ភ្នំពេញៈ ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ទំនិញ​ (​ដក​មាស​) ក្នុង​រយៈពេល ៨ ​ខែ ឆ្នាំ ២០២១ មាន​ជាង ១១ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ខណៈ​ការ​នាំចូល​ទំនិញ​ (​ដក​មាស​) កើន​ជាង ២៦ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច-សង្គម បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​ ២០២១ ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ (​ដក​មាស​) ​សម្រេចបាន​ក្នុង​ទំហំ​ទឹកប្រាក់ ១១ ០១០ ​លាន​ដុល្លារ កើន ២០,៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ កំណើន​នេះ​បានមកពី​ការនាំចេញ​កង់​, គ្រឿងសង្ហារិម​, កៅស៊ូ​, ក្តារ​កុងប្លាកេ​, សូឡា​, ខ្សែភ្លើង​,​គ្រឿង​ផ្គុំ​ខ្សែភ្លើង​, គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិផល​ជាដើម​។

ដោយឡែក​ការនាំ​ចូល​ទំនិញ (​ដក​មាស​) មាន​ទឹកប្រាក់ ១៤,៦ ​ពាន់​លាន​ដុល្លារ កើន ២៦,៧ ​ភាគរយ​។ កំណើន​នៃ​ការនាំ​ចូល​នេះ ដោយសារ​ការកើនឡើង​ការនាំចូល​ក្រណាត់​, គ្រឿង​សំណង់​, ប្រេងឥន្ធនៈ និង​ទំនិញ​ផ្សេងៗ​។

យោងតាម​របាយការណ៍​ខាងលើ​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​បានអូសបន្លាយ​រហូតមក​ដល់​បច្ចុប្បន្ន និង​បានដាក់​សម្ពាធ​មកលើ​សូចនាករ​សំខាន់ៗ​នៃ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​រំពឹងថា នឹងមាន​កំណើន​វិជ្ជមាន​ក្នុង​ឆ្នាំ​ ២០២១ ដោយសារ​ការងើបឡើង​វិញ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល​, សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​កម្ពុជា បូករួម​ជាមួយ​ការជំរុញ​ពី​វិស័យ​មួយចំនួន រួមមាន កសិកម្ម​, វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​, វិស័យ​ដឹកជញ្ជូន និង​គមនាគមន៍ និង​លទ្ធភាព​នៃ​ការបង្វែរ​ការបញ្ជាទិញ និង​រោងចក្រ​កាត់ដេរ​ពី​ប្រទេស​មីយ៉ាន់ម៉ា​មកកាន់​ប្រទេស​កម្ពុជា​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ទោះ​ក្នុងអំឡុងពេល​កូវីដ​ ១៩ បន្ត​ការរីករាលដាល ក៏​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​មិនបាន​ធ្លាក់ចុះ​នោះទេ​។ លោក​បន្តថា ការនាំចេញ និង​នាំចូល​របស់​កម្ពុជា​សុទ្ធតែ​ស្ថិតក្នុង​រង្វង់​កំណើន​ជាង ២០ ​ភាគរយ​ដូចគ្នា នេះ​ជា​អត្រាកំណើន​ល្អ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ជាពិសេស​កំណើន​នៃ​ការនាំចេញ​ផលិតផល​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន និង​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងពេល​ឆាប់ៗ​»​។

កាលពីដើម​ខែសីហា រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ ២០២១ នឹង​កើនឡើង ២,៥ ​ភាគរយ​។

រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ថ្មីៗ​នេះ​បាន​និយាយថា ផ្អែកលើ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ការឆ្លង ការឈឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​កូវីដ​ ១៩ កម្ពុជា​នឹង​បើក​សេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។

ក្នុង​ឆ្នាំ​ ២០២០ ការនាំចេញ​ទំនិញ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើនឡើង​ ១៦,៧២ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ និង​ការ​នាំចូល មាន​ចំនួន ១៨ ៥៩០,៤៨ លាន​ដុល្លារ ធ្លាក់ចុះ ៧,៨៤ ​ភាគរយ​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​៕ LA