ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​ «​ថ្នាល​បណ្តុះ​អាជីវកម្ម​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​ផលិតផល​ចំណីអាហារ​» ក្នុង​គោលដៅ​បន្ត និង​ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី​សហគ្រិនភាព និង​នវានុវត្តន៍ សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​។

CBI-Food ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ​កាលពី​ថ្ងៃទី​ ១១ ខែតុលា ឆ្នាំ​ ២០២១ គឺជា​កម្មវិធី​មួយ​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដោយ​ការសហការ​ជាមួយ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​អាល្លឺម៉ង់​ (GIZ) ស្ថាប័នរដ្ឋ និង​សាកលវិទ្យាល័យ​មួយចំនួន​។

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ចម ប្រសិទ្ធ ដែលជា​គណៈអធិបតី​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​នេះ តាម​ប្រព័ន្ធ​អនឡាញ​បាន​ថ្លែងថា CBI-Food ត្រូវបាន​រៀបចំ​ឡើង​ដោយមាន​កិច្ចសហការ​រវាង​រដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ និង​សមាគម​អាជីវកម្ម​មួយចំនួន​។ សកម្មភាព​នេះ​មាន​ចរិតលក្ខណៈ​ប្រកួតប្រជែង​ក្នុង​គោលដៅ​បន្ត និង​ពង្រឹង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី​សហគ្រិនភាព និង​នវានុវត្តន៍​។

លោក​បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភាព ពិសេស​ក្នុង​ដំណាក់កាល​នៃ​ការរីករាលដាល​កូវីដ​ ១៩ ដែល​បង្ក​វិនាស​សកម្ម​ដ៏អាក្រក់​ដល់​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​ផ្អែកលើ​បរិការណ៍​នេះ រដ្ឋាភិបាល​បាន​លើកកម្ពស់​សហគ្រាស​នៅក្នុង​ស្រុក​ (​សហគ្រាស​ធុន​តូច និង​មធ្យម​) ​ដែល​ជា​វិស័យ​អាទិភាព​មាន​លទ្ធភាព​ជួយ​ស្តារ​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ឱ្យ​មាន​ភាពប្រសើរ​ឡើងវិញ ដោយ​កំណត់​នូវមុខ​ផលិតផល​មួយចំនួន​ជា​ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​សេចក្តី​ត្រូវការ​របស់​ប្រជាជន​ប្រចាំថ្ងៃ​»​។

«​តាមរយៈ​នេះ ផលិតផល​ទាំងអស់​ទាមទារ​ចាំបាច់​ត្រូវតែមាន​គុណភាព និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។ ដូច្នេះ​កម្មវិធី​ថ្នាល​បណ្តុះបណ្តាល​អាជីវកម្ម​កម្ពុជា​នេះ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការជួយជ្រោមជ្រែង និង​លើកកម្ពស់​សហគ្រិន​វ័យក្មេង​នៅ​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​បង្ហាញ​សមត្ថភាព ការបង្កើត​គំនិត​ច្នៃប្រឌិត និង​ការអភិវឌ្ឍ​ផលិតផល​ចំណី​អាហារ​ឱ្យមាន​គុណភាព​ខ្ពស់ និង​នវានុវត្តន៍ ស្របតាម​ស្តង់ដា​កម្ពុជា និង​អន្តរជាតិ​»​។ នេះ​បើតាម​លោក ចម ប្រសិទ្ធ​។

លោក តែ តាំងប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និយាយ​ថា សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​នៅ​កម្ពុជា កំពុងដំណើរការ​ដោយ​មិនសូវមាន​ចំណេះដឹង​ច្បាស់លាស់​នៅឡើយ ខណៈ​ផលិតផល​ក៏​មិនសូវមាន​ការកែច្នៃ​ប្រឌិត​ខ្ពស់​នោះទេ​។

លោក​បាន​បន្ថែមថា តាម​ការអង្កេត​របស់​លោក​នា​រយៈពេល​ចុងក្រោយ​នេះ​ឃើញថា សហគ្រាស​ទាំងនោះ​បាន​ខិតខំ​ក្នុង​ការពង្រឹង​សមត្ថភាព​ខ្លួន តាមរយៈ​ការផលិត​ផលិតផល​ដែល​មាន​ការកែច្នៃ​ប្រឌិត​ខ្ពស់ ហើយ​ក៏មាន​សហគ្រិន​ជា​ស្ត្រី និង​យុវជន​មួយចំនួន​បាន​ងាក​មក​បង្កើត​ក្រុមហ៊ុន​ថ្មីៗ​ដោយ​ពួកគេ​ខិតខំ​ស្វែងរក​ជំនួយ និង​បច្ចេកទេស តាមរយៈ​ការសហការ​ជាមួយ​ក្រសួង មន្ទីរ សម្ព័ន្ធ​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការផលិត​របស់​ពួកគេ​កាន់តែ​មាន​គុណភាព និង​ការគាំទ្រ​កាន់តែច្រើន​ថែមទៀត​៕ LA