ភ្នំពេញៈ ទោះបីជា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ការផ្ទុះ​នៅក្នុង​សហគមន៍ និង​មាន​ការបិទខ្ទប់​តំបន់​ខ្លះ​រយៈពេល​ខ្លី​កន្លងមក បាន​រំខាន​ដល់​ខ្សែចង្វាក់​ផលិតកម្ម ក៏​ការនាំចេញ​ផលិតផល​កាត់ដេរ​ពី​កម្ពុជា​សម្រេចបាន​តម្លៃ​សរុប​ជាង ៨,២ ​ពាន់​លាន​ដុល្លារ​នា​រយៈពេល ៩ ​ខែ ឆ្នាំ ២០២១ កើនឡើង​ជាង​ ១១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

បើ​យោងតាម​ការកត់ត្រា​របស់​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ការនាំចេញ​ផលិតផល​កាត់ដេរ​ចាប់ពី​ខែ​មករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ បាន​ទឹកប្រាក់​សរុប ៨ ២៤១,៧ លាន​ដុល្លារ កើន​ប្រមាណ ៨៤៣,៤ ​លាន​ដុល្លារ ស្មើនឹង ១១,៤​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទោះបី​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ការបញ្ជាទិញ​ផលិតផល​កាត់ដេរ​មិនបាន​ធ្លាក់ចុះ​នោះទេ ពិសេស​ការទទួល​បាន​ចំណែក​ទីផ្សារ​ពី​ប្រទេស​ផលិត​មួយចំនួន​ដែល​កំពុង​ជួប​បញ្ហា​ដោយសារ​បញ្ហានយោបាយ និង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​ប្រាប់ថា​៖ «​ឆ្នាំនេះ​យើង​សំណាង​ដោយ​ទទួលបាន​ការបញ្ជាទិញ​មួយចំនួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​។ យើង​នឹងមាន​កំណើន​កាន់តែ​ច្រើន បើ​មិនមាន​ព្រឹត្តិការណ៍ ២០ ​កុម្ភៈ​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​លើកឡើង​ថា កំណើន​ការនាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ខណៈ​ប្រទេស​ដទៃទៀត​កំពុង​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​និយាយថា​៖ «​ខ្ញុំ​សង្កេតឃើញថា កំណើន​នេះ គឺ​ពិតជា​ឆ្លុះបញ្ចាំង​យ៉ាង​ល្អ​ដែល​បាន​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​។ កម្ពុជា​នៅតែ​ជាទី​កន្លែង​វិនិយោគ​ដ៏ទាក់ទាញ​នៅក្នុង​តំបន់ ដោយសារ​តែ​រដ្ឋាភិបាល​កំពុងធ្វើការ​កែទម្រង់​សេដ្ឋកិច្ច ដូចជា​បើក​ទីផ្សារ​ថ្មីៗ​ក្នុង​តំបន់​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ការដាក់ចេញ​នូវ​ច្បាប់​វិនិយោគ​ថ្មី និង​ការចុះបញ្ជី​តាម​អេឡិចត្រូនិក ដែល​ក៏​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ និង​ការសម្រួល​ពាណិជ្ជកម្ម​នានា​»​។

លោក​បន្ថែមថា រដ្ឋាភិបាល​កំពុង​ខំ​សម្រួល​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​ក្នុងស្រុក​ដើម្បី​ធ្វើយ៉ាងណា​ផ្តល់ឱ្យ​ធុរជន និង​អ្នកវិនិយោគ​នូវ​ទំនុកចិត្ត ស្រប​ពេលដែល​ការបើក​ទីផ្សារ​ថ្មីៗ ជាពិសេស​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន កូរ៉េខាងត្បូង និង​ប្រទេស​ផ្សេងៗ​ទៀត​នឹង​រឹតតែ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​វិនិយោគ​ដ៏ល្អ​។ លោក​លើកឡើង​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ភាពល្អប្រសើរ​ឡើង​នៃ​ការនាំចេញ​ផលិតផល​កាត់ដេរ​នេះ បង្ហាញ​ឱ្យ​យើង​ឃើញច្បាស់​ថា ប្រទេស​យើង​គឺ​នៅតែ​អាចធ្វើ​ការនាំចេញ​បាន​ទោះបី​មានការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​បើ​យើង​ក្រឡេក​មើលទៅ​ប្រទេស​មួយចំនួន​ការនាំចេញ​ដូច​យើង គឺ​ធ្លាក់ចុះ​»៕ LA