ដើម្បី​គាំទ្រ​ដល់​សហគមន៍ និង​ដើម្បី​ជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ពី​ការរាតត្បាតនៃ​ជំងឺ​កូវីដ​ ១៩ ធនាគារ វីង (​ខេមបូឌា) ម.ក និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ម.ក កាលពី​ថ្ងៃទី​ ១៨ ខែ តុលា ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ដើម្បី​ផ្តល់​ឥណទាន​ ដែល​មាន​អត្រា​ការប្រាក់​សមរម្យ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា តាមរយៈ​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២​។

គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ១ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០២០ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​មាន​គោលបំណង​ផ្តល់​ឥណទាន​ដែលមាន​ការប្រាក់​សមរម្យ​តាម​លក្ខខណ្ឌ​អនុគ្រោះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​បំពេញ​តម្រូវការ​ក្នុងស្រុក និង​ជា​ធាតុ​ចូលទៅក្នុង​ផលិតកម្ម​នៃ​សហគ្រាស​ធំៗ​។

លោក ហាន ប៉េងក្វាង អគ្គនាយក​នៃ​ធនាគារ​វីង បាន​មានប្រសាសន៍​ថា​៖ «​ភាពជា​ដៃគូ​នេះ​នឹង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ចកម្ពុជា​ដែល​ត្រូវបាន​​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តល់នូវ​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ និង​ជួយ​បន្ធូរបន្ថយ​បន្ទុក​ដល់​ម្ចាស់​អាជីវកម្ម​ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​»​។

សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូចជា​អាជីវកម្ម​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក​ទាំងមូល​ដែរ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ​តាមរយៈ​ភាពជា​ដៃគូ​របស់​ធនាគារ​ វីង ​និង​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ម.ក ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​អាច​ទទួលបាន​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​សមរម្យ តាមរយៈ​ធនាគារ​ វីង ភ្នាក់ងារ ​វីង នៅ​ទូទាំងប្រទេស​កម្ពុជា និង​កម្មវិធី​ស្មាតហ្វូន​ វីង ​ដែល​ជួយ​សន្សំ​ពេលវេលា​ និង​ថ្លៃ​ធ្វើដំណើរ​របស់​ពួកគេ​។

លោក លឹម អូន អគ្គនាយក​នៃ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ម.ក បាន​មានប្រសាសន៍​ថា​៖ «​ភាពជា​ដៃគូ​ដែល​បាន​បង្កើតឡើង​នៅថ្ងៃនេះ នឹង​ជួយ​ពង្រីក​ការគាំទ្រ​ដល់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​បន្ថែមទៀត​តាមរយៈ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​បែប​ឌីជីថល​នៃ​ធនាគារ​ វីង​។

សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​នឹង​អាច​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល​ជាង​ពេលមុន​»​។

ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ម.ក បាន​បើក​ដំណើរការ​នៅ​ឆ្នាំ​ ២០២០ ដែលមាន​បេសកកម្ម​ផ្តល់​ហិរញ្ញប្បទាន និង​សេវាកម្ម​ធនាគារពាណិជ្ជ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក​ក្នុង​គោលបំណង​បង្កើន​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ និង​ពង្រីក​បរិមាណ​នាំចេញ​។

ធនាគារ​ វីង ​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​កម្មវិធី​ស្មាតហ្វូន វីង ​ដែលមាន​មុខងារ​ច្រើនយ៉ាង និង​ភ្នាក់ងារ​ វីង ​ដែលមាន​ជិត ១០ ០០០ ​កន្លែង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​រៀងរាល់ថ្ងៃ​។ គិត​ត្រឹម​ឆ្នាំ​ ២០២០ ធនាគារ​ វីង ​បាននិងកំពុង​ធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាង​ ២ ៤០០ សម្រាប់​សេវាកម្ម​ប្រមូល និង​ទូទាត់​ប្រាក់​៕