ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​កែសម្រួល​ជា​បណ្តោះអាសន្ន​នូវ​តារាង​តម្លៃ​គិត​ពន្ធគយ សម្រាប់​អនុវត្ត​លើ​រថយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​មាន​ស្រាប់​ក្នុង​ប្រទេស​ចាប់ពី​ថ្ងៃទី​ ១២ ខែតុលា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ ក្នុង​គោលបំណង​ ដើម្បី​ឱ្យមាន​តម្លាភាព​ក្នុង​ការបង់ពន្ធ​ក៏ដូចជា​យន្តការ​បង្កើន​ចំណូល​ជាតិ​ផងដែរ​។

យោងតាម​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ​កាលពី​ថ្ងៃទី​ ១២ ខែតុលា ឆ្នាំ​ ២០២១ ផ្ញើឱ្យ​ប្រធាន​នាយកដ្ឋាន សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ការសម្រេច​នេះ​ដោយ​ពិនិត្យឃើញ​មាន​រថយន្ត​មួយចំនួន ជាពិសេស​ប្រភេទ​រថយន្ត​មាន​ឆ្នាំ​ម៉ូដែល ក្រោម​ឆ្នាំ​ ២០១៦ មាន​សភាព​ចាស់ ហើយ​ម្ចាស់​មាន​បញ្ហាលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ​ និង​អាករ និង​ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​បង់ពន្ធ​អាករ​លើ​រថយន្ត​មាន​ស្រាប់​នៅក្នុង​ប្រទេស​កាន់តែ​មាន​ភាពរលូន ប្រកប​ដោយ​សមធម៌​។

GDCE បាន​បន្តថា សម្រាប់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ និង​អាករ​នាំចូល​មាន​ស្រាប់​ក្នុងប្រទេស ត្រូវ​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធគយ​លើ​តម្លៃ​រថយន្ត​ចង្កូត​ឆ្វេង​តាម​ឆ្នាំ​ម៉ូដែល ៣ ​ប្រភេទ គឺ​ឆ្នាំ​ម៉ូដែល​ចាប់ពី​ឆ្នាំ​ ២០១៥ ចុះ​បន្ថយ ២០ ​ភាគរយ​, ឆ្នាំ​ម៉ូដែល​ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៨ បន្ថយ ១៥ ​ភាគរយ និង​ឆ្នាំ​ម៉ូដែល​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ឆ្នាំ​ ២០២០ បន្ថយ ១០ ​ភាគរយ​។

ដោយឡែក​ចំពោះ​ប្រាក់​ពន្ធ និង​អាករ​ដែល​បង់​លើស​នាពេល​កន្លងមក តាម​ខ្លឹម​សារលិខិត​លេខ ២០៧៦/២១ ​អគរ ចុះ​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ស្នើឱ្យ​អង្គភាព​គយ និង​រដ្ឋាករ​ពាក់ព័ន្ធ​ធ្វើ​របាយការណ៍ ដើម្បី​ពិនិត្យ និង​សម្រេច​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក៏​បាន​កំណត់ថា ចំពោះ​រថយន្តស្ទូច​ធុន​ធ្ងន់ ដែល​មាន​ទម្ងន់​សុទ្ធ​លើសពី ២០ ​តោន​ត្រូវ​បាន​លើកលែង​ការតម្រូវ​ឱ្យ​កែ​ចង្កូត​ពីស្តាំ​ទៅ​ឆ្វេង​។ ការសម្រេច​នេះ​យោងតាម​លិខិត ចុះ​ថ្ងៃទី​ ៤ ខែកញ្ញា ឆ្នាំ​ ២០០៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក ព្រាប ទិត្យរតនា ម្ចាស់​ក្រុមហ៊ុន​នាំចូល​រថយន្ត RVG បាន​យល់ឃើញថា សេចក្តី​សម្រេច​នេះ សម្រាប់តែ​រថយន្ត​នៅក្នុង​ស្រុក​ស្រាប់​ដែល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ធ្វើការ​បញ្ចុះតម្លៃ​ ដើម្បី​ឱ្យ​ម្ចាស់​រថយន្ត ដែល​មាន​ចង្កូត​ស្តាំ​កែ​រួចហើយ​ឱ្យទៅ​បង់ពន្ធ និង​រថយន្ត​ចង្កូត​ឆ្វេង ដែល​មិនទាន់​បាន​បង់ពន្ធ​អាករ ពី​មុន​មក​ដូចជា​រថយន្ត​ស្លាក​លេខ​រដ្ឋ ខម និង​នប ជាដើម គឺ​ត្រូវបាន​បន្ធូរបន្ថយ​ឱ្យ​បង់ពន្ធ​ចូល​រដ្ឋ​។

លោក​បន្តថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ក្នុង​នាម​លោក​ជា​អ្នកនាំចូល​រថយន្ត​ស្របច្បាប់ សូម​សម្តែង​ការគាំទ្រ បើសិនជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បន្ធូរបន្ថយ​ជាទូទៅ ប៉ុន្តែ​នេះ​ត្រូវបាន​ធ្វើឡើង និង​អនុវត្ត​សម្រាប់តែ​រថយន្ត​ដែល​បាន​ប្រើប្រាស់​ហើយ​អត់​ពន្ធ​។

លោក​ថ្លែងថា​៖ «​ចំណាត់ការ​ទាំងអស់​នេះ​មានអី​ល្អ​តើ បើ​យើង​មិន​បន្ធូរបន្ថយ ខាង​អ្នក​ប្រើប្រាស់​ឡាន​អត់​ពន្ធ អត់​ទៅ​បង់ពន្ធ ហើយ​វា​បាត់បង់​ថវិកា​ជាតិ​ទៀត​។ អ៊ីចឹង​ចង់​មិន​ចង់ វា​គួរតែ​បន្ធូរបន្ថយ​ហើយ​»​។

ការប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ ២០២១ សម្រេចបាន​ទឹកប្រាក់ ១ ១៥៩,៥ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ​ក្នុងនោះ​ចំណូល​ពី​យានយន្ត និង​គ្រឿងចក្រ​មាន​ចំនួន ៤២,៣ ​ភាគរយ ទំនិញ​ចម្រុះ​មាន ២៨ ភាគរយ ផលិតផល​តេលសិលា (​ប្រេងសាំង​, ប្រេងម៉ាស៊ូត និង​ប្រេងរំអិល​) មាន ២៣,៥ ​ភាគរយ សម្ភារ​សំណង់ និង​កម្រៃ​ផ្សេងៗ ៦,២ ភាគរយ​។

ក្នុង​ឆ្នាំ​ ២០២០ ការប្រមូល​ចំណូល​ពន្ធគយ​សម្រេចបាន ២ ៤១៩,៦ ​លាន​ដុល្លារ​ធ្លាក់ចុះ ២៤,៨ ​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ ២០១៩​។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕ LA

វីដេអូ៖