្អផ្នែកការទូត និងទីផ្សារជាមួយប្រទេសជាច្រើនលើពិភពលោក។ បន្ថែមពីលើនេះកម្ពុជាក៏សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈតំបន់ និងទ្វេភាគឺជាមួយប្រទេសមួយចំនួនផងដែរ ពិសេសប្រទេសចិន។

កាលពីខែកញ្ញា ឆ្នាំ ២០២១ CDC បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១០ ដែលមានទុនវិនិយោគសរុបជាង ៦៤,៥ លានដុល្លារ៕

វីដេអូ៖