ទីក្រុងហាណូយៈ ប្រទេស​វៀតណាម​បាន​បើក​ឱ្យ​ដំណើរការ​ការហោះហើរ​ពាណិជ្ជកម្ម​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​អស់​ជាច្រើន​ខែក្រោយ​ ការផ្ទុះ​ឡើង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ចាប់ពី​ខែមេសា ហើយ​រដ្ឋាភិបាល​បិទខ្ទប់​ប្រទេស​ជាច្រើន​តំបន់​។

ព្រលានយន្តហោះ​អន្តរជាតិ​ដាណាំង​បាន​ស្វាគមន៍​ការហោះហើរ​ពាណិជ្ជកម្ម​លើកដំបូង​ពី​ទីក្រុង​ហូជីមិញ ដោយ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines កាលពី​ល្ងាច​ថ្ងៃ​អង្គារ បន្ទាប់​ផ្លូវ​ហោះហើរ​បាន​បើក​ឡើងវិញ​។

ទោះបី​មាន​ការបើក​ឱ្យ​អ្នកដំណើរ​ធ្វើដំណើរ​តាម​យន្តហោះ​ឡើងវិញ ប៉ុន្តែ​វិធានការ​តឹងរ៉ឹង​ត្រូវបាន​គេ​អនុវត្ត​ ដើម្បី​គ្រប់គ្រង ទប់ស្កាត់​ និង​បង្កា​កូវីដ​ ១៩ ដោយ​អ្នកដំណើរ​ទាំងអស់​ទាមទារ​ឱ្យធ្វើ​តេស្ត​រក​កូវីដ​ ១៩ និង​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ​ពេញលេញ ឬក៏​អ្នកធ្វើដំណើរ​ទើប​ជាសះស្បើយ​ពី​ជំងឺ​។

ក្រុមហ៊ុន​អាកាសចរណ៍​បាន​ស្តារ​ការហោះហើរ​ក្នុង​ស្រុក​ចំនួន​ ១៤ ​ទីតាំង​ចាប់តាំងពី​ថ្ងៃទី​ ១០ ​ខែតុលា​។ សម្រាប់​ផ្លូវ​ហោះហើរ​រវាង​ព្រលានយន្តហោះ​ដាណាំង​ និង​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ អាជ្ញាធរ​បាន​បើក​ឱ្យ​ហោះហើរ​ទៅមក​ចំនួន​ប្រាំ​លើក​នៅលើ​ផ្លូវ​ហោះហើរ​និមួយៗ អំឡុងពេល​ការហោះហើរ​សាកល្បង​ពីថ្ងៃ​ទី​ ១០ ​ដល់​ថ្ងៃទី​ ២០ ​ខែតុលា​។

ជើងហោះហើរ​ត្រូវគេ​រំពឹងថា​កើនឡើង​នៅ​ថ្ងៃ​ខាងមុខ​ បន្ទាប់ពី​ទីក្រុង​ជាច្រើន​បានដាក់​ចេញ​វិធាន​ទប់ស្កាត់​ និង​បញ្ញត្តិ​គ្រប់គ្រង​ការរីករាលដាល​ជាក់លាក់ និង​សម្របសម្រួល​ការធ្វើដំណើរ​របស់​ប្រជាជន​៕ VNS-ANN/RR