ទីក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាល​អាមេរិក​នៅ​ថ្ងៃ​ពុធ​បាន​បង្ហាញ​ផែនការ​សាងសង់​ទីលាន​ថាមពល​ខ្យល់​នៅតាម​មាត់សមុទ្រ​ធំៗ​ចំនួន​ ៧ ​កន្លែង​តាម​បណ្តោយ​មាត់សមុទ្រ​របស់​ប្រទេស​នេះ ជា​ផ្នែក​នៃ​ការជំរុញ​របស់ខ្លួន​ ដើម្បី​ផ្គត់ផ្គង់​ថាមពល​បង្កើតឡើង​ដោយ​ខ្យល់​ដល់​លំនៅឋាន​ជាង​ ១០ ​លាន​ត្រឹម​ឆ្នាំ​ ២០៣០​។

លោកស្រី Deb Haaland រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​ប្រកាស​ពេល​ដែល​ឡើង​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ថាមពលខ្យល់​ក្នុង​ទីក្រុង​ប៊ូស្តុន រដ្ឋ Massachusetts​។

លោកស្រី​បាន​និយាយថា​៖ «​ក្រសួងមហាផ្ទៃ​កំពុង​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​ប្រកប​ដោយ​មហិច្ឆតា ពេល​ដែល​យើង​ធ្វើ​ទំនើបកម្ម​ផែនការ​រដ្ឋបាល​ ដើម្បី​ប្រឈម​ការប្រែប្រួល​អាកាសធាតុ បង្កើន​ការងារ​ល្អ និង​ពន្លឿន​ការផ្លាស់ប្តូរ​របស់​ជាតិ​ទៅរក​ថាមពល​កាន់តែ​ស្អាត​នៅក្នុង​អនាគត​»​។

ក្នុង​ខែមីនា រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ចូ បៃដិន បានប្រកាស​ថា ខ្លួន​នឹង​វិនិយោគ​ឱ្យ​ច្រើន​ដើម្បី​ជំរុញ​កសិកដ្ឋាន​ថាមពល​ខ្យល់​នៅ​តាម​តំបន់​ឆ្នេរសមុទ្រ ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។

ក្រៅពី​ការផ្គត់ផ្គង់​ថាមពល​ខ្យល់​ដល់​លំនៅឋាន​រាប់លាន ផែនការ​របស់​រដ្ឋបាល​រដ្ឋាភិបាល​អាមេរិក​នឹង​ផលិត​ ៣០ ​ជីហ្គាវ៉ាត​នៃ​ថាមពលខ្យល់​ត្រឹម​ឆ្នាំ​ ២០៣០ កាត់បន្ថយ​ការបំភាយ​កាបូន​ឌីអុកស៊ីត​ ៧៨ ​លាន​តោន និង​បង្កើត​ការងារ​រាប់ពាន់​កន្លង​ថែមទៀត​។

លោកស្រី Haaland បាន​និយាយថា រដ្ឋាភិបាល​មានបំណង​គ្រប់គ្រង​ការលក់​ជួល​មាត់សមុទ្រ​ ៧ ​កន្លែង​ត្រឹម​ឆ្នាំ​ ២០២៥ សម្រាប់​តំបន់​ឈួងសមុទ្រ​។

មាន​តែ​កសិដ្ឋាន​ថាមពល​ខ្យល់​តែមួយគត់​ក្នុង​ពេល​បច្ចុប្បន្ននេះ​ដែល​ដំណើរការ​ពេញលេញ​ក្នុង​សហរដ្ឋអាមេរិក នោះ​គឺ​កសិកដ្ឋាន​នៅ​តំបន់​ប្រជុំ​កោះ ដែល​បាន​សាងសង់​រួចរាល់​នៅ​ឆ្នាំ​ ២០១៦ ស្ថិតនៅក្នុង​រដ្ឋ​ប្រជុំកោះ Rhode និង​មាន​សមត្ថភាព​ផលិត​ថាមពល​ ៣០ ​មេហ្គាវ៉ាត​។

គម្រោង​សាកល្បង The Coastal Virginia Offshore Wind (CVOW) ដែលមាន​សមត្ថភាព​ ១២ ​មេហ្គាវ៉ាត​បាន​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​ ២០២០​។ ទីតាំង​ចុងក្រោយ​នឹងត្រូវ​សង់​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៦ និង​អាច​ផ្គត់ផ្គង់​ថាមពល​ដល់​លំនៅឋាន​ ៦០០ ០០០ ​ខ្នង​ផ្ទះ​។

ការគាំទ្រ​របស់​រដ្ឋបាល​លោក បៃដិន ​សម្រាប់​ថាមពលខ្យល់​ជា​ការដើរ​បញ្ច្រាសទិស​ចំពោះ​អតីតៈ​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ចំអក​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ប្រភព​ថាមពល​ខ្យល់​អំឡុងពេល​កាន់អំណាច ដោយ​អះអាង​ថា វា​ថ្លៃ​ពេក និង​គ្មាន​ប្រសិទ្ធភាព​៕ RR