ភ្នំពេញៈ ការនាំចេញ​កសិផល​កម្ពុជា​ទៅ​ប្រទេស​វៀតណាម ថៃ និង​ចិន​មាន​បរិមាណ​ខ្ពស់​ជាងគេ​ក្នុង​ចំណោម ការនាំ​ចេញទៅ​ប្រទេស​ចំនួន ៩០ នា​រយៈពេល​ ៩ ​ខែ ឆ្នាំ​ ២០២១​។

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​ថ្ងៃទី​ ១៤ ខែតុលា ឱ្យដឹងថា ការនាំចេញ​កសិផល​ទៅកាន់ ៩០ ​ប្រទេស​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២១ នេះ​សម្រេចបាន ៥,៩៣ ​លាន​តោន ក្នុង​នោះ​ទៅ​ប្រទេស​វៀតណាម ចំនួន ៦៤,១១ ​ភាគរយ​, ថៃ ២១,៤៩ ​ភាគរយ និង​ចិន ៩,៦៩ ​ភាគរយ ខណៈ​ទៅ​គោលដៅ​ប្រទេស​ ៨៧ ផ្សេងទៀត ៤,៧១ ​ភាគរយ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៤ ខែតុលា ថា ការនាំ​កសិផល​ទៅ​ប្រទេស​ទាំង ៣ នេះ​មាន​កំណើន ដោយសារ​ការដឹកជញ្ជូន​មាន​ភាពងាយស្រួល ពិសេស​ប្រទេស​ចិន​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​។

លោក​ប្រាប់ទៀតថា កំណើន​ផលិតផល​កសិផល​នៅពេលនេះ ក៏​ដោយសារ​ក្រសួង​ខិតខំ​លើកទឹកចិត្ត​ដល់​ការកែច្នៃ​ក្នុងស្រុក ព្រោះ​វា​ជា​កត្តា​ស្លាប់​រស់ក្នុង​វិស័យ​កសិកម្ម ដែល​អាច​បង្កើន​តម្លៃបន្ថែម​សម្រាប់​ការនាំចេញ និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាជន​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថា ចំនួន​នៃ​ការនាំ​ចេញទៅ​ប្រទេស​ទាំង ៣ នេះ​មាន​ចំនួន​ច្រើនជាងគេ ដោយសារ​តែ​ប្រទេស​ទាំងនេះ​នៅ​ជិត​កម្ពុជា​។ លោក​ថ្លែងថា​៖ «​នៅពេល​គេ​និយាយ​ពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ គេ​ត្រូវតែ​គិតពី​រយៈ​ចម្ងាយ ហើយ​រយៈចម្ងាយ​ដែលមាន​លទ្ធភាព​នាំចេញ​បាន​ច្រើន និង​ងាយស្រួល គឺ​ប្រទេសជិតខាង​»​។

លោក​បាន​បន្តថា ដោយសារ​ប្រទេស​ថៃ និង​វៀតណាម មាន​កសិកម្ម​ឈានមុខ ហើយ​ការនាំចេញ និង​កែច្នៃ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​កម្ពុជា ដូច្នេះ​កម្ពុជា​គ្រាន់តែ​ជា​ប្រទេស​មួយ​ចូលរួម​បំប៉នបន្ថែម​នូវ​វិស័យ​ផលិតកម្ម​ទៅលើ​វិស័យ​កសិកម្ម និង​ការកែច្នៃ​ឱ្យ​ប្រទេស​ថៃ និង​វៀតណាម​តែប៉ុណ្ណោះ​។

បើតាម​លោក សេរីវឌ្ឍន៍ មួយវិញទៀត​ប្រទេស​កម្ពុជា​ក៏​គ្រាន់តែ​ជា​អ្នកប្រមូល​ទិញ​កសិផល ដូចជា ផ្លែ​មៀន ជាដើម ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ថៃ និង​វៀតណាម​តែប៉ុណ្ណោះ ខណៈ​កម្ពុជា​នៅ​មិនទាន់​មាន​កិច្ចព្រមព្រៀម​ភូតគាម​អនាម័យ ជាមួយ​នឹង​ប្រទេស​ចិន បើទោះបី​កម្ពុជា​មាន​រោងចក្រ​កែច្នៃ ក៏​មិនអាច​នាំចេញ​បានដែរ​៕ LA