ភ្នំពេញៈ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា Cambodia Agricultural Cooperation Alliance (CACA) ​រួម​នឹង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) បានធ្វើ​ពិធី​ចុះហត្ថលេខា​រួមគ្នា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​គោលបំណង​ ដើម្បី​លើកកម្ពស់​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ ចំណេះដឹង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​សម្រាប់​វិស័យ​កសិកម្ម​។

ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​សប្តាហ៍​មុន​តាម​ប្រព័ន្ធ​អនឡាញ​។

លោក គា បូរាណ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​និយាយថា ការសហការ​នៃ​ស្ថាប័ន​ទាំង​ ២ ​នឹង​រួមចំណែក​ ដើម្បី​ធ្វើឱ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទទួល​បាន​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ និង​ប្រកបដោយ​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​អនុស្សរណៈ​នេះ​មាន​គោលបំណង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​នៃ​ស្ថាប័ន​ទាំង​ ២ តាមរយៈ​ការបញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​ដល់​សមាជិក​សហគមន៍ ការសិក្សា​ស្រាវជ្រាវ ការអនុវត្ត​គម្រោង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​ទាំង​ ២ និង​ជំរុញ​ឱ្យមាន​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​និរន្តរភាព​»​។

ចំណែក​លោក ហង់ សុគន្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា​បាន​ឱ្យដឹងថា ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកប​ដោយ​ភាពរឹងមាំ និង​និរន្តរភាព គឺ​ទាមទារ​ឱ្យ​អ្នកពាក់ព័ន្ធ​ត្រូវ​យល់ដឹង​ពី​សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​ច្បាស់លាស់ ព្រោះ​សេវា​ហិរញ្ញវត្ថុ នឹង​អាចជួយ​ទ្រទ្រង់​វិស័យនេះ​ឱ្យ​រីកចម្រើន​បាន​ឆាប់រហ័ស​។

លោក​បន្តថា​៖ «​ពិតណាស់​យើង​ត្រូវ​អភិវឌ្ឍ​តាមរយៈ​ការពង្រឹង​សមត្ថភាព​ដល់​សហគមន៍​កសិកម្ម និង​សហភាព​សហគមន៍​កសិកម្ម​នឹង​ត្រូវការ​ការចូលរួម​ជា​ចាំបាច់​ពី​ភាគី​ពាក់ព័ន្ធ ពិសេស​ពី​វិស័យ​ហិរញ្ញវត្ថុ​»​។

លោក ស្រ៊ុន សុខុម អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​បាន​កោតសរសើរ​ចំពោះ​ការចុះ​អនុស្សរណៈ​នេះ ដោយ​លោក​បាន​និយាយថា​៖ «​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺជា​ការឆ្លើយតប​ទៅនឹង​អភិក្រម​នៃ​ភាពជា​ដៃគូ ព្រមទាំង​ចូលរួមចំណែក​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅក្នុង​វិស័យ​កសិកម្ម ពិសេស​សម្រាប់​គ្រួសារ​កសិករ​នៅ​ជនបទ​នៃ​ប្រទេស​កម្ពុជា​»៕ LA