
សកម្មភាពម៉ាស៊ីនលើកកុងតឺន័រក្នុងកំពង់ផែភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា «សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន (ភ.រ.ជ.)» ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីចុងសប្តាហ៍មុន នឹងក្លាយជាកម្លាំងចលករមួយបន្ថែមពីលើច្បាប់វិនិយោគថ្មី ដែលត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តកាលពីពេលថ្មីៗ ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យបញ្ចេញទុនវិនិយោគនៅកម្ពុជា។
«សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន» មាន ១៤ ជំពូក ៤៩ មាត្រា និង ២ ឧបសម្ព័ន្ធ ត្រូវបានឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីឱ្យដឹងថា សេចក្តីព្រាងច្បាប់ ភ.រ.ជ. ត្រូវបានរៀបចំដោយឈរលើមូលដ្ឋាននៃ «ឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍយន្តការ ភ.រ.ជ. សម្រាប់ការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០» ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីខែមិថុនា ឆ្នាំ ២០១៦។ ភ.រ.ជ. ត្រូវបានរៀបចំឡើងដើម្បីជំនួសច្បាប់ស្តីពីសម្បទាន បន្ទាប់ពីច្បាប់នេះត្រូវបានពិនិត្យឡើងវិញ និងវាយតម្លៃ ឃើញថាមិនទាន់អនុលោមពេញលេញតាមឧត្តមានុវត្តន៍អន្តរជាតិ និងសភាពការណ៍ជាក់ស្តែងនៃការគ្រប់គ្រង និងអនុវត្តគម្រោង ភ.រ.ជ. បាននៅឡើយ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាស្ថាប័នមានសមត្ថកិច្ច ទម្រង់នៃការទូទាត់ កិច្ចធានារបស់រដ្ឋ សិទ្ធិ និងកាតព្វកិច្ចមួយចំនួនរបស់គូភាគីនៃកិច្ចសន្យា ភ.រ.ជ. និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគម្រោង។
យោងតាមសេចក្តីប្រកាសព័ត៌មាន ភ.រ.ជ. ត្រូវបានរៀបចំឡើងក្នុងបរិការណ៍សំខាន់ៗមួយចំនួនដូចជា ការថយចុះហិរញ្ញប្បទានឥតសំណងលើសកលលោក និងការបាត់បង់ជាបណ្ដើរៗនូវឥណទានសម្បទានកម្រិតខ្ពស់របស់កម្ពុជានាពេលអនាគត, ប្រភពធនធានថវិកាជាតិនៅមានកម្រិត ប៉ុន្តែតម្រូវការទុនវិនិយោគសាធារណៈមានទំហំកាន់តែធំ, វិបត្តិជំងឺកូវីដ ១៩ កំពុងយាយី និងបង្កផលប៉ះពាល់អវិជ្ជមានដល់សមិទ្ធផលសង្គមសេដ្ឋកិច្ច និងបន្ទច់បង្អាក់ដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសអាចនឹងពន្យារពេលការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០, កិច្ចខិតខំប្រែងក្នុងការបញ្ចៀសកម្ពុជាកុំឱ្យធ្លាក់ផុងទៅក្នុង «អន្ទាក់នៃថ្លៃ» ដែលអាចកើតឡើងតាមរយៈការចុះកិច្ចសន្យាដែលមានរយៈពេលវែង ដោយមិនមានការពិនិត្យ និងវាយតម្លៃត្រឹមត្រូវ និងហ្មត់ចត់, និងការជំរុញកំណើន និងការរក្សាជីវភាពសេដ្ឋកិច្ចកម្ពុជា ដោយផ្អែកលើមូលដ្ឋានប្រភពធនធាន និងនវានុវត្តន៍ពីវិស័យឯកជន ក្នុងការចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការផ្តល់សេវាសាធារណៈ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១០ ខែតុលា ថា នេះជាយន្តការថ្មីមួយទៀតរបស់រដ្ឋាភិបាលក្នុងការបង្កើនភាពទាក់ទាញឱ្យវិនិយោគិនចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា បើទោះបីរៀងរាល់ឆ្នាំរដ្ឋាភិបាលតែងរៀបចំឱ្យមានវេទិការដ្ឋ និងវិស័យឯកជន និងការជួយសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ក៏ដោយ។ លោកបន្តថា ការបង្កើតឱ្យមានច្បាប់បែបនេះ នឹងមានឥទ្ធិពលខ្លាំងសម្រាប់ផ្តល់ជាទំនុកចិត្តដល់អ្នកវិនិយោគ ពិសេសវាក៏អាចទាក់ទាញនូវការវិនិយោគធំៗដែលមានលក្ខណៈឧស្សាហកម្មធុនមធ្យម និងធំ។
លោកបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់នេះអាចនិយាយថា ជាយន្តការសំខាន់ក្នុងការបង្កើនភាពទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចមួយដែលមានធន់ រឹងមាំ និងរយៈពេលវែង»។
លោកបន្ថែមថា ទន្ទឹមនឹងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងលក្ខណៈតំបន់ និងទ្វេភាគី និងការបង្កើតច្បាប់ទាក់ទងនឹងការវិនិយោគជាបន្តបន្ទាប់ កម្ពុជាក៏ត្រូវគិតពីការពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យឆ្លើយតបនឹងការចង់បានរបស់ទីផ្សារអន្តរជាតិផងដែរ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃទី ៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបន្ទាប់ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ មានភាពធូរស្រាល។ នៅពេលនេះទាំងស្ថាប័ន IMF និងធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុដទៃទៀតសុទ្ធតែបានដំឡើងការព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ដែលពីមុនមានត្រឹម ១,៨ ភាគរយក្នុងឆ្នាំ ២០២១ នេះ នឹងបានដំឡើង ដល់ ២,២ ភាគរយ៕ LA