ភ្នំពេញៈ ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ៦៦ ​ម៉ឺន​នាក់ ​បាន​ចេញ​ដើរ​កម្សាន្ត​​ក្នុងអំឡុង​ពេល​ ៣ ​ថ្ងៃ ​​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ ដែល​ចំនួន​នេះ​កើន​ប្រមាណ​ជិត ៦០​ ភាគ​រយ ​​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ នា​ព្រឹក​ថ្ងៃ​ទី ​៨ ខែ​តុលា បង្ហាញ​ថា រយ:​ពេល ៣​ ថ្ងៃ ​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​ ​៥-៧ ខែ តុលា ឆ្នាំ ២០២១ មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ក្នុង​ប្រទេស​សរុប ៦៦៤ ៦៩៧​នាក់។ ចំនួន​នេះ​​កើន​ឡើង ៥៨,៩៨​ ភាគ​រយបើ​ធៀប​នឹង​រយៈ​ពេល ៣ ​ថ្ងៃ​ នៃ​​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​​​​ឆ្នាំ​ ២០២០ (ថ្ងៃទី ២៩-៣១ ខែតុលា) ដែលមាន​ចំនួន ៤១៨ ០៩៦ នាក់។

យោង​តាម​ក្រសួង​ទេសចរណ៍ គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​​ក្នុង​ពិធីបុណ្យ​​ភ្ជុំ​បិណ្ឌ​ ឆ្នាំ ​២០២១ នេះ​រួម​មាន​ ខេត្ត​កំពត ១០២ ៥៩៣​ នាក់, ខេត្ត​កែប ៩៦ ៤៧១ ​នាក់, ខេត្ត​ព្រះ​សីហនុ ៨០ ៥១៩ ​នាក់, ខេត្តពោធិ៍សាត់ ៥០ ១០៩​ នាក់, ខេត្ត​កំពង់ស្ពឺ ៣៩ ៦៤២ ​នាក់, ខេត្ត​បាត់ដំបង ៣៧ ៧២៤​ នាក់, ខេត្ត​កំពង់ចាម ៣៦ ១៤០ ​នាក់, ខេត្ត​សៀមរាប ៣៣ ២២២ នាក់។

ភ្ញៀវ​ទេសចរ​ភាគ​ច្រើន បាន​ជ្រើស​រើស​ការ​ដើរ​កម្សាន្ត​ជា​ក្រុម​គ្រួសារ ហើយ​ខ្លះ​ទៀត​ដើរ​កម្សាន្ត​ច្រើន​គោល​ដៅជា​លក្ខណៈ​រង្វង់​ខ្សែ​ទស្សនកិច្ច។ ជា​និន្នាការ​ថ្មី​នោះ គឺ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ជ្រើស​រើស​កន្លែង​ស្នាក់​នៅ​ដែល​មាន​ចង្រ្កាន​បាយ ឬ​កន្លែង​ចម្អិន​អាហារ​ភ្ជាប់​ជាមួយ ខណៈ​ភ្ញៀវ​ខ្លះ​ទៀត​ជ្រើសរើស​ការ​ទទួល​ទាន​អាហារ​ជាលក្ខណៈ​សាច់​អាំង​គ្រួសារ​រៀបចំ​ដោយ​ខ្លួន​ឯង ហើយ​ខ្លះ​ទៀត​ក៏រៀបចំ​ម្ហូប​អាហារ ឬចង្រ្កាន​អាំង​សាច់ និងប្រដាប់​ប្រដា​ធ្វើ​ម្ហូប​ផ្ទាល់​ខ្លួន​ដាក់​ក្នុង​រថយន្ត​ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ ដើម្បី​កាត់​បន្ថយ​ការ​ជួប​ជុំ​ក្រុម​ភ្ញៀវ​ផ្សេង និង​សន្សំ​សំចៃ​ថវិកា​បានខ្លះ​។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍​។​

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ទៀត​ថា៖ ​«​​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​បាន​ចូល​រួម​អនុវត្ត​វិធាន​ការ​ទប់​ស្កាត់​កូវីដ​ ១៩ ពិសេស​ការ​ពាក់​ម៉ាស់​ស្ទើរ​គ្រប់ ១០០ ភាគ​រយ​។ ប៉ុន្តែ​ការ​រក្សា​គម្លាត​នៅ​តែ​ជា​កត្តា​ចម្បង​ដែល​ចាំ​បាច់​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​អប់រំ​ណែនាំ និង​ក្រើន​រំឭក​បន្ថែម​ទៀត ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ដែល​មាន​ភាព​ទាក់​ទាញ​ខ្លាំង»។

ពិធី​បុណ្យ​ភ្ជុំបិណ្ឌឆ្នាំ​ ២០២១ ​នេះ​ប្រារព្ធធ្វើ​ឡើង​ក្នុង​បរិយាកាស​​ដែល​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩ នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ធូ​រ​ស្រាល ស្រប​ពេល​យុទ្ធ​នាការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ នៅ​ទូទាំង​ប្រទេស​សម្រាប់​ប្រជាជន​​មាន​អាយុចាប់​ពី​ ៦ ​ឆ្នាំឡើង​ទៅ ​សម្រេច​បាន​ប្រមាណ ៨៤,១១ ​ភាគ​រយ ( គិត​ត្រឹម​ថ្ងៃ ​៧ ខែ​ តុលា ឆ្នាំ ​២០២១)។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​​ថ្ងៃទី ​៦ ខែ តុលា ឆ្នាំ ២០២១ បាន​លើក​ឡើង​ថា ការ​បើក​ឱ្យ​ប្រជាជន​ឈប់​សម្រាក និង​ដើរ​កម្សាន្ត​​ក្នុង​ពិធី​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំ ២០២១ នេះ គឺ​ជា​ការ​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​កម្ពុជា​សាក​ល្បង​ បន្ទាប់​ពី​រដ្ឋាភិបាល​​​រឹត​បន្តឹង​មួយ​រយៈ ដើម្បី​​​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩​។

លោក​មាន​ប្រសាសាន៍​ថា​៖​ «នេះ​ជា​ការ​សាក​ល្បង​ធំ​ណាស់​សម្រាប់​ប្រទេស​យើង​ក្នុង​សភាព​ការណ៍​ថ្មី បន្ទាប់​ពីការ​ចាក់​វ៉ាក់​សាំង​ដូស​ទី២ និង​មាន​ដូស​ជំរុញ​ថែម​ទៀត។ យើង​នឹង​តាម​ដាន​ពិនិត្យ​អំពី​បញ្ហា​នេះ ដែល​ចេញ​ពី​ការសាក​ល្បង​របស់​យើង។ នេះ​មិន​មែន​ជា​ការ​សាក​ល្បង​ដ៏​ប្រថុយ​ប្រថាន​ទេ ប៉ុន្តែ​ក៏​មិន​មែន​ជា​ការ​ច្បាស់​លាស់​ ១០០ ភាគ​រយ​ថា គ្មាន​បញ្ហា​នោះ​ដែរ យើង​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​យក​នូវ​ស្ថានការណ៍​ដ៏​អាក្រក់​ដែល​អាច​នឹង​កើតមាន​ឡើង ដូច​ជា​ករណី​ឥណ្ឌា»។

លោក​បន្ថែម​ថា៖​ «នេះ​ជា​ចំណុច​សាក​ល្បង​ថា តើ​បន្ទាប់​ពី​ភ្ជុំ​បិណ្ឌ​ហើយ​ យើង​នឹង​មាន​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរឬ​ទេ? ប្រសិន​បើ​មាន​ជំងឺ​ឆ្លង​ធ្ងន់ធ្ងរ ដើម្បី​បើក​ប្រទេស​លើ​គ្រប់​វិស័យ​ឡើង​វិញ នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ប៉ុន្តែ​ប្រសិន​បើបង​ប្អូន​អាច​ការពារ​ខ្លួន​បាន ហើយ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់ ពុំ​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​នោះ ប្រជា​ពលរដ្ឋ​របស់​យើង​នឹងទទួល​បាន​រួម​គ្នា ទៅ​លើ​ការ​បើក​សេដ្ឋ​កិច្ច សង្គម​ឡើង​វិញ ជា​ពិសេស​ករណី​សាលា​រៀន និង​ទេសចរណ៍​ផ្ទៃ​ក្នុង ដែល​ជា​ផ្នែក​មួយ​នៃ​សេវាកម្ម​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ជាតិ»៕