The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​នឹង​ដាក់​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ




ក្រសួង​នឹង​ដាក់​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ

Content image - Phnom Penh Post
ក្រសួង​ទេសចរណ៍​គ្រោង​នឹង​រៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ដាក់​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ ២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ

ក្រសួង​នឹង​ដាក់​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ

ភ្នំពេញៈ ក្រសួង​ទេសចរណ៍​គ្រោង​នឹង​រៀបចំ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ដាក់​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ ២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ ខណៈ​ផែនការ​មេនេះ​ត្រូវបាន​រំពឹងថា​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃទី ២០ ខែតុលា ខាងមុខ ក្រសួង​ទេសចរណ៍​នឹង​រៀបចំ​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ ២០២១-២០៣៥ តាម​ប្រព័ន្ធ​អនឡាញ ដោយមាន​ការចូលរួម​ជា​អធិបតី​របស់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​សៀមរាប ឆ្នាំ ២០២១-២០៣៥ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​អនុម័ត​កាលពី​ថ្ងៃទី ៣០ ខែ​មីនា ឆ្នាំ២០២១។

កន្លងមក​ក្រសួង​ទេសចរណ៍ ធ្លាប់បាន​លើកឡើង​ថា តាមរយៈ​ផែនការ​មេនេះ ខេត្តសៀមរាប​រំពឹង​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​បាន ១០,៩ លាន​នាក់​នៅ​ឆ្នាំ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ ២០២៥។ តាមរយៈ​នេះ រដ្ឋាភិបាល​ក៏មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ ៦ ពាន់​លាន​ដុល្លារ។

ផែនការ​មេនេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ ២០៣៥ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដូចជា ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត, ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍ថ្មី, ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ, ការពង្រឹង​គុណភាព និង​និរន្តរភាព, ការគ្រប់គ្រង​បរិស្ថាន, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍, និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផែនការ​មេនេះ​នឹង​រួមចំណែក​ក្នុង​ការស្តារ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​កំពុង​រង​ផលប៉ះ​ខ្លាំង​ ដោយ​ជំងឺ​កូវីដ ១៩។

លោក​បញ្ជាក់ថា៖ «បើ​យើង​ដើរ​តាម​ផែនការ​ចង្អុល​ផ្លូវ​នេះ ខ្ញុំ​ជឿថា​នឹង​សម្រេចបាន​គោលដៅ​កំណត់ ឬ​យ៉ាងហោចណាស់​ក៏​យើង​បាន​ទៅជិត​ដល់​គោលដៅ​ទាំង​នេះដែរ។ ខ្ញុំ​រីករាយ និង​អបអរសាទរ​ចំពោះ​ការសម្រេច​បាន​ផែនការ​ចង្អុល​ផ្លូវ​នេះ ព្រោះ​កិច្ចការ​នេះ​ខ្ញុំ​ឃើញថា ក្រសួង​ក៏ដូចជា​រដ្ឋាភិបាល​មានការ​យកចិត្ត​ទុកដាក់​ការងារ​នេះ​យ៉ាង​ហ្មត់ចត់»៕

អត្ថបទគួរចាប់អារម្មណ៍