
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ហេង ជីវ័ន
ភ្នំពេញៈ គម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៧៥ គម្រោងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ ធ្លាក់ជិត ៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម បង្ហាញថា ការបណ្តាក់ទុនថ្មីៗនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរទេ ជាក់ស្តែងចាប់ពីខែមករា-សីហា ឆ្នាំ ២០២១ មានគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសត្រឹមតែ ៧៥ គម្រោងប៉ុណ្ណោះ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ខណៈតួលេខនេះធ្លាក់ចុះ ៣០ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ គម្រោងថ្មីៗទាំងនេះ អាចបង្កើតការងារបាន ៥៧ ០០០ នាក់ ធ្លាក់ចុះ ៣២,៣ ភាគរយ និងមានទុនវិនិយោគសរុប ១ ១០៦ លានដុល្លារ ធ្លាក់ ៥២,៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១១ ខែតុលាថា ការធ្លាក់ចុះគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺជាប់ទាក់ទងនឹងឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ដែលបង្ខំឱ្យប្រទេសនីមួយៗធ្វើការរឹតបន្តឹង ឬបិទព្រំដែនសម្រាប់ការធ្វើដំណើរ។ បន្ថែមលើនេះ ប្រទេសនីមួយៗសុទ្ធតែបានកំណត់ពីរយៈពេលនៃការធ្វើចត្តាឡីស័កយូរថ្ងៃដែលធ្វើឱ្យឱកាសនៃការចូលមកសិក្សាទីផ្សារ ទីតាំងវិនិយោគ និងបែបបទវិនិយោគត្រូវជាប់គាំង។
លោកបន្ថែមថា ទោះយ៉ាងណាសម្រាប់កម្ពុជា ដែលជាប្រទេសមានអត្រាអ្នកចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ បានច្រើនជាងគេក្នុងតំបន់ រំពឹងថានឹងអាចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងពេលឆាប់ៗ។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿថា ផែនការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក និងបើកដំណើរការសេដ្ឋកិច្ចឡើងវិញនឹងបើកឱកាសឱ្យវិនិយោគិនជាច្រើនធ្វើដំណើរមកកម្ពុជា ហើយកំណើននៃការដាក់ពាក្យស្នើសុំវិនិយោគ ក៏ដូចជាការអនុម័តរបស់អាជ្ញាធរនឹងមានសម្ទុះឡើងវិញ ពិសេសចាប់ពីដើមឆ្នាំ ២០២២ ដែលពេលនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងលក្ខណៈតំបន់ ក៏ត្រូវចូលជាធរមានផងដែរ»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) និយាយថា ចាប់ពីមានវិបត្តិជំងឺកូវីដ ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សញ្ញានៃការមកស្នើសុំវិនិយោគហាក់មិនមានសញ្ញាវិជ្ជមាននោះទេ ព្រោះកូវីដ ១៩ ធ្វើឱ្យកម្រិតនៃភាពជឿជាក់លើសុវត្ថិភាពផ្នែកសុខាភិបាលធ្លាក់ចុះ។
លោកបន្តថា ក្តីបារម្ភពីសុវត្ថិភាពផ្នែកសុខភាព និងភាពមិនច្បាស់លាស់នៃតម្រូវការទីផ្សារ ធ្វើឱ្យផែនការវិនិយោគជាច្រើនត្រូវពន្យារពេល។ ម្យ៉ាងទៀតភាពប្រទាញប្រទង់នៃប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗទាំង ២ លើពិភពលោកក៏បានជះឥទ្ធិពលធ្វើឱ្យវិនិយោគិនមួយចំនួនមានភាពរារែកក្នុងការសម្រេចចិត្តទៅវិនិយោគនៅប្រទេស ឬទីតាំងណាមួយផងដែរ។
ជាមួយនឹងសមិទ្ធផលថ្មីៗ ដែលរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់ (ច្បាប់វិនិយោគថ្មី, ការចូលធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសនានា, និងសេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន) លោក វណ្ណៈ បានបន្ថែមថា កំណើននៃការចូលមកវិនិយោគនៅកម្ពុជានឹងមានកំណើនឡើងវិញ។
លោកបញ្ជាក់ថា៖ «ខ្ញុំអាចនិយាយថា សមិទ្ធផលដែលរដ្ឋាភិបាលកម្ពុជាទើបសម្រេចបាននឹងក្លាយជាកម្លាំងឆក់ដ៏ខ្លាំងក្នុងការស្រូបទាញអ្នកវិនិយោគធំៗឱ្យបញ្ចេញប្រាក់មកវិនិយោគនៅកម្ពុជា ជាពិសេសបន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល»។
លោកបានបន្ថែមថា តាមការសង្កេតវិស័យដែលកំពុងថមថយ ឬជាប់គាំងនៅពេលនេះនឹងមានកំណើនឡើងវិញក្នុងនោះរួមមានវិស័យទេសចរណ៍, ឧស្សាហកម្ម អចលនទ្រព្យ និងសំណង់ និងបច្ចេកវិទ្យា៕LA