ភ្នំពេញៈ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ពិសេស​ក្នុង​ខេត្តសៀមរាប​រំពឹងថា នឹង​ទទួល​បាន​សញ្ញា​វិជ្ជមាន​ឡើងវិញ​ជាបណ្តើរៗ ខណៈ​ក្រសួង​ទេសចរណ៍ គ្រោង​នឹង​ប្រកាស​ជា​ផ្លូវការ​ដាក់ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ២០២១-២០៣៥ នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងទេសចរណ៍​។

ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា នៅ​ថ្ងៃទី​ ២០ ខែតុលា ខាងមុខ​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ នឹងធ្វើ​ឡើងជា​ផ្លូវការ​តាមរយៈ​ប្រព័ន្ធ​អនឡាញ ដោយ​មាន​ការចូលរួម​របស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​ ២០២១-២០៣៥ ត្រូវបាន​រដ្ឋាភិបាល អនុម័ត​កាលពី​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២១​។

កន្លងមក​ក្រសួងទេសចរណ៍​បាន​លើកឡើងថា តាមរយៈ​ផែនការ​មេនេះ ខេត្តសៀមរាប​រំពឹង​នឹង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន ១០,៩ លាន​នាក់​នៅ​ឆ្នាំ​ ២០២៣ និង​ភ្ញៀវទេសចរ​អន្តរជាតិ ៧,៥ លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​។ តាមរយៈ​នេះ​រដ្ឋាភិបាល​ក៏​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន ៩៤ ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប ប្រមាណ ៦ ពាន់​លាន​ដុល្លារ​។

ផែនការ​មេនេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ​ ២០៣៥ តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​ដូចជា ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត​, ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​, ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ​, ការពង្រឹង​គុណភាព និង​និរន្តរភាព​, ការគ្រប់គ្រង​បរិស្ថាន​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍​, និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។

បន្ថែម​លើ​នេះ ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ១៦ ខែតុលា ក៏បាន​ចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​លេខ ៤៥៣ ស.ខ.ល ស្តីពី​ «​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធាន​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា​សម្រាប់​អ្នក​ដំណើរ​ចូលមក​កម្ពុជា​ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដែល​ខ្លឹម​សារលិខិត​នេះ នឹង​អនុញ្ញាតឱ្យ​អ្នកវិនិយោគ និង​អ្នកជំនាញ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ចូលមក​កម្ពុជា ធ្វើ​ចត្តាឡីស័ក ត្រឹម​រយៈពេល​ ៣ ​ថ្ងៃ ចំណែក​ជនជាតិខ្មែរ និង​ជនបរទេស​ទូទៅ ត្រូវធ្វើ​ចត្តាឡីស័ក ៧ ​ថ្ងៃ​។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៏អិចប្រេស ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ១៧ ខែតុលា ថា ផែនការមេ នេះ​គឺជា​ការលើក​ទឹកចិត្ត​ចំពោះ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ពិសេស​ក្នុង​ខេត្តសៀមរាប ដែល​នឹង​អាច​ទទួលបាន​ភ្ញៀវ​ចូលមក​កម្សាន្ត​ក្នុងពេល​ឆាប់ៗ​។ ម្យ៉ាងទៀត ការដាក់ចេញ​នូវ​គោលការណ៍​ថ្មី​របស់​ក្រសួង​ទាក់ទង​នឹង​ការកាត់បន្ថយ​រយៈពេល​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ រួចរាល់ ក៏​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​បន្ថែម​សម្រាប់​ការស្រូប​ទាញ​ភ្ញៀវទេសចរ​ឱ្យ​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ទាំងនេះ​សុទ្ធតែជា​ចំណុច​ល្អ​សម្រាប់​ការចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន បាន​និយាយថា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប និង​ការកាត់បន្ថយ ចំនួន​ថ្ងៃ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវទេសចរ​ចូលមក​កម្ពុជា​នឹង​ផ្តល់​ភាពវិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​បាន ១ ​ផ្នែក ខណៈ​ស្ថានភាព​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ដែល​បាន​អូសបន្លាយ​ជិត​ ២ ​ឆ្នាំ​មកនេះ បានធ្វើឱ្យ​វិស័យនេះ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​។

លោក​បន្ថែមថា កូវីដ​ ១៩ មិន​ត្រឹមតែ​ធ្វើឱ្យ​បាត់​ចំណូល​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្នែក​ផ្សេងៗ​ក៏​រង​ផលប៉ះពាល់​ដែរ​។ ក្តីបារម្ភ​ពី​សុវត្ថិភាព​ធ្វើដំណើរ និង​កត្តាសេដ្ឋកិច្ច​កំពុង​បន្ត​កើតមាន​ព្រម​គ្នា​។

លោក​លើកឡើង​ថា​៖ «​ដើម្បី​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេសចរ​បរទេស គឺ​ទាមទារ​ឱ្យ​អាជ្ញាធរ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​លើកទឹកចិត្ត និង​ការសម្របសម្រួល​បន្ថែម​ទៀត​»​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា រយៈពេល ៧ ​ខែ​ដើមឆ្នាំ​ ២០២១ ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​មាន​ចំនួន ១១២ ៥៤៤ ​នាក់ ធ្លាក់ចុះ ៩០,៦ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០៕ LA

វីដេអូ៖