សិង្ហបុរីៈ អ្នកដំណើរ​ដែល​ចាក់​វ៉ាក់សាំង​ពេញលេញ​ពី​ប្រទេស​ ៨ ​នឹងមាន​លទ្ធភាព​ចូលទៅ​ប្រទេស​សិង្ហបុរី​ដោយ​គ្មាន​ការធ្វើ​ចត្តាឡីស័ក​ចាប់​ពីថ្ងៃ​អង្គារ ខណៈ​ប្រទេស​ជា​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​បន្ធូរបន្ថយ​ការរឹតត្បិត​ និង​ពន្លឿន​ការរស់នៅ​ជាមួយ​កូវីដ​។

ប្រទេស​សិង្ហបុរី​ដំបូង​ឡើយ ប្រយុទ្ធ​ការរីករាលដាល​ជំងឺ​នេះ​ដោយ​ការបិទ​ព្រំដែន បិទ​ចរាចរណ៍​យ៉ាង​តឹងរឹង និង​ការតាមដាន​វីរុស​ដ៏ម៉ត់ចត់ ប៉ុន្តែ​ដោយមាន​ប្រជាជន​ជាង​ ៨០ ​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ អាជ្ញាធរ​នៃ​ប្រទេស​ដែល​ជា​មជ្ឈមណ្ឌល​អាកាសចរណ៍​សកល​នេះ​ប្រញាប់​កែប្រែ​ស្ថានភាព​សេដ្ឋកិច្ច​វិញ​។

ប្រទេស​សិង្ហបុរី​បាន​បើក​ការធ្វើ​ដំណើរ​ទៅដល់​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ពេញលេញ​ពី​ប្រទេស​ប្រ៊ុយណេ និង​អាល្លឺម៉ង់​ក្នុង​ខែកញ្ញា និង បាន​ពង្រីក​កម្មវិធី​នេះ​ចាប់​ពីថ្ងៃ​អង្គារ​ទៅ​ប្រទេស​ ៨ ​ផ្សេងទៀត​មាន​ប្រទេស​អង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ អេស្ប៉ាញ និង សហរដ្ឋអាមេរិក​។

ការបើក​ការធ្វើដំណើរ​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១៥ ​ខែវិច្ឆិកា​។

ស្ថិតក្រោម​គោលនយោបាយ​នេះ អ្នកដំណើរ​នឹងមិន​ត្រូវធ្វើ​ចត្តាឡីស័ក ប្រសិនបើ​ពួកគេ​ចាក់​វ៉ាក់សាំង​ពេញលេញ និង​ធ្វើតេស្ត​អវិជ្ជមាន​សម្រាប់​រក​វីរុស​កូរ៉ូណា មុនគេ​ចាកចេញ​ពី​ប្រទេស​ និង​ទៅដល់​គោលដៅ​។

នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong បាន​និយាយ​កាលពី​ថ្ងៃទី​ ៩ ​ខែតុលា​ ពេល​ដែល​គាត់​ប្រកាស​នូវ​ក្បួន​វិធានការ​ក្រោម​ «​ការរស់នៅ​ជាមួយ​កូវីដ​ ១៩» ​ថា​៖ «​សិង្ហបុរី​មិនអាច​រស់នៅ​បិទ​ជិតឈឹង​បែបនេះ​ទេ​»​។

លោក Lee បាន​ចង្អុលបង្ហាញ​ចំពោះ​វីរុស​បំប្លែង​ Delta ជា​កត្តា​មួយ​។

លោក​និយាយ​ថា​៖ «​វីរុស​បំប្លែង Delta គឺ​ឆ្លង​ខ្ពស់​ណាស់ ហើយ​រីកសាយភាយ​លឿន​ទៅ​ទូទាំង​ពិភពលោក​។ សូម្បី​ប្រជាជន​ទាំងអស់​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ យើង​នឹង​នៅតែ​មិនអាច​លុបបំបាត់​វា​បានទេ​»​។

លោក​បញ្ជាក់ថា​៖ «​ស្ទើរតែ​គ្រប់​ប្រទេស​ទទួលស្គាល់​រឿងនេះ​ថា​ជា​ការពិត​»​។

ក្រៅពី​ការផ្តោត​លើ​ការថែទាំ​នៅតាម​ផ្ទះ ចំពោះ​ករណី​ក្នុងស្រុក​ដែល​មិនមាន​រោគសញ្ញា លោក Lee បាន​និយាយថា​សិង្ហបុរី​ត្រូវ​ការបន្ត​ការធ្វើ​ដំណើរ​អន្តរជាតិ​៕ RR