ភ្នំពេញៈ វិស័យឯកជន និងអ្នកជំនាញបានស្វាគមន៍ចំពោះការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ប្រកួតប្រជែង ខណៈច្បាប់នេះនឹងគាំពារការប្រកបរបររកស៊ីដោយស្មើភាព ជាពិសេសផ្តល់ទំនុកចិត្តក្នុងការទាក់ទាញការវិនិយោគបន្ថែមទៀត។
ច្បាប់ប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាឱ្យប្រើជាបន្ទាន់ កាលពីថ្ងៃទី ៥ ខែតុលា បន្ទាប់ពីព្រឹទ្ធសភាពិនិត្យ និងអនុម័ត កាលពីថ្ងៃទី ២០ ខែកញ្ញា។ ច្បាប់នេះ មានគោលបំណងលើកកម្ពស់ការអនុវត្តអាជីវកម្មប្រកបដោយស្មើភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងអាជីវកម្មថ្មីៗ ព្រមទាំងការពារសេដ្ឋកិច្ចជាតិពីឥរិយាបថប្រឆាំងការប្រកួតប្រជែងដែលបង្កគ្រោះថ្នាក់ណាមួយ និងជួយអតិថិជនក្នុងការទទួលបានទំនិញ និងសេវាកម្មប្រកបដោយគុណភាពជាមួយនឹងតម្លៃកាន់តែទាប ភាពសម្បូរបែប និងជម្រើសកាន់តែច្រើន។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ១៣ ខែតុលា ថា ក្រសួងបានព្រាងអនុក្រឹត្យរួចហើយសម្រាប់ការប្រព្រឹត្តទៅនៃច្បាប់នេះ និងការបង្កើតគណៈកម្មាធិការ។
លោកបានថ្លែងថា៖ «រដ្ឋមន្ត្រីរបស់យើងនឹងពិនិត្យ ហើយបន្ទាប់មកដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។ ច្បាប់នេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតទំនុកចិត្តរវាងវិនិយោគិនក្នុងស្រុក បរទេស និងពាណិជ្ជករ។ ច្បាប់នេះបង្កើតឱ្យមានការប្រកួតប្រជែងដោយស្មើភាព»។ លោកបន្តថា៖ «នៅពេលយើងមានច្បាប់នេះខ្ញុំគិតថា វិនិយោគិនក្នុងស្រុកក៏នឹងរីករាយក្នុងការពង្រីកការវិនិយោគរបស់ពួកគេផងដែរ»។
លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បានលើកឡើងថា កម្ពុជាប្តេជ្ញាចិត្តក្នុងការបង្កើតច្បាប់ស្តីពីការប្រកួតប្រជែងចាប់តាំងពីឆ្នាំ ២០០៦ ដោយសារប្រទេសជាសមាជិកអាស៊ាន ៩ ក្នុងចំណោម ១០ បានអនុម័តច្បាប់នេះរួចរាល់ ដោយកម្ពុជាជាប្រទេសទី១០ និងដើម្បីបំពេញការប្តេជ្ញាចិត្តចំពោះផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន និងជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
លោកថ្លែងថា៖ «ច្បាប់នេះបង្កើតបទប្បញ្ញត្តិ និងនីតិវិធីដែលអនុវត្តចំពោះការប្រព្រឹត្តខុសច្បាប់នៃការរឹតត្បិតការប្រកួតប្រជែង និងលើកកម្ពស់ និងការពារផលប្រយោជន៍នៃសេដ្ឋកិច្ច ទីផ្សារប្រកួតប្រជែង ពិសេសការហាមឃាត់កិច្ចព្រមព្រៀងដែលរឹតត្បិត កិច្ចព្រមព្រៀងបន្ទាបតម្លៃ និងការរំលោភបំពានលើតួនាទីគ្របដណ្ដប់ទីផ្សារ»។
លោកបន្ថែមថា៖ «នេះជាជំហានដ៏ធំបន្ថែមទៀតក្នុងការអភិវឌ្ឍប្រព័ន្ធសេដ្ឋកិច្ចទីផ្សារនៅកម្ពុជា ហើយវា នឹងជួយជំរុញការប្រកួតប្រជែងលើផលិតកម្ម ផលិតភាពពាណិជ្ជកម្ម និងសេវាកម្ម។ ច្បាប់នេះក៏បង្កើនការយល់ឃើញរបស់អន្តរជាតិចំពោះ «ភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម» នៅកម្ពុជាផងដែរ»។
យោងតាមលោក ថូរ៉ា អនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ និងសមាសភាពគណៈកម្មាធិការ ដើម្បីអនុវត្តច្បាប់នេះត្រូវបានរំពឹងថា នឹងត្រូវអនុម័តក្នុងពេលឆាប់ៗខាងមុខ»៕ LA