ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​និយាយថា លទ្ធផល​ «​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​ ២០២១» (Time Release Study-2021) នឹង​ជួយ​ឱ្យ​កម្ពុជា​អាចដាក់​ចេញ​អនុសាសន៍​នានា​ជា​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ភាពប្រកួតប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។

ការថ្លែង​បែបនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​ ១១ ខែតុលា នា​អំឡុង​សិក្ខាសាលា​តាម​ប្រព័ន្ធ​អនឡាញ​ស្តីពី​ «​ការសិក្សា​រយៈពេល​បំពេញ​បែបបទ​បញ្ចេញ​ទំនិញ ឆ្នាំ​ ២០២១ ដោយ​សហការ​ជាមួយ​រដ្ឋបាល​គយ​ជប៉ុន​, ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) និង​អង្គការ​គយ​ពិភពលោក​ (WCO)​។

លោក​លើកឡើងថា សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO-TFA) និង​កាតព្វកិច្ច​របស់​កម្ពុជា​ដែល​ត្រូវបំពេញ​ស្របតាម​ការតម្រូវ​របស់​អាស៊ាន​ក្នុង​ការសិក្សា​ពី​ការកាត់បន្ថយ​ចំណាយ​ចម្លង​ការពាណិជ្ជកម្ម (Trade Transaction Cost-TTC)​។

លោក​បាន​ថ្លែងថា​៖ «​ការសិក្សា​នេះ ជា​ឧបករណ៍​មួយ​សម្រាប់​វាស់វែង​រយៈពេល និង​ស្វែងរក​ចំណុច​ខ្វះខាត​នៅ​គ្រប់​ដំណាក់កាល​នៃ​ការបញ្ចេញ​ទំនិញ​នៅ​កម្ពុជា ហើយនឹង​ដាក់ចេញ​នូវ​អនុសាសន៍​នានា​ជា​មូលដ្ឋាន​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​យកទៅ​បំពេញបន្ថែម ដើម្បី​បន្ត​កែលម្អ​នីតិវិធី និង​ធ្វើឱ្យ​ប្រសើរឡើង​បន្ថែមទៀត​នូវ​ភារកិច្ច​របស់​ស្ថាប័ន​នីមួយៗ​ក្នុង​ន័យ​ជំរុញ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ក្នុង​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​ការលើកកម្ពស់ ភាពប្រកួតប្រជែង​របស់​កម្ពុជា​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា (CLA) បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នា​ថ្ងៃទី​ ១២ ខែតុលាថា សិក្ខាសាលា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សិក្សា​លម្អិត​ពី​រយៈពេល​នៃ​ការបញ្ចេញ​ទំនិញ​ពី​គយ​។

លោក​និយាយថា​៖ «​សិក្ខាសាលា​នេះ​ជួយ​ឱ្យ​យើង​ដឹង​ពី​រយៈពេល​នៃ​ការបញ្ចេញ​ទំនិញ​ពី​គយ​ (​ភាពឆាប់រហ័ស និង​ភាពយឺតយ៉ាវ​) ដើម្បី​ធ្វើជា​សូចនាករ​សម្រាប់​វាស់វែង​ជាមួយ​នឹង​ស្ថាប័នគយ​នៃ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​»​។

ទាក់ទង​នឹង​ស្ថានភាព​នៃ​ការដឹកជញ្ជូន​ទំនិញ​នៅពេល​នេះ​លោក ចន្ធី ប្រាប់ថា ដោយសារ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​មាន​ដំណើរ​ទៅមុន​ល្អប្រសើរ ហេតុនេះ​វិស័យ​ដឹកជញ្ជូន​ក្នុងប្រទេស គឺ​មាន​ភាពល្អប្រសើរ​ជាធម្មតា​។ លោក​ប្រាប់ថា​៖ «​បើ​និយាយ​ពី​សកម្មភាព​នៃ​ការដឹកជញ្ជូន​ក្នុងស្រុក​នៅពេលនេះ គឺ​ស្ទើរតែ​មាន​ដំណើរការ​ជិត ១០០ ​ភាគរយ​ដូច​មុនពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ហើយ​»​។

ទោះយ៉ាងណា លោក ស៊ិន ចន្ធី បញ្ជាក់ថា តម្លៃ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​គោលដៅ​ឆ្ងាយៗ​ដូចជា អាមេរិក និង​សហគមន៍​អឺរ៉ុប គឺ​នៅតែ​ខ្ពស់​ដដែល​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ការកំណត់​ពេលវេលា​ក្នុង​ការប្រមូល​ទិន្នន័យ​ និង​ការវិភាគ​លទ្ធផល​នៃ​ការសិក្សា​រយៈពេល​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ឆ្នាំ​ ២០២១ គ្រោង​នឹងធ្វើ​នៅក្នុង​សប្តាហ៍​ទី​ ៤ ខែតុលា នេះ​៕ LA