ភ្នំពេញៈ ការប្រមូល​ចំណូល​ពន្ធ​នៅ​កម្ពុជា រយៈពេល​ ៩ ​ខែ ដើមឆ្នាំ​ ២០២០ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជាង ៣,៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទិន្នន័យ​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កាលពី​សប្តាហ៍​មុន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន​ទាំង​ ២ ប្រមូល​ចំណូល​បាន ៣ ៨១០,១៩ ​លាន​ដុល្លារ ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ចំណូល​ពន្ធគយ ១ ៦៩៩,១ ​លាន​ដុល្លារ ថយចុះ ៦,៨ ភាគរយ​។ ចំណែក​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន ២ ១១១,០៩ ​លាន​ដុល្លារ ថយ ៦,០៥ ​ភាគរយ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៧ ខែតុលា​ថា ការធ្លាក់ចុះ​ចំណូល​ពន្ធ​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ខាងលើ គឺអាច​បណ្តាល​មកពី​ការបិទ​ប្រភេទ​អាជីវកម្ម​មួយចំនួន​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងន័យ​ទប់ស្កាត់ ឬ​កាត់ផ្តាច់​ប្រភព​ចម្លងជំងឺ​កូវីដ ១៩ ក្នុង​សហគមន៍​។ ការបិទ​សកម្មភាព​អាជីវកម្ម​ធ្វើឱ្យ​ការទិញ លក់ ធ្លាក់ចុះ ដូច្នេះ​ការប្រមូល​ចំណូល​ពន្ធ​សុទ្ធតែ​ធ្លាក់ចុះ​ដូចៗ​គ្នា​។

លោក​បន្តថា​៖ «​ការធ្លាក់ចុះ​ចំណូល​របស់​រដ្ឋ​ក្នុងពេល​ខាងលើ ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែលមាន​ការឆ្លង​រាលដាល​កូវីដ​ ១៩ ច្រើន ហេតុនេះ សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​ក៏បាន​ធ្លាក់ចុះ​ទៅតាម​នោះដែរ​»​។

លោក​លើកឡើងថា ទោះយ៉ាងណា បន្ទាប់ពី​ការខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង លោក​សង្កេតឃើញ សកម្មភាព​សេដ្ឋកិច្ច​បានចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​បណ្តើរៗ​ហើយ​។

បន្ថែម​ពីលើ​នេះ សេចក្តី​ជូន​ដំណឹង​ស្តីពី​ «​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធាន​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា​សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​» កាលពី​ថ្ងៃទី​ ១៦ ខែតុលា ក៏​នឹង​ចូលរួម​ចំណែក​ក្នុង​ការទាក់ទាញ​ឱ្យ​ក្រុម​អ្នកវិនិយោគ​បរទេស​ចូល​មក​ស្វែ​ករក​ឱកាស​វិនិយោគ​កាន់តែច្រើន​។

លោក​បញ្ជាក់ថា​៖ «​សកម្មភាព​អាជីវកម្ម​នៅ​កម្ពុជា​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ហើយ​។ ការបន្ទូរ​បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក​នឹង​ជួយ​សម្រួល​ឱ្យ​ក្រុម​វិនិយោគិន​កាន់តែ​ច្រើន​ធ្វើ​ដំណើរ​មក​កម្ពុជា​។ កំណើន​នៃ​ការវិនិយោគ នឹងមិន​ត្រឹមតែ​បង្កើត​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឱ្យ​រដ្ឋ​ប្រមូល​ចំណូល​បាន​កាន់តែច្រើន​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​និយាយថា ការធ្លាក់ចុះ​ប្រាក់ចំណូល​ពន្ធ​នេះ​វា​អាច​បណ្តាលមកពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការធ្លាក់ចុះ​បរិមាណ​នាំចេញ-នាំចូល​, ការចុះ​សកម្មភាព​អាជីវកម្ម​, ការលើកលែង​ពន្ធ​របស់​រដ្ឋាភិបាល​ឱ្យ​អាជីវកម្ម​មួយចំនួន​, ការធ្វើ​បច្ចុប្បន្នភាព​ប្រភេទ និង​ទំហំ​អាជីវកម្ម​នៅ​មិនទាន់មាន​ភាពសុក្រឹត​, និង​ឥរិយាបថ​ក្នុង​ការបង់ពន្ធ​ពី​សំណាក់​អ្នក​ជាប់​កាតព្វកិច្ច​ពន្ធ​នៅ​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​ការប្រកាស​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​នឹង​ជួយ​ធ្វើឱ្យ​ប្រាក់ចំណូល​ពន្ធ​នៅ​កម្ពុជា​កើនឡើង​វិញ​ជាមិនខាន​៕ LA

វីដេអូ៖