The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - «សេចក្តី​ព្រាងច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (ភ.រ.ជ)» ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​កាលពី​ព្រឹកមិញ

«សេចក្តី​ព្រាងច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (ភ.រ.ជ)» ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​កាលពី​ព្រឹកមិញ

Content image - Phnom Penh Post

«សេចក្តី​ព្រាងច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (ភ.រ.ជ)» ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​កាលពី​ព្រឹកមិញ

ភ្នំពេញៈ «សេចក្តីព្រាងច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (ភ.រ.ជ)» ត្រូវបាន​គណៈរដ្ឋមន្ត្រី​កម្ពុជា​អនុម័ត​ទាំងស្រុង ខណៈ​ច្បាប់​នេះ​ត្រូវ​រំពឹងថា នឹង​ក្លាយជា​ក្របខ័ណ្ឌ​គតិយុត្ត​ដ៏សំខាន់​ក្នុង​ការបង្កើន​ភាពទាក់ទាញ​ចំពោះ​វិស័យ​ឯកជន​ពី​បរទេស និង​ក្នុងស្រុក​ឱ្យ​បញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា និង​ដើម្បី​ចូលរួម​ជំរុញ​ការអភិវឌ្ឍ​គម្រោង​វិនិយោគ​សាធារណៈ តាម​យន្តការ ភ.រ.ជ ដែលជា​តម្រូវ​ការចាំបាច់​ក្នុង​ការទ្រទ្រង់​ចីរភាព​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង, ការបង្កើន​សមត្ថភាព​ប្រកួតប្រជែង, និង​ការធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​កម្ពុជា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នាថ្ងៃទី ៨ ខែតុលា នេះ​បាន​ថ្លែងថា សេចក្តី​ព្រាងច្បាប់​នេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការលើកកម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ពិសេស​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូវីដ ១៩ មាន​ភាពធូរស្រាល។ នៅពេលនេះ​ទាំង​ស្ថាប័ន IMF ធនាគារ​ពិភពលោក (WB) និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃទៀត​សុទ្ធតែ​បាន​ព្យាករណ៍​ដំឡើង​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដែល​ពីមុន​មាន​ប្រមាណ​ត្រឹម ១,៨ ភាគរយ​ក្នុង​ឆ្នាំ ២០២១ នេះ​នឹង​បាន​ដំឡើង​ដល់ ២,២ ភាគរយ។

លោក​ថ្លែងថា៖ «ឥឡូវនេះ​គេ​បាន​ព្យាករណ៍​ថា (កំណើន​សេដ្ឋកិច្ច) នឹង​ឡើងដល់ ២,២ ភាគរយ​វិញ ប៉ុន្តែ​បើ​រយៈពេល ២ ខែ​ចុងក្រោយ​ឆ្នាំនេះ យើង​អាច​បើក​បាន ជាពិសេស​ទេសចរណ៍​ផ្ទៃក្នុង និង​សេវាកម្ម​ដទៃទៀត កំណើន​សេដ្ឋកិច្ច នឹង​អាច​កើន​លើស​ពី​ហ្នឹង​បន្តិច។ ចំណូល​ថវិកាជាតិ​នឹង​អាច​វិលត្រឡប់​មកកាន់​ស្ថានភាព​ល្អប្រសើរ»។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (ភ.រ.ជ) នឹង​ក្លាយជា​ក្របខ័ណ្ឌ​គតិយុត្ត​ដ៏សំខាន់​មួយ​ក្នុង​ការបង្កើត​បរិស្ថាន​អំណោយផល ដើម្បី​បន្ត​ជំរុញ​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ផ្តល់​សេវាសាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ នៅក្រោយ​ពេល​ដែល​វិបត្តិ​ជំងឺ​កូវីដ ១៩ ថមថយ និង​ពង្រឹង​ភាពប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​សកលលោក។

លោក​បន្តថា កាលពី​ឆ្នាំ ២០១៥ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទទួល​បាន​ការអនុញ្ញាត​ ដើម្បី​ដឹកមុខ​លើ​ការងារ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ យុទ្ធសាស្ត្រ និង​គតិយុត្ត​សម្រាប់​គ្រប់គ្រង រៀបចំ និង​អនុវត្ត​គម្រោង​វិនិយោគសាធារណៈ តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន។ នៅក្នុង​កិច្ចដំណើរការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​ទទួល​បាន​ការគាំទ្រ​បច្ចេកទេស​ពី​ជំនាញ​ការផ្នែក​ច្បាប់​របស់ ADB ចាប់តាំងពី​ឆ្នាំ ២០១៧។

លោក​បន្តថា សេចក្តី​ព្រាង​ច្បាប់​ ភ.រ.ជ ត្រូវបាន​រៀបចំ​ឡើង​ក្នុង​បរិការណ៍​សំខាន់ៗ​មួយ​ចំនួន ដូចជា ការថយចុះ​ហិរញ្ញប្បទាន​ឥត​សំណង​លើ​សកលលោក និង​ការបាត់បង់​ជា​បណ្ដើរៗ​នូវ​ឥណទាន​សម្បទាន​កម្រិត​ខ្ពស់​របស់​កម្ពុជា​នាពេល​អនាគត, ប្រភព​ធនធាន​ថវិកាជាតិ​នៅ​មាន​កម្រិត ប៉ុន្តែ​តម្រូវការ​ទុនវិនិយោគ​សាធារណៈ​មាន​ទំហំ​កាន់តែ​ធំ​ជា​លំដាប់, វិបត្តិ​ជំងឺ​កូវីដ ១៩ កំពុង​យាយី និង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សមិទ្ធផល​សង្គម-សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​នាពេល​កន្លងមក និង​បន្ទុច​បង្អាក់​ដល់​ដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា ជាពិសេស​អាច​នឹង​ពន្យារពេល​នៃ​ការឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ក្នុង​​ការប្រែ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០, កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការបញ្ចៀស​កម្ពុជា​កុំឱ្យ​ធ្លាក់​ផុង​ទៅក្នុង «អន្ទាក់​នៃ​ថ្លៃ» ដែល​អាច​កើតឡើង​តាមរយៈ​ការចុះកិច្ចសន្យា​ដែល​មាន​រយៈពេល​វែង ដោយ​មិនមាន​ការពិនិត្យ និង​វាយតម្លៃ​ត្រឹមត្រូវ និង​ហ្មត់ចត់, និង​ការជំរុញ​កំណើន និង​ការរក្សា​ជីវភាព​សេដ្ឋកិច្ច​កម្ពុជា ដោយ​ផ្អែកលើ​មូលដ្ឋាន​ប្រភពធនធាន និង​នវានុវត្តន៍​ពី​វិស័យ​ឯកជន​ក្នុង​ការចូលរួម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ និង​ការផ្តល់​សេវាសាធារណៈ។

លោក​បាន​បញ្ជាក់ថា៖ «សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​បង្កើត​ក្របខ័ណ្ឌ​គតិយុត្ត​មួយ​ដែល​មាន​ភាពច្បាស់លាស់ ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព និង​បំពេញបន្ថែម​នូវ​នីតិវិធី និង​គោលការណ៍​ណែនាំ​ចាំបាច់​មួយចំនួន​ទៀត ដែល​ច្បាប់​ស្តីពី​សម្បទាន​មិនមាន​ចែង។ ម្យ៉ាងទៀត សេចក្តី​ព្រាងច្បាប់​នេះ ក៏​ដើម្បី​ធានាថា ដំណើរការ​រៀបចំ​អភិវឌ្ឍ​គម្រោង​តាម​យន្តការ ភ.រ.ជ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​អនុលោម​តាម​ក្របខ័ណ្ឌ និង​នីតិវិធី​រួមមួយ ដែល​បានផ្តល់​និង/ឬ​សន្យា​នឹង​ផ្តល់​ការគាំទ្រ​របស់​រដ្ឋ​ជា​ផ្នែក​ហិរញ្ញវត្ថុ​ និង/ឬ​ការគាំទ្រ​ផ្សេងទៀត សម្រាប់​គម្រោង»៕

អត្ថបទគួរចាប់អារម្មណ៍