ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន គ្រោងនឹងបង្កើតមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ជាវិធានការមួយក្នុងការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងប្រទេសកម្ពុជា។
លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល RUPP និងស្ថាបនិកនៃគម្រោង RUPP-DMG MORI បានឱ្យដឹងក្នុងសន្និសីទព័ត៌មានស្តីពីការរៀបចំសម្រាប់ការបង្កើតមជ្ឈមណ្ឌល CJDM កាលពីថ្ងៃទី ១៤ ខែតុលាថា ខណៈការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក៏ដូចជាវឌ្ឍនភាពនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅជុំវិញពិភពលោកកម្ពុជាត្រូវតែបណ្តុះបណ្តាលធនធានមនុស្សឱ្យបានល្អ ដើម្បីស្វាគមន៍វិនិយោគិនបរទេសណាដែលនាំមកនូវឧស្សាហកម្មដ៏ទំនើបបែបនោះចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកលើកឡើងថា បើគ្មានការគាំទ្រពីប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ការរៀបចំមជ្ឈមណ្ឌលនេះនឹងមិនសម្រេចបានទេ។ លោកបញ្ជាក់ថា៖ «មជ្ឈមណ្ឌលនេះ គឺដើម្បីអប់រំឧស្សាហកម្ម ៤.០ ដល់ប្រជាជនយើងដើម្បីភ្ជាប់ទំនាក់ទំនងពិតប្រាកដ។ យើងនឹងធ្វើតាមគំនិតនោះ ហើយអ្វីៗទាំងអស់ត្រូវធ្វើតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងរដ្ឋាភិបាល។ យើងបានចាប់ផ្តើមរួចហើយ ហើយយើងដឹងថា យើងមានផ្លូវដ៏វែងឆ្ងាយមួយដែលត្រូវធ្វើដំណើរ ប៉ុន្តែយើងប្តេជ្ញាថានឹងធ្វើវាឱ្យបានសម្រេច»។
លោកបានបន្ថែមថា៖ «យើងបង្កើតមជ្ឈមណ្ឌលមួយដើម្បីធ្វើការស្រាវជ្រាវ និងបណ្តុះបណ្តាលដល់ប្រជាជនយើង ហើយយើងក៏ចង់ធ្វើឱ្យក្លាយជាមជ្ឈមណ្ឌលសម្រាប់ការតភ្ជាប់ឧស្សាហកម្ម និងសាកលវិទ្យាល័យ ដែលមិនត្រឹមតែជាបច្ចេកវិទ្យាវិទ្យាសាស្ត្រប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងភ្ជាប់ជាមួយឧស្សាហកម្មទៀតផង»។
លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានឱ្យដឹងថា CJDM គឺជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនដែលរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជា។ លោកបន្តថា មជ្ឈមណ្ឌលនេះនឹងបណ្តុះបណ្តាលវិស្វករជំនាញជាន់ខ្ពស់នៅក្នុងបរិបទនៃគម្រោងឧស្សាហកម្ម ៤.០។
លោកលើកឡើងថា៖ «យើងពិតជារីករាយយ៉ាងខ្លាំងក្នុងការសហការជាមួយគម្រោងនេះ ខណៈបច្ចេកវិទ្យាឌីជីថលទំនើប និងការវិវឌ្ឍនៃឧស្សាហកម្ម ៤.០ កំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជាដែលមានធនធានមនុស្សមានជំនាញផលិតកម្រិតពិភពលោក»។
លោក ងួន ផានភក្តី ប្រធានគម្រោងមជ្ឈមណ្ឌល CJDM បានប្រាប់ថា ឧស្សាហកម្ម ៤.០ នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ កម្ពុជាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍មួយ គឺនៅឆ្ងាយពីឧស្សាហកម្ម ៤.០ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាកំពុងចាប់យកចក្ខុវិស័យនេះដើម្បីសម្រេចបានគោលដៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ របស់ខ្លួន។
លោកបានបញ្ជាក់ថា គោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកំណែទម្រង់មួយចំនួនដូចជា ផែនការអភិវឌ្ឍន៍ឧស្សាហកម្ម ផែនការធ្វើពិពិធកម្មសេដ្ឋកិច្ច យុទ្ធសាស្ត្រអប់រំ STEM និងការលើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្តន៍។
លោកនិយាយថា៖ «ឧស្សាហកម្ម ៤.០ គឺជាកត្តាជំរុញដ៏សំខាន់មួយដែលអាចឱ្យកម្ពុជាសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួនក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញរួមជាមួយ DMG MORI ដែលជាក្រុមហ៊ុនវិនិយោគរួមរវាងប្រទេសជប៉ុន និងអាល្លឺម៉ង់ និងក្រុមហ៊ុនផលិតម៉ាស៊ីន CNC ដែលមានបច្ចេកវិទ្យាខ្ពស់លំដាប់លេខ ១ របស់ពិភពលោកជាដៃគូ ដើម្បីរួមចំណែកផលិតធនធានមនុស្សមានសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលនៅក្នុងវិស័យផលិតកម្មឌីជីថលក្នុងកម្រិតគុណភាពខ្ពស់ និងច្បាស់លាស់»។
លោក MIKAMI Masahiro ឱ្យដឹងថា ការបណ្តុះបណ្តាលវិស្វករជំនាញជាន់ខ្ពស់ដែលអាចប្រើប្រាស់ម៉ាស៊ីនទំនើបនឹងមានសារៈសំខាន់ចាប់ពីយានយន្តរហូតដល់ឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាទីផ្សារមានសក្តានុពលធំៗដូចជាវេជ្ជសាស្ត្រ និងឧស្សាហកម្មអវកាស។
លោកថ្លែងថា៖ «ខ្ញុំជឿថាគម្រោងនេះស្របគ្នានឹងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាហើយនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញខ្ពស់ដែលត្រូវបានកំណត់ថាជាមជ្ឈមណ្ឌលដ៏សំខាន់បំផុត ដោយក្រុមហ៊ុនជប៉ុននៅពេលជ្រើសរើសទិសដៅវិនិយោគ»៕ LA