ភ្នំពេញៈ ព្រលានយន្តហោះ​ក្នុងស្រុក​ដែល​គ្រោង​នឹង​អភិវឌ្ឍ​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងជើង​នៃ​ខេត្តមណ្ឌលគិរី ក្រោម​ទុនវិនិយោគ ៨០ ​លាន​ដុល្លារ អាច​នឹង​យឺតយ៉ាវ​ជាង​ផែនការ​ដែល​គ្រោង​ចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​ ២០២១ នេះ ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៣ ខែតុលា​ថា ការពន្យារពេល​សាងសង់​ព្រលានយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី គឺ​ដោយសារ​តែ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍ ការបិទខ្ទប់ និង​វិធាន​រឹតត្បឹត​ការចេញ-ចូល ដែល​ធ្វើឱ្យ​ការងារ​យឺតយ៉ាវ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ជម្រាប​ថា ប្រទេស​យើង​គឺ​មិនបាន​បិទ​ការហោះហើរ​ពី​បណ្តា​ប្រទេស​ណា​នោះទេ ប៉ុន្តែ​នៅ​ប្រទេស​ចិន​គេ​រឹតបន្តឹង​ការធ្វើ​ដំណើរ និង​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ២ ​សប្តាហ៍​នៅ​ប្រទេស​យើង​សិន និង​ធ្វើតេស្ត​មុននឹង​ចេញដំណើរ​ទៅ​ប្រទេស​ចិន​វិញ ហើយក៏​ត្រូវ​ទទួលស្គាល់​ដោយ​ទូត​ចិន​។ នៅពេល​ទៅដល់​ប្រទេស​ចិន គេ​ត្រូវធ្វើ​ចត្តាឡីស័ក ២ ​សប្តាហ៍ ហើយ​នៅពេល​ចេញពី​ចត្តាឡីស័ក គឺ​ត្រូវ​នៅផ្ទះ​ ១ ​សប្តាហ៍​ទៀត​»​។

«​ដូច្នេះ​កត្តា​ទាំងនេះ​ហើយ​ដែល​ធ្វើឱ្យ​ប៉ះពាល់ និង​មាន​ការលំបាក​ដល់​អ្នក​ជំនាញការ​របស់​ចិន​ក្នុង​ការចុះ​មក​ធ្វើការ​ចេញចូល​ប្រទេស​យើង និង​ប្រទេស​ចិន​។ យើង​សង្ឃឹមថា​នៅពេល​វិធានការ​រឹតបន្តឹង​ទាំងឡាយ​ត្រូវបាន​បន្ធូរបន្ថយ ពួកគេ​នឹង​ចាប់ផ្តើម​ដំណើរការ​វិញ​»​។ នេះ​បើ​យោងតាម​ការថ្លែង​របស់លោក ចាន់ សេរីវុត្ថា​។

កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ រដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Power China International Group Ltd (PIG) ​ធ្វើការ​សិក្សា និង​អភិវឌ្ឍ​សំណើ​សាងសង់​ព្រលានយន្តហោះ​មួយ​នេះ​។ ព្រលានយន្តហោះ​នេះ​នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៣០០ ​ហិកតា​។ នេះ​បើតាម​លោក ចាន់សេរីវុត្ថា ។

កាលពី​ខែមីនា ក្រុមហ៊ុន PIG បានបញ្ចប់​ការសិក្សា​លទ្ធភាព​សម្រាប់​ការអភិវឌ្ឍ​ព្រលានយន្តហោះ​នេះ និង​សួន​ឧស្សាហកម្ម​ក្បែរ​នោះ​ហើយ​។

អតីត​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអ៊ាង ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី កំពុង​បោះបង្គោល​លើ​ផ្ទៃដី​ទំហំ ៦០០ ​ហិកតា​សម្រាប់​គម្រោង​ព្រលានយន្តហោះ​ថ្មី​នេះ ដោយមាន​ចម្ងាយ ២២ ​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​សែនមនោរម្យ ក្នុង​ឃុំ សែនមនោរម្យ ស្រុក​អូររាំង​។

កាលពី​ចុងខែ​សីហា រដ្ឋាភិបាល​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្នាំ​ ២០២១-២០៣៥ ចំពេល​ដែលមាន​គំនិត​ផ្តួចផ្តើម​កាន់តែ​ទូលំទូលាយ​ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ ៣ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ទៅកាន់​តំបន់​ថាមពល​ជីវចម្រុះ​ដ៏ស្រស់​នៅ​ភាគឦសាន​នៅត្រឹម​ឆ្នាំ​ ២០៣៥​។

ផែនការ​មេនេះ​នឹង​បំពេញបន្ថែម​នូវ​ផែនទី​បង្ហាញ​ផ្លូវ​ទេសចរណ៍​ជាតិ ៣ ដំណាក់កាល​ឆ្នាំ​ ២០២១-២០២៥ និង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ ដែល​ត្រូវ​បានអនុម័ត​ជា​ផ្លូវការ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែមេសា​ដើម្បី​បង្ហាញ​ទិស​សម្រាប់​ការងើប​ឡើងវិញ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ របស់​វិស័យ​ទេសចរណ៍​។

ក្នុង​លិខិត​មួយ​កាលពី​ថ្ងៃទី​ ៩ ខែសីហា លោក​ ហ៊ុន សែន បាន​អះអាងថា វិស័យ​ទេសចរណ៍​នៅ​ខេត្ត​មណ្ឌលគិរី​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​រីកចម្រើន ដែល​មាន​សក្តានុពល​ធំទូលាយ​សម្រាប់​ការអភិវឌ្ឍ និង​ថា​ផែនការ​មេនេះ​នឹង​ជួយ​ពន្លឿន​កំណើន​សេដ្ឋកិច្ច​ក្នុង​ខេត្ត និង​ផ្នែក​ផ្សេងទៀត​របស់​កម្ពុជា​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ជាមួយនឹង​សក្តានុពល​ទាំងនេះ ហើយ​ស្ថិតក្រោម​ការគិតគូរ​ដ៏វែងឆ្ងាយ និង​ទូលំទូលាយ​រាជរដ្ឋាភិបាល​បាន​រៀបចំ និង​ដាក់ចេញ​នូវ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​ជា​ត្រីវិស័យ​មួយ​ ដើម្បី​បង្ហាញ​ពី​យន្តការ និង​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី ដោយ​តភ្ជាប់​នឹង​ចក្ខុវិស័យ​នៃ​ការផ្លាស់ប្តូរ​ប្រទេស​ក្នុង​អំឡុង​ឆ្នាំ​ ២០២១-២០៣៥ និង​ជាច្រើន​ឆ្នាំ​ខាងមុខ​ទៀត​»៕ LA