ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​ចំនួន​ ២ បាន​រាយការណ៍​ពី​ការស្ទុះ​ងើបឡើង​វិញ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ​ក្នុង​រយៈពេល​ ៣ ​ត្រីមាស​ចុងក្រោយ​នេះ​ ដោយសារ​ភាពប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ពី​វិបត្តិ​សុខភាព​ជំងឺ​កូវីដ​ ១៩​។

ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (PPAP) បាន​រាយការណ៍​នៅក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ផ្ញើ​ទៅ CSX កាលពី​ថ្ងៃទី​ ៨ ខែតុលា​ថា ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ បាន​កើនឡើង​ជិត ១៩ ​ភាគរយ ខណៈ​ចំនួន​ទំនិញ និង​ឥន្ធនៈ​ឧស្ម័ន​កើនឡើង ៤,២៣ ​ភាគរយ​ផងដែរ​នៅក្នុង​រយៈពេល ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២១​។

រីឯ​ក្រុមហ៊ុន PESTECH (Cambodia) ក៏បាន​រាយការណ៍​ថា ប្រាក់ចំណូល​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ ២០២១ បាន​កត់ត្រា​ចំនួន ២៧៣ ៦២៨ ​លាន​រៀល​តំណាងឱ្យ​ការកើន ៧០ ៦១៤ ​លាន​រៀល ឬ ៣៤,៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ហិរញ្ញវត្ថុ​ ២០២០ ដែល​បាន​កត់ត្រា ២០៣,០១៤ ​លាន​រៀល​។

ក្រុមហ៊ុន PESTECH បានឱ្យដឹងថា​៖ «​ការកើនឡើង​នេះ​ភាគច្រើន​បានមកពី​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​នៅ​កម្ពុជា និង​នៅ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ​»​។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​ក៏បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ប្រាក់ចំណេញ​ប្រតិបត្តិការ​ពី ៦៤ ៦៨០ ​លាន​រៀល​នៅ​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ មក​នៅត្រឹម ៣១ ០៣៣​ លាន​រៀល​នៅ​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១ ដែល​តំណាងឱ្យ​ការថយចុះ ៣៣ ៦៤៧ ​លាន​រៀល ឬ​ ៥២,០ ​ភាគរយ ដែល​ភាគច្រើន​ដោយសារ​ប្រាក់ចំណេញ​កាន់តែ​ខ្ពស់ ដែល​បានមកពី​ការបញ្ចប់​គម្រោង​ធំៗ​ចំនួន​ ២ ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០​។

ចំណែក​ប្រាក់ចំណេញ​សុទ្ធ​បាន​កត់ត្រា​ចំនួន ៥ ៩៨០ លាន​រៀល តំណាង​ឱ្យ​ការធ្លាក់ចុះ ២៣ ៤៦៣ ​លាន​រៀល​ ឬ​ ៧៩,៧ ​ភាគរយ​បើ​ធៀប​នឹង​ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ២៩ ៤៤៣ ​លាន​រៀល​។ យោងតាម​របាយការណ៍​បានឱ្យដឹងថា ប្រាក់ចំណេញ​សុទ្ធ​កាន់តែ​ខ្ពស់​នៅក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២០ គឺ​ដោយសារតែ​ប្រាក់ចំណេញ​កាន់តែ​ខ្ពស់​ដែល​បានមកពី​ការបញ្ចប់​គម្រោង​ធំៗ​ចំនួន ២​។

លោក Han Fatt Juan អគ្គនាយក PESTECH បានឱ្យដឹង​កាលពី​ខែឧសភា​ថា PESTECH បាន​អនុវត្ត​ការងារ​ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន នៅលើ​អណ្ដូងរ៉ែ​មាស អូខ្វាវ ក្នុង​ខេត្តមណ្ឌលគិរី​។

លោក​បន្ថែមថា ក្រុមហ៊ុន​មួយ​នេះ​កំពុង​ធ្វើការ​យ៉ាងសកម្ម​លើ​កសិដ្ឋាន​ផលិត​ថាមពល​សូឡា ដែលមាន​ថាមពល ២០ ​មេហ្គាវ៉ាត់​នៅក្នុង​ក្រុង​បាវិត​ខេត្តស្វាយរៀង ដោយ​ការងារ​បឋម​មានការ​រីកចម្រើន​ជា​លំដាប់ ហើយ​បានដាក់​ការបញ្ជាទិញ​ជាមុន​សម្រាប់​សម្ភារ និង​គ្រឿង​ផ្គុំ​សំខាន់ៗ​ដែល​នឹងត្រូវ​ផ្ដល់នៅ​ត្រីមាស​ទី​ ៤ ឆ្នាំនេះ​ និង​ឆ្នាំ​បន្ទាប់​ទៀត​។

លោក​បន្ថែមថា ការងារ​លើ​គម្រោង​ខ្សែ​បញ្ជូន​ថាមពល​ចម្ងាយ ១៣០ ​គីឡូម៉ែត្រ​ខាងកើត​ខេត្តសៀមរាប និង​ខេត្ត​ឧត្តរមានជ័យ កំពុង​ដំណើរការ​យ៉ាង​រលូន​ដោយមាន​មូលដ្ឋាន​មួយចំនួន​កំពុង​ត្រូវបាន​សាងសង់​នៅលើ​ទីតាំង​ដែល​បានជ្រើសរើស​។ លោក​បន្តថា ប៉ម​ខ្សែ​បញ្ជូន​ថាមពល និង​ឧបករណ៍​ថាមពល នឹងត្រូវ​ដំឡើង​ឡើង​នៅពេល​សម្ភារ​មកដល់​នៅ​ត្រីមាស​ខាងមុខ​។

លោក Han ថ្លែងថា​៖ «​យើង​សង្ឃឹមថានឹង​បន្តសកម្មភាព​អនុវត្ត​គម្រោង ចំពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ យើង​នឹង​ខិតខំ​ធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ធានា​បរិយាកាស​ការងារ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​សមាជិក​ក្រុម​របស់​យើង​ទាំងអស់​»​។

លោក​ឱ្យដឹងទៀតថា PESTECH ក៏មាន​ភារកិច្ច​អនុវត្ត​ផ្នែក​ខ្លះ​នៃ​ការងារ​ដំណាក់កាល​ទី​ ២ នៃ​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន​ថាមពល និង​ចែកចាយ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន ២៣០ ​គីឡូវ៉ុល​ដែល​លោក​សង្កត់ធ្ងន់ថា ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ដ៏សំខាន់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

លោក​បន្តថា គម្រោង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ការដាក់​ពង្រាយ​ម៉ាស៊ីន​ខួង​ទិសដៅ​ផ្ដេក (HDD) ដែល​កាត់បន្ថយ​ការរំខាន​ដល់​ការធ្វើដំណើរ​តាម​យានយន្ត និង​ថ្មើរជើង​។

កាលពី​ថ្ងៃទី​ ១២ ខែសីហា ឆ្នាំ​ ២០២០ ក្រុមហ៊ុន​មួយ​នេះ​បាន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា ប្រកប​ដោយ​ភាពជោគជ័យ​។ ចំនួន​ភាគហ៊ុន​ដែល​ចេញ​ថ្មី​មាន​ចំនួន ៣ ៩៤៥ ០០០ ​ភាគហ៊ុន​ដែលមាន​តម្លៃ​ស្មើនឹង ៤០០ ​រៀល​ ឬ​ ០.១០ ​ដុល្លារ​ក្នុងតម្លៃ​ទិញ​លក់ ៣១២០ ​រៀល ឬ​ ០,៧៦ ​ដុល្លារ​។ នៅពេល​បញ្ចប់​ការចុះបញ្ជី​នៅ CSX ក្រុមហ៊ុន PESTECH International Berhad បាន​គ្រប់គ្រង​ភាគហ៊ុន​ចំនួន ៩៤,៧៤ ​ភាគរយ​របស់​ក្រុមហ៊ុន​មួយ​នេះ​៕ LA