តម្លៃ​ប្រេងឆៅ​ត្រូវបាន​ជួញដូរ​នៅ​តម្លៃ​ខ្ពស់បំផុត​កាលពី​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ ក្នុងតម្លៃ​ ៨២,១៤ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។ បើ​គិត​ចាប់ពី​ថ្ងៃទី​ ២០ ខែសីហា ដែលមាន​តម្លៃ​ត្រឹមតែ ៦១,៨៤ ​ដុល្លារ វា​បានបង្ហាញ​ពី​សម្ទុះ​នៃ​ទំនោរ​ងើប ឡើង​ក្នុង​រយៈពេល​វែង​ដ៏រឹងមាំ​មួយ​។

គេហទំព័រ CNBC កាលពី​ថ្ងៃទី​ ១០ ខែតុលា បាន​រាយការណ៍​ថា ការឡើង​​ថ្លៃ​នៃ​តម្លៃ​ប្រេងឆៅ​គឺ​ដោយសារ​ចំនួន​​នៃ​ប្រជាជាតិ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ កាន់តែ​ច្រើនឡើង ដែលជា​កត្តា​ធ្វើឱ្យមាន​សកម្មភាព​សេដ្ឋកិច្ច​ពិភពលោក​ឡើងវិញ​។ ទន្ទឹម​គ្នា​ផងដែរ តម្លៃ​ធ្យូងថ្ម និង​តម្លៃ​ហ្គាស​ក៏បាន​ឡើងថ្លៃ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​តម្លៃ​ប្រេងឆៅ​កាន់តែ​ងើបឡើង​បន្ថែមទៀត ស្រប​ពេលដែល​រដ្ឋ​មួយ​ចំនួន​នៅ​ឥណ្ឌា​កំពុងមាន​បញ្ហា​អគ្គិសនី​ដោយសារ​តែ​ខ្វះខាត​ចំហេះ​ធ្យូងថ្ម និង​ងាក​មកប្រើប្រាស់​ប្រេងឥន្ធនៈ​វិញ​។ ចំណែក​រដ្ឋាភិបាល​ចិន បាន​បញ្ជា​ឱ្យ​ក្រុម​អ្នករុករក​រ៉ែ​ធ្យូងថ្ម បង្កើន​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ ខណៈ​តម្លៃ​ថាមពល​ប្រេងឆៅ​កាន់តែ​បន្ត​កើនឡើង​។

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ តាមរយៈ​របាយការណ៍​នៃ​កិច្ចប្រជុំ​លើក​ទី​ ២១ កាលពី​ថ្ងៃទី​ ៤ ខែតុលា អង្គការ OPEC+ បានសម្រេច​កែប្រែ​ឡើង​វិញ​នូវ​សេចក្តី​សម្រេច​នៃ​កិច្ចប្រជុំ​លើក​ទី​ ១៩ ក្នុង​ការបង្កើន​ឡើងវិញ​ពី​ការកាត់បន្ថយ​ចង្វាក់​ផលិកម្ម ៣,២ លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ ដោយ​បូក​បន្ថែម​ទៅលើ​ការរក្សា​ការបង្កើន​ចង្វាក់​ផលិតកម្ម​ប្រចាំខែ ៤០០ ពាន់​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​ ២០២១ នេះ​។

តាម​ការវិភាគ​ផ្នែក​បច្ចេកទេស​វិញ​តម្លៃ​ប្រេងឆៅ​ស្ថិតនៅក្នុង​ទំនោរ​កើនឡើង​រយៈពេល​វែង​។ ដូច្នេះ​វិនិយោគគិន​អាច​បន្ត​ទិញ​ក្នុង​រង្វង់​តម្លៃ​បច្ចុប្បន្ន ឬ​អាច​រង់ចាំ​ទិញ​នៅ​ទម្រ​ទី​ ១ ៧៩,៥០ ​ដុល្លារ ទម្រ​ទី​ ២ តម្លៃ ៧៨ ​ដុល្លារ និង​ទម្រ​ទី​ ៣ តម្លៃ ៧៧,៥០ ដុល្លារ​ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៧៥ ដុល្លារ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​ទី​ ១ នៅក្នុង​តម្លៃ ៨៥,៥ ដុល្លារ ឬ ក្នុងតម្លៃ ៩០ ​ដុល្លារ សម្រាប់​រយៈពេល​វែង​៕