ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលិតផល​កាត់ដេរ​ក្នុងតម្លៃ​សរុប​ជាង ៨,២ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល ៩​ ខែ​ ដើមឆ្នាំ ​២០២១ កើនឡើង​ជាង ១១ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​យោងតាម​ការកត់ត្រារ​បស់​អគ្គនាយកដ្ឋាន​គ​យ​ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​ផលិតផល​កាត់ដេរ​របស់​កម្ពុជា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ការនាំចេញ​មាន​ទឹកប្រាក់​សរុប ៨ ២៤១,៧ លាន​ដុល្លារ កើន​ប្រមាណ ៨៤៣,៤​ លាន​ដុល្លារ ឬ​ស្មើនឹង ១១,៤ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។​

​លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពីពេល​ថ្មីៗ​នេះ​ថា ទោះបី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ក៏​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​មិនបាន​ធ្លាក់ចុះ​នោះទេ ពិសេស​ការទទួលបាន​ចំណែក​ទីផ្សារ​ពី​ប្រទេស​ផលិត​មួយចំនួន​ ដែល​កំពុង​ជួប​បញ្ហា​ដោយសារ​បញ្ហានយោបាយ និង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ ​១៩​។​

​លោក​និយាយថា​៖ «​នៅ​ឆ្នាំនេះ​យើង​សំណាង​ដោយ​ទទួលបាន​ការបញ្ជាទិញ​មួយចំនួន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​។ យើង​នឹងមាន​កំណើន​កាន់តែច្រើន បើ​មិន​មានការ​ផ្ទុះឡើង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​»​។​

​ទិន្នន័យ​ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ផលិតផល​កាត់ដេរ ​(​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​) ក្នុងតម្លៃ​សរុប ៩ ៥០១,៧១​ លាន​ដុល្លារ ​ធ្លាក់ចុះ ១០,៤៤ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ទឹកប្រាក់ ១០ ៦០៩,៨៦​ លាន​ដុល្លារ​៕​