ភ្នំពេញៈ ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​រយៈពេល ៩ ​ខែ​ដើមឆ្នាំ​ ២០២១ សម្រេចបាន​ប្រមាណ​ជិត ១,៧ ​ពាន់​លាន​ដុល្លារ ថយចុះ​ជិត ៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គយ​ និង​រដ្ឋាករ ប្រចាំ ៩ ​ខែ ដើមឆ្នាំ​ ២០២១ ដែល​រៀបចំ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា កាលពី​ថ្ងៃទី​ ១៤ ខែតុលា ដោយមាន​ការចូលរួម​ពី​លោក លោកស្រី អគ្គនាយករង ប្រធាន​លេខាធិការដ្ឋាន ប្រធាន​នាយកដ្ឋាន ប្រធាន​សាខា ប្រធានការិយាល័យ និង​មន្ត្រី​គយ​ និង​រដ្ឋាករ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​។

យោងតាម​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ការប្រមូល​ចំណូល​ពន្ធគយ សម្រេច​បាន​ចំនួន ១ ៦៩៩,១ ​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០២០ ថយចុះ​ប្រមាណ ៦,៨ ​ភាគរយ​។ ចំណូល​នេះ គឺ​សម្រេចបាន ៧១,៩ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។

បើ​គិត​តាម​ប្រភេទ​ពន្ធ​ និង​អាករ គឺ​អាករ​លើ​តម្លៃបន្ថែម​មាន​ប្រមាណ ៣៨,០ ​ភាគរយ​នៃ​ចំណូល​សរុប​, អាករ​ពិសេស ៣៧,៤ ​ភាគរយ​, ពន្ធ​នាំចូល ១៨,១ ​ភាគរយ​, អាករ​បន្ថែម​លើ​ផលិតផល​ប្រេង ៤,៥ ​ភាគ​តយ​, និង​អាករ​នាំចេញ​និង​កម្រៃ​ផ្សេងៗ​មាន ២ ​ភាគរយ​។

លោក គុណ ញឹម បាន​លើកឡើង​ថា ចំណូល​ដែល​ប្រមូលបាន​នៅពេលនេះ គឺ​បាន​ដោយសារ​តែ​ការខិតខំ​របស់​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក្នុង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​អនុវត្ត​ការកៀរគរ​ចំណូល​ប្រកបដោយ​ភាពសកម្ម បុរេសកម្ម ដោយ​ប្រើ​អស់​សក្តានុពល​បញ្ញា​ និង​ស្មារតី​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ ២០២០ ការប្រមូល​ចំណូល​សម្រេចបាន ២ ៤១៩,៦ លាន​ដុល្លារ ធ្លាក់ចុះ ២៤,៨ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៩៕