ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក​នៅក្នុង​រយៈពេល ៨ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​សរុប​ជិត ៥,៥ ​ពាន់​លាន​ដុល្លារ កើន​ជាង ២៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​កំណើន​ជាង ២៧ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក​។

ទិន្នន័យ​ចេញផ្សាយ​នាពេល​ថ្មីៗ​នេះ​ឱ្យដឹងថា បើទោះបី​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​អូសបន្លាយ​ការរីករាលដាល​លើ​ពិភពលោក ដែល​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​មួយចំនួន ក៏​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អាមេរិក នៅតែ​បន្ត​សញ្ញា​វិជ្ជមាន ដោយ​គិត​ចាប់ពី​ខែមករា មកដល់​ខែសីហា ឆ្នាំ​ ២០២១ មាន​តម្លៃ​សរុប ៥ ៤៩៩,៤ ​លាន​ដុល្លារ កើនឡើង​ ២៨,៤៧ ​ភាគរយ ពី​ចំនួន ៤ ២៨០,៥ ​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

បើតាម​ការិយាល័យ​ជំរឿន​អាមេរិក​ក្នុង​រយៈពេល​ខាងលើ​ការនាំ​ទំនិញ​ពី​កម្ពុជា មានទឹកប្រាក់ ៥ ២២០,៦ ​លាន​ដុល្លារ កើនឡើង ២៧,៨៨ ​ភាគរយ និង​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​មាន​ទឹកប្រាក់ ២៧៨,៨ ​លាន​ដុល្លារ កើនឡើង​ ៤០,៥៩ ​ភាគរយ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១១ តុលា​ថា ភាពវិជ្ជមាន​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង ២ គឺ​មកពី​លក្ខណៈ​មួយ​ចំនួន​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​, ផលិតកម្ម​របស់​កម្ពុជា​អាចឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អាមេរិក និង​អាច​បណ្តាលមកពី​ប្រទេស​នាំចេញ​ទៅ​ទីផ្សារ​អាមេរិក​មួយចំនួន​ជួប​បញ្ហា​ (​មីយ៉ាន់ម៉ា​)​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​អាមេរិក តែងតែ​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​ប្រទេស​តំបន់​អាស៊ាន ដូច្នេះ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ទីផ្សារ​នាំចេញ​របស់​កម្ពុជា​នឹង​មាន​ទំហំ​កាន់តែ​ធំ​នៅពេល​អនាគត​»​។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​អាមេរិក មាន សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ និង​ផលិតផល​កសិកម្ម ជាដើម​។ ចំណែក​ផលិតផល​អាមេរិក​នាំមក​កម្ពុជា មានដូចជា យានយន្ដ ចំណី​សត្វ និង​គ្រឿង​ម៉ាស៊ីន​។

កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១ សហរដ្ឋអាមេរិក បាន​បើក​ការិយាល័យ​របស់​ក្រសួងកសិកម្ម​ (USDA) ​ជា​លើកដំបូង​របស់ខ្លួន​នៅ​កម្ពុជា​ ដើម្បី​ទ្រទ្រង់​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កសិកម្ម​ដែល​កំពុងមាន​កំណើន​​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​។

យោងតាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ទីផ្សារ​កម្ពុជា​កំពុងមាន​កំណើន​សម្រាប់​ទំនិញ​កសិកម្ម​នាំចេញ​របស់​អាមេរិក ដោយ​ក្នុង​ឆ្នាំ​ ២០២០ គេ​លក់បាន​ក្នុងតម្លៃ​ ៧២,៧ ​លាន​ដុល្លារ​ កើន ៤៧៤ ​ភាគរយ​នៅក្នុង​រយៈពេល​ ១០ ​ឆ្នាំ​មកនេះ​។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy និយាយថា ប្រទេស​កម្ពុជា​ចូលចិត្ត​ផលិតផល និង​បច្ចេកវិទ្យា​កសិកម្ម​អាមេរិក​។ ការិយាល័យ​ថ្មី​របស់ USDA នឹងចូលរួម​ជំរុញ​ឱ្យ​អតិថិជន និង​ផលិតករ​កម្ពុជា​ទទួល​បាន​ផលិតផល​ និង​បច្ចេកវិទ្យា​ទាំងនោះ​ឱ្យបាន​កាន់តែច្រើន​។

លោក​បាន​ថ្លែងថា​៖ «​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​ទាំង​ ២ ​ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​យើង​ក្នុង​ការធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​ទំនិញ និង​សេវា​ប្រកប​ដោយ​គុណភាព​ពី​សហរដ្ឋអាមេរិក​»​។

កាលពី​ឆ្នាំ​ ២០២០ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ​សរុប ៦ ៩២១,៣ ​លាន​ដុល្លារ​កើនឡើង​ ១៧,៨៩ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មានតម្លៃ ៦ ៥៧៧,៧ ​លាន​ដុល្លារ កើន ២២,៧៩ ​ភាគរយ ចំណែក​ការនាំ​ទំនិញ​ពី​អាមេរិក​មក​កម្ពុជា​វិញ​មានតម្លៃ​៣៤៣,៦ ​លាន​ដុល្លារ​ធ្លាក់ចុះ​ ៣៣,១៥ ​ភាគរយ​។ នេះ​បើ​យោងតាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​៕ LA