ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​លើកឡើង​ថា កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ និង​ឆ្លង​សេចក្តីព្រាង​ឯកសារ​នៃ​វិស័យ​ទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​គឺជា​សញ្ញា​វិជ្ជមាន​បង្ហាញថា ការបើក​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​សុវត្ថិភាព និង​ចលនា​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​នឹង​ចាប់ផ្តើម​នៅក្នុងពេល​ឆាប់ៗ​។

សេចក្តី​ព្រាង​ឯកសារ «​ផែនការ​យុទ្ធសាស្ត្រ​ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព​ (​ទេសចរណ៍​វ៉ាក់សាំង​)» ​និង​ «​វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ​ ២០២១-២០២៣» ត្រូវបាន​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៣ ខែតុលា ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (​គ.ហ.ស) លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង-ស្ថាប័ន​ជាច្រើន​ទៀត​។

ក្រសួង​ទេសចរណ៍ ឱ្យដឹងថា សេចក្តីព្រាង​ឯកសារ​ទាំង ២ នេះ​រៀបចំឡើង​ដោយ​អនុវត្តតាម​ការណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​យុទ្ធនាការ​ថ្នាក់ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ឱ្យ​កុមារ​អាយុ​ចាប់ពី ៦ ​ឆ្នាំ ដល់​អាយុ​ក្រោម​ ១២ ​ឆ្នាំ​កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា ដែល​នៅពេលនោះ លោក ហ៊ុន សែន បាន​លើកឡើងថា ផ្តើមចេញ​ពី​ការបើក​សាលារៀន​ឡើងវិញ​ បន្ទាប់មក​គឺ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ ដោយ​ត្រូវធ្វើ​ឡើងជា ២ ជំហាន គឺ​ជំហាន​ទី ១ បើក​ទេសចរណ៍​ផ្ទៃក្នុង និង​ជំហាន​ទី ២ គឺ​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង​[...]​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៤ ខែតុលាថា កិច្ចប្រជុំ​អន្តរក្រសួង​នេះ គឺជា​ដំណើរ​វិវឌ្ឍន៍​ឆ្ពោះទៅរក​ការចាប់ផ្តើម​បើក​ដំណើរ​ការទទួល​ភ្ញៀវទេសចរ​សុវត្ថិភាព​ឡើងវិញ ខណៈ​បច្ចុប្បន្ន​ចំនួន​នៃ​ការឆ្លង​កូវីដ​ ១៩ នៅក្នុង​សហគមន៍ ពិសេស​ករណី​នាំចូល​បាន​ធ្លាក់ចុះ​គួ​ឱ្យ​កត់សម្គាល់​។ ការបើកទទួល​ទេសចរ​ឡើងវិញ ពិតជា​មាន​សារៈសំខាន់ ព្រោះ​មិន​ត្រឹមតែ​អាចបង្កើត​ការងារ​ដល់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​រួមចំណែក​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ​ផងដែរ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​នៅពេលនេះ គឺ​សមស្រប​ហើយ​ក្នុង​ការបើក​ទទួល​ភ្ញៀវទេសចរ​សុវត្ថិភាព​ឡើងវិញ​»​។ សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​តែងតែ​លើកឡើងថា យើង​ត្រូវ​រៀន​រស់នៅក្នុង​បរិបទ​ថ្មី! ចុះ​ហេតុអ្វី​យើង​មិន​ព្យាយាម​រៀន​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​បរិបទ​ថ្មី​? ព្រោះ​ចង់​មិន​ចង់​ក៏​វា​ [​កូវីដ​ ១៩] កំពុង​រស់​ជាមួយ​យើង​រាល់ថ្ងៃ​ទៅហើយ​។ ដូច្នេះ​ហេតុអ្វី​បាន​ជា​យើង​មិន​ព្យាយាម​ធ្វើ​ពាណិជ្ជកម្ម​ឡើងវិញ​?»​។

លោក​បន្ថែមថា បើ​កម្ពុជា​អាច​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​បាន​មុន​ប្រទេសជិតខាង គឺ​កាន់តែ​ល្អ ព្រោះ​វា​ជា​ឱកាស​ក្នុង​ការទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និយាយថា តួលេខ​នៃ​ចំនួន​ប្រជាជន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​រយៈពេល ១ ​សប្តាហ៍​ បន្ទាប់ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​មិនបាន​ហក់​ឡើង​ខ្ពស់​គួរឱ្យ​បារម្ភ​ទេ ដែល​នេះ​មានន័យថា ការផ្សព្វផ្សាយ​របស់​អាជ្ញាធរ និង​ការចូលរួម​របស់​ប្រជាជន​ខ្មែរ​ក្នុង​ការការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ គឺមាន​ប្រសិទ្ធភាព​។ ភាពវិជ្ជមាន​ទាំងនេះ នឹង​ក្លាយជា​ថាមពល​ដ៏ខ្លាំង​ក្នុង​ការស្រូប​ទាញ​ភ្ញៀវទេសចរ​បរទេស​ចូលមក​ទស្សនា​កម្ពុជា នៅពេល​រដ្ឋាភិបាល​អនុញ្ញាត​។

លោកស្រី​លើកឡើង​ថា​៖ «​នេះ​ជា​សញ្ញា​វិជ្ជមាន ឬ​ជា​ពន្លឺ​បង្ហាញ​ពី​ការឈាន​ឆ្ពោះ​ទៅដល់​ការចាប់ផ្តើម​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ឡើងវិញ​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​នេះ​»​។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​លោក តុប សុភ័ក បាន​ប្រាប់ថា លក្ខខណ្ឌ និង​ចំណុច​សំខាន់ៗ​សម្រាប់​ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ «​ផែនការ​យុទ្ធសាស្ត្រ​ការបើកទទួល​ទេសចរណ៍​សុវត្ថិភាព​ (​ទេសចរណ៍​វ៉ាក់សាំង​)» ​រួច​អស់ហើយ ដោយ​រង់ចាំតែ​ការសម្រេច​ប៉ុណ្ណោះ​។ លោក​និយាយថា​៖ «​រហូតមកដល់​ពេលនេះ​មិនទាន់​មាន​ការសម្រេច​ជា​ផ្លូវការ​ទេ ដោយ​យើង​ត្រូវ​រង់ចាំ​បន្តិច​សិន គឺអាច​ថា​ឆាប់ៗ​នេះហើយ​»៕ LA