អតិថិជន ២ រូប​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អម្រឹត បាន​ចែក​រំលែក​អំពី​រឿងរ៉ាវ​ជោគ​ជ័យ​របស់​ពួក​គាត់ ក្នុង​ការ​វិវឌ្ឍន៍​ខ្លួន​ពី​កសិករ​បែប​ប្រពៃណី​ទៅ​ជា​កសិ​សហគ្រិនស្រ្តី​ឈាន​មុខ​នៅ​ក្នុង​សហ​គមន៍។ រឿងរ៉ាវ​របស់​ពួក​គាត់​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ដ៏​មាន​ឥទ្ធិពល ដែល​បង្ហាញ​ពី​លទ្ធភាព​របស់​ស្ត្រី​ក្នុង​ការ​ដើរ​តួនាទី​កាន់​តែ​សំខាន់​នៅ​ក្នុង​អាជីវកម្ម​គ្រួសារ​និង​ដើម្បី​លើក​កម្ពស់​សហគមន៍​របស់​ខ្លួន។

បងស្រី ឡោ ភ័ក្រ (រូបថត​ខាង​លើ)

១/ ក្នុង​នាម​ជា​កសិសហគ្រិន សូម​បង​ស្រី​រៀប​រាប់​បន្ថែម​អំពី​អាជីវកម្ម​របស់​បង!

បងស្រី ឡោ ភ័ក្រ៖ បច្ចុប្បន្ន​ខ្ញុំ​គ្រប់​គ្រង​អាជីវកម្ម​មួយ នៅ​ស្រុក ជើងព្រៃ ខេត្ត​កំពង់ចាម ដោយ​ផ្តោត​លើ​ការ​ផ្តល់​ជូន​សេវាកម្ម​ច្រូត​កាត់​ដោយ​ប្រើ​ម៉ាស៊ីន​ទំនើប​ដើម្បី​ជួយ​កសិករ​មូលដ្ឋាន​អំឡុង​រដូវ​ប្រមូល​ផល។ លើស​ពី​នេះ​ខ្ញុំ​មាន​ដី​ស្រែ​ចំនួន ៥៧ ហិកតា​ដែល​ផ្ដល់​ទិន្នផល​ប្រចាំ​ឆ្នាំ​ជាង ៤០០ តោន ដើម្បី​ជួយ​គាំទ្រ​ដល់​ទីផ្សារ​ក្នុង​ស្រុក។

២/ តើ​បងស្រី​អាច​រៀប​រាប់​ត្រួសៗ​អំពី​ដំណើរ​វិវឌ្ឍន៍​ខ្លួន​របស់​បងស្រី​ទៅ​ជា​កសិសហគ្រិន​បាន​ទេ?

បងស្រីឡោ ភ័ក្រ៖ ដោយ​បាន​ធំធាត់​នៅ​ក្នុង​គ្រួសារ​កសិករ ខ្ញុំ​ចង់​ចូល​រួម​ចំណែក​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ។ គិត​ឃើញ​បែប​នេះ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​អាជីវកម្ម​ផ្នែក​កសិកម្ម​ខ្នាត​តូច​មួយ​នៅ​ឆ្នាំ ២០១៧ ជាមួយ​នឹង​ការ​វិនិយោគ​ដំបូង​លើ​ម៉ាស៊ីន​ច្រូត​ស្រូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​រដូវ​ប្រមូល​ផល​ខ្ពស់។ ការ​ផ្ដល់​សេវាកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ផលិតភាព​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ឆាប់​រហ័ស​ក្នុង​ចំណោម​កសិករ​មូលដ្ឋាន ពីព្រោះ​វា​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​កម្លាំង​ពលកម្ម និង លុប​បំបាត់​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​គុណភាព​ស្រូវ​ដោយ​សារ​ការ​ពន្យារ​ពេល​ប្រមូល​ផល។

តម្រូវ​ការ​សេវាកម្ម​ច្រូត​កាត់​នេះ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ខណៈ​កសិករ​កាន់​តែ​ច្រើន​បាន​ផ្លាស់​ប្តូរ​ពី​ការ​ច្រូត​កាត់​បែប​ប្រពៃណី​ទៅ​រក​ការ​ប្រើប្រាស់​ម៉ាស៊ីន​ច្រូត​កាត់​ទំនើប ដែល​អាជីវកម្ម​របស់​ខ្ញុំ​ផ្តល់​ជូន។ ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​នេះ ខ្ញុំ​បាន​ទិញ​ម៉ាស៊ីន​ច្រូត​ស្រូវ​មួយ​ទៀត​ហើយ​អាច​បង្កើន​សមត្ថភាព​ទ្វេ​ដង ដែល​អាច​ច្រូត​កាត់​លើ​ផ្ទៃ​ដី​ស្រែ​ជាង ៤០០ ហិកតា​ក្នុង​មួយ​រដូវ។ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​ ខ្ញុំ​មាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់​ខ្ញុំ​ទៅ​ដល់​កសិករ​លក្ខណៈ​គ្រួសារ​ឱ្យ​កាន់​តែ​ពេញ​ទំហឹង​ជាង​មុន ទាំង​នៅ​ក្នុង​សហគមន៍​ខ្ញុំ​ផ្ទាល់ និង​តំបន់​ដទៃ​ទៀត។

ការ​ដាក់​បញ្ចូល​គ្រឿង​យន្ត​ក្នុង​ដំណើរការ​បង្ក​បង្កើន​ផល​ស្រូវ ពិត​ជា​បាន​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កសិករ​លក្ខណៈ​គ្រួសារ​ហើយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​សហគមន៍​របស់​យើង។ បច្ចុប្បន្ន កសិករ​ក្នុង​តំបន់​កាន់​តែ​មាន​ឆន្ទៈ​ក្នុងការ​វិនិយោគ​លើ​ដី​ស្រែ​ខ្នាត​ធំ​ដែល​ទាមទារ​ឱ្យ​មាន​ដំណោះ​ស្រាយ​កសិកម្ម​ទំនើប​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ចំណាយ​តិច និង​ចំណេញ​ពេល​វេលា។ លើស​ពី​នេះ​ទៀត វា​ជួយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​កសិករ​លក្ខណៈ​ប្រពៃណី​ឱ្យ​ដើរ​តួនាទី​កាន់​តែ​សំខាន់​នៅ​ក្នុង​សង្គម​ដោយ​ជួយ​ដល់​ដំណើរ​ការ​វិវឌ្ឍន៍​របស់​ពួកគេ ទៅ​ជា​កសិសហគ្រិន។

ប្អូនស្រី អ៊ី សុខនាត

ប្អូនស្រី អ៊ី សុខនាត ជា​កសិសហគ្រិន អាយុ ២៧​ឆ្នាំ និង ជា​ម្ចាស់​ដី​ស្រែនៅ​ស្រុក ជើងព្រៃ ខេត្ត​កំពង់ចាម

១/ ក្នុង​នាម​ជា​កសិសហគ្រិន សូម​ប្អូន​ស្រី​រៀប​រាប់​បន្ថែម​អំពី​អាជីវកម្ម​របស់​ប្អូន!

ប្អូនស្រី អ៊ី​ សុខនាត៖ ក្រៅ​ពី​ធ្វើស្រែ​តូច​មួយ​នៅ​ស្រុក​ជើងព្រៃ ខ្ញុំ​មាន​អាជីវកម្ម​មួយ​ទៀត ដែល​ផ្តល់​នូវ​សេវាកម្ម​ភ្ជួរ​រាស់​ដោយ​ប្រើ​គ្រឿង​យន្ត​និង​សេវាកម្ម​ចាក់​បំពេញ​ដី​សម្រាប់​កសិករ​លក្ខណៈ​គ្រួសារ​ទាំង​នៅ​ក្នុង​ភូមិ​និង​តំបន់​ជុំវិញ។

២/ តើ​ប្អូន​ស្រី​អាច​រៀប​រាប់​ត្រួសៗ អំពី​ដំណើរ​វិវឌ្ឍន៍​ខ្លួន​របស់​ប្អូន​ស្រី​ទៅ​ជា​កសិសហគ្រិន​បាន​ទេ?

ប្អូនស្រី អ៊ី សុខនាត៖ ដើម្បី​ក្លាយ​ខ្លួន​ជា​សហគ្រិន​មួយ​រូប គឺ​តម្រូវ​ឱ្យ​មាន​ភាព​ច្នៃ​ប្រឌិត​និង​មាន​ឆន្ទៈ​ក្នុង​ការ​ទាញ​យក​ឱកាស​ដែល​មាន។ ដំបូង​ឡើយ ខ្ញុំ​មាន​ដី​ស្រែ​តែ​មួយ​ហិកតា​ប៉ុណ្ណោះ​ដែល​ផ្តល់​​ប្រាក់​ចំណូល​តិច​តួច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​ខ្ញុំ។ ទោះ​បី​ប្រឈម​ការ​លំបាក​យ៉ាង​ណា​ក្តី ក៏​ខ្ញុំ​ខិតខំ​សន្សំ​ប្រាក់​រហូត​មាន​លទ្ធភាព​ទិញ​ត្រាក់ទ័រ​ខ្នាត​មធ្យម​មួយ​គ្រឿង ហើយ​ឆ្លៀត​ឱកាស​ចាប់​ផ្តើម​ផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​នៅ​ឆ្នាំ ២០១៨។

អាជីវកម្ម​បាន​ចាប់​ផ្តើម​មាន​ដំណើរការ​យ៉ាង​ល្អ ដោយ​ខ្ញុំ​បាន​ផ្តល់​សេវាកម្ម​ភ្ជួរ​រាស់ដី​ស្រែ​ជាង ៥០ ហិកតា ក្នុង​មួយ​រដូវ ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​បន្តិច​ម្តងៗ ដោយសារ​ដៃគូ​ប្រកួត​ប្រជែង​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់។ ថ្វី​ត្បិត​តែ​អាជីវកម្ម​ភ្ជួរ​រាស់​ហាក់​មិន​មាន​និរន្តរភាព ប៉ុន្តែ​វា​គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជា​ទុន​ទៅ​ថ្ងៃ​អនាគត​របស់​ខ្ញុំ​និង​ជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ដ៏​ជោគជ័យ​របស់​ខ្ញុំ​ក្នុង​នាម​ជា​សហគ្រិន​ម្នាក់។

នៅ​ឆ្នាំ ២០១៩ ខ្ញុំ​បាន​ស្នើ​សុំ​កម្ចី​អាជីវកម្ម​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត ដើម្បី​មាន​ដើម​ទុន​យក​ទៅ​ទិញ​ឡាន​ដឹក​ដី​ធុន​មធ្យម​មួយ​គ្រឿង ដែល​ជា​ការ​វិនិយោគ​ដំបូង​របស់​ខ្ញុំ។​ ការ​ស្វែង​រក​អតិថិជន​មិន​ជា​បញ្ហា​ចោទ​ទេ​ដោយសារ​ខ្ញុំ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន​របស់​ខ្ញុំ​ពី​មុន។

វា​រីក​ចម្រើន​លឿន​ជាង​អ្វី​ដែល​ខ្ញុំ​រំពឹង​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ថវិការ​កាន់​តែ​ច្រើន​ដើម្បី​ទិញ​ឧបករណ៍​បន្ថែម។ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មាន​ឡាន​ដឹក​ដី​ចំនួន ២ គ្រឿង​និង​ត្រាក់ទ័រ​ចំនួន ២ គ្រឿង​រួម​ជាមួយ​រថយន្ត​ដឹក​ដី​ចំនួន ១០ គ្រឿង​ផ្សេង​ទៀត​របស់​អ្នក​ម៉ៅការ​ឯកជន​ដែល​ធ្វើ​ការ​ជាមួយ​ខ្ញុំ។ ជា​មធ្យម​ខ្ញុំ​ដឹក​ដី​ជាង ២០០ ម៉ែត្រ​គូប​ជា​រៀងរាល់​ថ្ងៃ​សម្រាប់​កសិករ​ទាំង​នៅ​ក្នុង​មូលដ្ឋាន​និង​តំបន់​ជុំវិញ។

ត្រឹម​តែ ៣ ឆ្នាំ​ប៉ុណ្ណោះ ខ្ញុំ​បាន​ផ្លាស់ប្តូរ​ខ្លួនឯង​ពី​កសិករ​បែប​ប្រពៃណី​ទៅ​ជា​កសិសហគ្រិន​ឈាន​មុខ​មួយ​រូប​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ។ ភាព​ជោគ​ជ័យ​របស់​ខ្ញុំ​នឹង​មិន​អាច​ទៅ​រួច​ឡើយ បើ​គ្មាន​ភាព​ក្លាហាន​វិន័យ​និង​ការ​សម្រេច​ចិត្ត​ដើម្បី​ចាប់​យក​ឱកាស​ដែល​មាន៕