The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - CMA និង CACA ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​សេវា​ហិរញ្ញវត្ថុ




CMA និង CACA ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​សេវា​ហិរញ្ញវត្ថុ

Content image - Phnom Penh Post
កសិករ​កំពុង​បាញ់​ទឹក​ស្រោច​បន្លែ​ស្ពៃ​របស់គាត់​ដែល​ដាំ​សម្រាប់​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្តកណ្តាល​នាពេល​កន្លងមក​។ ហេង ជីវ័ន

CMA និង CACA ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​សេវា​ហិរញ្ញវត្ថុ

ភ្នំពេញៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) និង​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា Cambodia Agricultural Cooperation Alliance (CACA) បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ ចំណេះដឹង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​សម្រាប់​វិស័យ​កសិកម្ម​។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៣ ខែតុលា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​អនឡាញ Zoom​។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយថា ការសហការ​នៃ​ស្ថាប័ន​ទាំងពីរ​នឹង​រួមចំណែក​បន្ថែមទៀត ​ដើម្បី​ធ្វើឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទទួលបាន​នូវ​សេវា​ហិរញ្ញវត្ថុ​បាន​កាន់តែ​ទូលំទូលាយ និង​ប្រកបដោយ​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​គោលបំណង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំងពីរ តាមរយៈ​ការបញ្ជ្រៀប​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​សមាជិក​សហគមន៍ ការសិក្សា​ស្រាវជ្រាវ ការអនុវត្ត​គម្រោង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ទាំងពីរ និង​ដើម្បី​ជំរុញ​ឱ្យ​មាន​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការទទួលខុសត្រូវ និង​និរន្តរភាព​»​។

ចំណែក​លោក ហង់ សុគន្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា​បាន​លើកឡើងថា ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ប្រកបដោយ​ភាពរឹងមាំ និង​និរន្តរភាព គឺ​ទាមទារ​ឱ្យ​អ្នកពាក់ព័ន្ធ​នានា​ត្រូវ​យល់ដឹង​ពី​សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​ច្បាស់លាស់ ព្រោះ សេវា​ហិរញ្ញវត្ថុ នឹង​អាចជួយ​ទ្រទ្រង់​វិស័យ​នេះ​ឱ្យ​រីកចម្រើន​បាន​ឆាប់រហ័ស​។

លោក​ថា​៖ «​ពិតណាស់​ដែល​យើង​ត្រូវ​អភិវឌ្ឍន៍​តាមរយៈ​ការពង្រឹង​សមត្ថភាព​របស់​សហគមន៍​កសិកម្ម និង​សហភាព​សហគមន៍​កសិកម្ម និង​ដែល​ត្រូវការ​ការចូលរួម​ជា​ចាំបាច់​ពី​ភាគី​ពាក់ព័ន្ធ​នានា ជាពិសេស​ពី​វិស័យ​ហិរញ្ញវត្ថុ​»​។

លោក ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​កោតសរសើរ​ចំពោះ​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ដើម្បី​រួមគ្នា អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ជនបទ​កម្ពុជា​។

លោក​រំពឹងថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឆ្លើយតប​ទៅនឹង​អភិក្រម​នៃ​ភាពជា​ដៃគូ ព្រមទាំង​ចូលរួម​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​កសិកម្ម ជាពិសេស​សម្រាប់​គ្រួសារ​កសិករ​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា​»​។

យោងតាម លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា នៅក្នុង​ឆ្នាំ​ ២០២០ ឥណទាន​ក្នុង​វិស័យ​កសិកម្ម មាន​ចំនួន ១៩,៣ ​ភាគរយ​នៃ​ឥណទាន​សរុប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ (២៧,៥ ​ទ្រីលាន​រៀល​) ដែល​ស្មើនឹង ៥,៣ ​ទ្រីលាន​រៀល ឬ​ជិត ១ ៣០០ ​លាន​ដុល្លារ​៕

អត្ថបទគួរចាប់អារម្មណ៍