ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង ១៣​ ម៉ឺន​តោន ស្មើ​នឹង​ទឹក​ប្រាក់​ជាង ៨១​ លាន​ដុល្លារ ទៅ​ទីផ្សារ​អន្តរ​ជាតិ នៅ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ​២០២១ ដែល​បរិមាណ​នេះ​កើន​ឡើងជាង​ ៤២​ ភាគ​រយ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ​២០២០។ នេះ​បើ​តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF)។

របាយការណ៍ CRF ​ចេញ​ផ្សាយ​នា​ដើម​សប្តាហ៍​នេះ​បង្ហាញ​ថា ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ឆ្នាំ ​២០២១ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​សម្រេច​បាន​ ១៣០ ២៤៨​ តោន កើន​ឡើង​ ៤២,៩៥ ភាគ​រយ ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ​២០២០ ដែល​មាន​ចំនួន​ត្រឹម​តែ ៩១ ១១៥ ​តោន។ ទឹក​ប្រាក់​បានពី​ការ​នាំ​ចេញ​អង្ករ​ក្នុង​ត្រីមាស​ទី​៣ មាន​ជាង ៨១​ លាន​ដុល្លារ​។

សម្រាប់​បរិមាណ​អង្ករ​នាំ​ចេញ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ ២០២១ គឺ​មាន​ចំនួន ៦៧ ២៥១ ​តោន (តម្លៃ​ ៣៥,៣៤​ លាន​ដុល្លារ) ដែល​ជា​បរិមាណ​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ​២០២០ ការ​នាំ​ចេញ​មាន​ចំនួន​ ៤០ ៥៧២​ តោន, ឆ្នាំ​ ២០១៩ មាន ៥៦ ៥៤១​ តោន, ឆ្នាំ ​២០១៨ មាន ៤៧ ៦២៦​ តោន, និង​ឆ្នាំ ​២០១៧ មាន​ចំនួន ៤៩ ៧៧៦ ​តោន​។​

ទោះជា​យ៉ាង​ណា​បរិមាណ​សរុប​នៃ​ការ​នាំ​ចេញ​រយៈ​ពេល ៩ ខែ​ ឆ្នាំ ២០២១ គឺ​មាន​ត្រឹម ៤១០ ៦៩៨ តោន (​ទឹក​ប្រាក់​ ២៨៣,៦៩ ​លាន​ដុល្លារ) ដោយ​ធ្លាក់​ចុះ​ ១៥,៩៧ ​​ភាគ​រយ ​ពី​ចំនួន ៤៨៨ ៧៧៥ ​តោន​នារយៈ​ពេល​ ៩​ខែ​ ឆ្នាំ ​២០២០។

យោង​តាម CRF ទីផ្សារដែល​ទទួល​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ គឺ​ប្រទេស​ចិន និងតំបន់​ស្វយ័ត​រដ្ឋបាល​ហុងកុង និង​ម៉ាកាវ ដែល​មានចំនួន ៤៩,៥០​ ភាគ​រយ​នៃ​ការ​នាំ​ចេញ​សរុប ខណៈ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប រួម​ទាំង​អង់​គ្លេស មាន​ ២៦,៩១ ភាគ​រយ ប្រទេស​ក្នុងសមាគម​អាស៊ាន ១០,០៩​ ភាគ​រយ និង​គោលដៅ​ផ្សេង​ទៀត ១៣,៥០ ភាគ​រយ​។

ប្រភេទ​អង្ករ​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ ៦៩,៧១ ភាគ​រយ អង្ករ​ស​បាយ​ទុន ២៧,១៨ ភាគ​រយ អង្ករ​ចំហុយ ១,៧១ ភាគ​រយ និង​អង្ករសរីរាង្គ ១,៤១ ភាគ​រយ​។

បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ចាប់​តាំង​ពី​ចុង​​ឆ្នាំ​ ២០២០ ខណៈ​បញ្ហា​នេះ​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ស្រូវ​អង្ករ​អះអាង​ដូចគ្នា​ថា ​បណ្តាល​មក​ពី​កង្វះ​ទូ​កុងតឺន័រ និង​តម្លៃ​ដឹក​ជញ្ជូន​កើន​ឡើង​ខ្ពស់ ពិសេស​គោលដៅ​ទៅ​តំបន់​អឺរ៉ុប​។​

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក ចាន់ សុខឃាំង ធ្លាប់​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា តម្លៃ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ពិសេស​ចាប់ពី​ខែ​វិច្ឆិកា ឆ្នាំ ​២០២០។

លោក​បន្តថា ការ​កើន​ឡើង​តម្លៃ​ដឹកជញ្ជូន​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​ក្លាយ​ជា​ឧបសគ្គ​ដ៏ធំ​សម្រាប់​ផែនការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ ​២០២១ នេះ។

លោក​ប្រាប់​ទៀត​ថា បើ​តាម​ការ​ពន្យល់​ពី​ផ្នែក​ដឹក​ជញ្ជូន​ការ​កើន​ឡើង​តម្លៃ​ពេល​នេះ​ គឺ​បណ្តាល​មកពី​កង្វះខាត​ទូ​កុងតឺន័រ​ផ្ទុក​ទំនិញ។

កាលពី​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​សរុប ៦៩០ ៨២៩ តោន ដោយ​មាន​តម្លៃ​ជិត ៥៣៩ លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕