ភ្នំពេញៈ លោក Yasuhisa Ojima តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ប្រចាំ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ដែល​ឆ្លុះបញ្ចាំង​ពី​វិធានការ​បុរេសកម្ម​របស់​រដ្ឋាភិបាល​ចំពោះ​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ លើ​សង្គម និង​សេដ្ឋកិច្ច ខណៈ​ស្ថាប័ន​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​នេះ​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ប្រហែល ២,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ នេះ​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​លោក​ Yasuhisa Ojima ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ​កាលពី​ថ្ងៃទី​ ១១ ខែតុលា​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC​។

លោក Yasuhisa បានឱ្យដឹងថា បន្ទាប់ពី​ក្រុម​បេសកកម្ម​នៃ​ក្រុមការងារ IMF ដឹកនាំ​ដោយ​លោក Alasdair Scott បាន​ជួបប្រជុំ​តាម​អនឡាញ​ជាមួយនឹង​អាជ្ញាធរ​កម្ពុជា​ស្តីពី​ការពិគ្រោះ​យោបល់​មាត្រា ៤ ឆ្នាំ​ ២០២១ ក្នុងអំឡុង​ពីថ្ងៃ​ទី​ ១៣-២៧ ខែកញ្ញា ឆ្នាំ​ ២០២១ បានឱ្យដឹងថា​៖ «​ជំងឺ​កូវីដ-១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តែ​ការធ្លាក់ចុះ​តម្រូវការ​ខាងក្រៅ​កាលពី​ឆ្នាំ​ ២០២០ និង​ការឆ្លង​ក្នុង​សហគមន៍​ឆ្នាំ​ ២០២១»​។

«​ជា​លទ្ធផល IMF មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អាជ្ញាធរ​ដែល​បាន​ឆ្លើយតប​ជាមួយនឹង​វិធានការ​ទប់ស្កាត់​ការរីករាលដាល​វីរុស​កូវីដ​ ១៩ និង​គាំទ្រ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដាក់​ចេញ​វិធានការ​ជា​បន្តបន្ទាប់​យ៉ាង​ឆាប់រហ័ស​ក្នុង​គ្រា​មាន​វិបត្តិ ដើម្បី​កែលម្អ​សន្ទនីយភាព​ក្នុង​ប្រព័ន្ធ​ធនាគារ និង​បានចេញ​សេចក្តីណែនាំ​ដល់​ធនាគារ​ ដើម្បី​ជួយ​សម្រួល​ដល់​ការរៀបចំ​ឥណទាន​ឡើងវិញ ព្រោះ​វា​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច និង​សម្រាល​បន្ទុក​ដល់​ពាណិជ្ជករ និង​គ្រួសារ​ជនក្រីក្រ​»​។ នេះ​បើតាម​ការដកស្រង់​សម្តី​របស់លោក Yasuhisa​។

លោក ជា ចាន់តូ បាន​កោតសរសើរ​ចំពោះ IMF ប្រចាំ​នៅ​កម្ពុជា ដែល​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការជួយ​សម្រួល​ដល់​ការផ្តល់​ជំនួយ​បច្ចេកទេស ក៏ដូចជា​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ដល់​ប្រទេស​កម្ពុជា​។

យោងតាម IMF ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល និង​ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្រូវការ​ខាងក្រៅ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹងមាន​ប្រហែល ២ ​ភាគរយ​នៅ​ឆ្នាំនេះ និង​ ៥ ​ភាគរយ​នៅ​ឆ្នាំក្រោយ​។

IMF បាន​បង្ហាញថា រដ្ឋាភិបាល​បាន​ប្តូរ​ទិស​ធនធាន​យ៉ាង​ឆាប់រហ័ស​ទៅ​ផ្នែក​ការថែទាំ​សុខភាព ខណៈ​ដែល​ធ្វើឱ្យ​ការចំណាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ការចំណាយ​ផ្សេងៗ​ទៀត​នៅពេល​បច្ចុប្បន្ន​។ រដ្ឋាភិបាល​បាន​អនុវត្ត​ប្រព័ន្ធ​ការផ្ទេរ​ប្រាក់​ទៅឱ្យ​ក្រុមគ្រួសារ​ដែល​ងាយ​រងគ្រោះ​។ ប្រាក់កម្ចី និង​ការធានា​ការលើកលែង​ការបង់ពន្ធ ការឧបត្ថម្ភ​ធន​ប្រាក់​ឈ្នួល និង​ការគាំទ្រ​សម្រាប់​ការបណ្តុះបណ្តាល​ជំនាញ​ឡើងវិញ​ត្រូវបាន​ពង្រីក​ដល់​អាជីវកម្ម​ដែល​រង​ផលប៉ះពាល់​។

IMF ព្យាករ​កំណើន ២,២ ​ភាគរយ​នៅ​ឆ្នាំ​ ២០២១ ដោយ​កើន​បន្តិចម្តងៗ​ដល់​អត្រា​មុន​វិបត្តិ​ ៦,៣០ ​ភាគរយ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំក្រោយ​។

IMF បានឱ្យដឹងថា​៖ «​កំណើន​នាពេល​អនាគត​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការវិវត្ត​នៃ​ការរីករាលដាល​កូវីដ​ ១៩​។ ការទប់ស្កាត់​វីរុស​កាន់តែ​លឿន​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត​នឹង​ជួយ​សម្រួល​ដល់​ការបើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​។ ការបើក​ដំណើរការ​កាន់តែ​យឺត នឹង​ធ្វើឱ្យ​ខូច​កំណើន​បន្ថែមទៀត​»​។

IMF បន្តថា​៖ «​ខ្លួន​បាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​កំណែទម្រង់​របស់​អាជ្ញាធរ​តាមរយៈ​ការប្រឹក្សា​យោបល់​គោលនយោបាយ និង​អភិវឌ្ឍ​សមត្ថភាព​»៕ LA