ភ្នំពេញៈ កម្ពុជាបានជាប់លេខ ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេបំផុតលើពិភពលោក «The World's Friendliest Countries»។ នេះបើតាមការស្ទង់មតិរបស់វេបសាយអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស «Rough Guides»។
«Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គុទេ្ទសក៍ដ៏ល្បីល្បាញបានឱ្យដឹងថា យោងតាមលទ្ធផលនៃការស្ទង់មតិតាមរយៈការបោះឆ្នោតលើបណ្តាញសង្គម Twitter និង Facebook របស់ «Rough Guides» បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងនាមជាប្រទេសមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក។
Rough Guides លើកឡើងថា៖ «រហូតមកដល់ពេលនេះប្រទេសកម្ពុជា គឺបានស្ថិតនៅកំពូលតារាងក្នុងការស្ទង់មតិរបស់យើង ដែលជាជម្រើសដ៏មានប្រជាប្រិយក្នុងចំណោមបុគ្គលិក និងអ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា»។
អ្នកចូលរួមផ្តល់មតិម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា៖ «ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមនៅលើមុខ»។ នេះបើយោងតាម Rough Guides។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ក្នុងថ្ងៃទី ១២ ខែតុលា ថា នេះជាព័ត៌មានល្អ និងថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ស្របពេលរដ្ឋាភិបាលកម្ពុជាក៏មានផែនការត្រៀមនឹងបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់ក្នុងពេលឆាប់ៗ។ លោកបន្តថា ការលើកសរសើរនេះនឹងក្លាយជាចំណែកបំផុសឱ្យភ្ញៀវបរទេសចាប់អារម្មណ៍មកកម្សាន្តនៅកម្ពុជា។
លោកអះអាងថា៖ «តិច ឬច្រើន ការផ្សព្វផ្សាយពីភាពវិជ្ជមានបែបនេះនឹងជួយឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែមានមុខមាត់ និងបង្កើនភាពទាក់ទាញកាន់តែច្រើន»។
ទោះយ៉ាងណា លោកបញ្ជាក់ថា កម្ពុជាមិនត្រូវមានមោទនភាពចំពោះការលើកសរសើរដោយភ្លេចរៀបចំខ្លួនឱ្យកាន់តែល្អបន្ថែមនោះទេ។ លោកថ្លែងថា៖ «យើងត្រូវតែចាំថា បើគេសរសើរកាន់តែខ្លាំង យើងក៏ត្រូវខំឱ្យបានកាន់តែខ្លាំងទៅតាមការសរសើរនោះដែរ»។
ជាមួយគ្នានេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា លទ្ធផលនៃការស្ទង់មតិរបស់ «Rough Guides» នឹងក្លាយជាចំណែកដ៏សំខាន់សម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ព្រោះទេសចរ ពិសេសភ្ញៀវមកពីប្រទេសរីកចម្រើនមុននឹងចេញទៅកម្សាន្តនៅប្រទេសណា គេតែងស្វែងរកព័ត៌មានជាច្រើនទាក់ទងនឹងកន្លែងកម្សាន្ត, កន្លែងស្នាក់នៅ, ម្ហូបអាហារ, របៀបការធ្វើបដិសណ្ឋារកិច្ច, ភាពរស់រាយរាក់ទាក់របស់ប្រជាជន និងផលិតផលទេសចរណ៍ ជាដើម។
លោកស្រីបន្ថែមថា ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ រួចរាល់ក៏នឹងក្លាយជាចំណែកក្នុងការពង្រឹកទំនុកចិត្តដល់អ្នកចង់ធ្វើដំណើរមកកម្សាន្ត និងវិនិយោគនៅកម្ពុជាផងដែរ។
លោកស្រីអះអាងថា៖ «ភាពល្អប្រសើរនៃវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ បូកបន្ថែមអត្រានៃចំនួនប្រជាជនចាក់វ៉ាក់សាំងរួចរាល់ ព្រមទាំងព័ត៌មានរបស់ Rough Guides នឹងក្លាយជាចលករក្នុងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវបរទេសឱ្យចូលមកកម្សាន្តនៅកម្ពុជានៅពេលខាងមុខ។ នេះជាពន្លឺថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ឡើងវិញនៅកម្ពុជា»។
យោងតាម Rough Guides ក្រៅពីកម្ពុជាមានប្រទេស ៩ ទៀតត្រូវបានអ្នកទេសចរអន្តរជាតិចាត់ទុកជាប្រទេសមានភាពរួសរាយរាក់ទាក់ រួមមាន ហ្វីលីពីន, ឡាវ, នេប៉ាល់, ថៃ, មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ហ្វីជី, ស្កុតឡែន និងស្រីលង្កា។
ទិន្នន័យក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយសប្តាហ៍នៃពិធីបុណ្យភ្ជុំបិណ្ឌមានភ្ញៀវក្នុងស្រុកសរុប ៩១១,១៤៧ នាក់ បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។
កាលពីខែមិថុនា ឆ្នាំ ២០២១ គេហទំព័រ Tripadvisor ក៏ធ្លាប់បានរៀបចំការស្រង់មតិមួយផងដែរ ដោយលទ្ធផលបង្ហាញថា តំបន់ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិបណ្តែតទឹក និងប្រាសាទបន្ទាយស្រី ខេត្តសៀមរាបបានជាប់លេខ ១ ក្នុងពិភពលោក ជាកន្លែងទេសចរណ៍ប្រណីតសម្រាប់ដំណើរកម្សាន្តក្នុងរយៈពេល ៣ ថ្ងៃ។
នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា មានចំនួន ១១២ ៥៤៤ នាក់ ធ្លាក់ ៩០,៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមក្រសួងទេសចរណ៍៕ LA
វីដេអូ៖